អ្នក​ជំងឺ​ចំនួន​២​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ដោយ​សារ​កូវីដ-១៩​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិត ដោយសារ​មានបញ្ហាផ្លូវដង្ហើមនិងសួតធ្ងន់ធ្ងរបណ្ដាលមកពីវីរុសកូវីដ-១៩ ដោយម្នាក់ជាបុគ្គលិកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុស​មួយនេះកើនឡើងដល់២៤នាក់។

សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទាំងពីរនាក់នោះបានស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី០៧ ខែមេសា។

ក្រសួងបន្តថា អ្នកស្លាប់ជាបុរសជនជាតិខ្មែរទាំងពីរនាក់ ដោយម្នាក់មានអាយុ៦៨ឆ្នាំ រស់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានរកឃើញមានជំងឺកូវីដ-១៩​ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ បុរសរូបនេះបានបញ្ជូនទៅដល់មន្ទីរពេទ្យហ្លួងម៉ែ នៅម៉ោង១កន្លះរំលងអធ្រាត្រ ថ្ងៃទី០៧ ខែមេសា ក្នុង​ស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី ដោយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះ​តាមលក្ខណៈបច្ចេកទេស ប៉ុន្តែ​មិនអាចជួយ​​បាន។   

ចំណែកអ្នកស្លាប់ម្នាក់ទៀតមានអាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ និងបានស្លាប់កាលពីថ្ងៃទី០៧ ខែមេសាដែរនោះ បានបញ្ជូនទៅដល់មន្ទីរពេទ្យកាលពីថ្ងៃទី៥ ខែមេសា​ ​ក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ដោយក្រុមគ្រូពេទ្យបាន​ខិតខំ​ព្យាបាល​តាមលក្ខណៈបច្ចេកទេស ​ប៉ុន្តែអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ​ រហូតបណ្តាលឱ្យស្លាប់​​។ ក្រសួងបញ្ជាក់ថា បុរសរូបនេះស្លាប់ព្រោះមានបញ្ហាផ្លូវដង្ហើម​ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹង​របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែមេសា ចំនួន២៥នាក់ ដោយក្នុងនោះក៏មានឈ្មោះ ប៊ុន ទិវា ផងដែរ។

លិខិតនោះបញ្ជាក់ថា លោក ប៊ុន ទិវា មានអាយុ៤៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ ទៀតផង។

សេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យកាល់ម៉ែត្រ បញ្ជាក់ថា លោក ប៊ុន ទិវា ដែលជាអ្នកជំនាញផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ពិតជាបុគ្គលិករបស់ខ្លួនបម្រើការងារនៅផ្នែកមន្ទីរពិសោធន៍ប្រាកដមែន។

សេចក្តីជូនដំណឹងនេះ អះអាងថា លោក ប៊ុន ទិវា បានស្លាប់ពិតប្រាកដមែន កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ កាលពីម្សិលមិញ ប៉ុន្តែស្លាប់ដោយរោគាពាធប៉ុណ្ណោះ។

យ៉ាងណា លិខិតបញ្ជាក់មរណភាពរបស់មន្ទីរពេទ្យហ្លួងម៉ែកាលពីម្សិលមិញ ដែលត្រូវបានចែកចាយលើបណ្តាញសង្គមនៅថ្ងៃនេះឱ្យដឹងថា បុរសមានវ័យ៤៩ឆ្នាំនោះ មានឈ្មោះប៊ុន ទិវា ដែលជាបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត្រ។

លិខិតដដែលបង្ហាញថា តាមរោគវិនិច្ឆ័យពេលចូលសម្រាកពេទ្យ លោក ប៊ុន ទិវា មានបញ្ហារលាកសួតសងខាងធ្ងន់ធ្ងរ។ ប្រភពដដែលថា បើតាមរោគវិនិច្ឆ័យស្លាប់ បញ្ជាក់ថា បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត្ររូបនេះ ខ្សោយសួត​ និងរលាកសួតសងខាងធ្ងន់ធ្ងរ ​ដោយសារវីរុសកូវីដ-១៩។

ចាប់ពីតាំងថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមេសា ​អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើ​នឡើងដល់២ ៤៩៦នាក់ និងស្លាប់​​ចំនួន២៤នាក់។

ដោយឡែក អ្នកឆ្លងជំងឺនេះ​សរុបនៅទូទាំងប្រទេសមានចំនួន៣ ០២៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយ១ ៩១៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន១ ០៨៥នាក់៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ