បុរស​៣​នាក់​នៅ​ខណ្ឌ​សែនសុខ​ដែល​​ចោទ​ថា​ល្មើស​វិធាន​សុខា​ភិបាល​ត្រូវ​បាន​ដោះលែង

បុរសទាំងបីនាក់ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងវិធានការច្បាប់ទប់ស្កាត់កូវីដ-១៩ ក្រោយពេលពួកគេបានជួបជុំគ្នាផឹកស៊ីនៅមុខបន្ទ​​ប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

​បុរស់​៣នាក់​នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែល​ចោទថាល្មើសនឹងវិធានសុខាភិបាលនោះ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញហើយកាលពីម្សិលមិញ ក្រោយពិនិត្យឃើញអង្គហេតុនៃការចោទប្រកាន់មិន​ត្រូវជាប់ពន្ធនាគារឡើយ។

អាជ្ញាធរខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនបុរស៣នាក់ រួមមាន លោក អូន រតនា អាយុ៣៧ឆ្នាំ លោក ហូ រុនមុនី អាយុ៣០ឆ្នាំ និងលោក ហេង សូវីត អាយុ៧២ឆ្នាំ ចោទថា ល្មើសនឹងវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈពួកគេបានជួបជុំគ្នាផឹកស៊ីនៅមុខបន្ទ​​ប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ពីរថ្ងៃបន្ទាប់ បុរសទាំង៣នាក់នោះត្រូវបានមន្ត្រី​នគរបាល​ខណ្ឌសែនសុខ បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានឱ្យដឹងថា បុរសទាំង៣នាក់នោះត្រូវបានដោះលែងវិញហើយកា​ល​ពីម្សិលមិញ ក្រោយពិនិត្យឃើញថា បទល្មើសដែល​សមត្ថកិច្ចចោទនោះ មិនអាច​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារទេ ប៉ុន្តែ​ពួកគេត្រូវពិន័យអន្តរការណ៍។

លោក គុជ គឹមឡុង បញ្ជាក់ថា៖ «ចំពោះបុរស៣នាក់នេះ អង្គហេតុគាត់គឺគាត់ល្មើសនឹងមាត្រា៣ នៃច្បាប់ស្តីពីកូវីដ ហើយទណ្ឌកម្មរបស់ពួកគាត់ យោងតា​មមាត្រា៥ហ្នឹង គាត់មិនត្រូវជាប់ពន្ធនាគារទេ គឺតម្រូវឱ្យមានពិន័យអន្តរការណ៍។ អញ្ចឹងក្រោយពីសាកសួរតាមនីតិវិធីរួច លោកព្រះរាជអាជ្ញារង មុត តារា បានសម្រេចឱ្យក្រសួងសុខាភិបាលមានសមត្ថកិច្ចក្នុងការពិន័យអន្តរការណ៍ ឱ្យពួកគាត់ទាំង៣នាក់ធ្វើកិច្ចសន្យានិងអប់រំ ដើម្បីចូលរួមគោរពវិធានសុខាភិបាលទាំងអស់គ្នា ហើយនិងបានអនុញ្ញាតឱ្យពួកគាត់ទាំង៣នាក់បានត្រឡប់ទៅវិញហើយ»។

អនុក្រឹត្យស្តីពី «វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលរដ្ឋាភិបាលទើបនឹងដាក់ឱ្យប្រើប្រាស់ថ្មីៗនេះ ត្រង់ទោសប្បញ្ញត្តិ ចែងថា៖

«ត្រូវធ្វើការព្រមាន​ ឬណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាពសង្គម។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសដដែល ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ