ស៊ុយអែត​ផ្តល់​​២,៥​លាន​ដុល្លារ​ ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​និង​សេរីភាព​​​បញ្ចេញ​មតិ​​នៅ​​កម្ពុជា​

ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ ឈរនៅក្រៅអគារដើម្បីចាំយកព័ត៌មានក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ«អាស្ត្រាហ្សេនីកា (Astra Zeneca)» នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រទេសស៊ុយអែត បានផ្តល់ថវិកាចំនួន២៣​លាន​ក្រោន ឬស្មើ​ប្រមាណ២,៥​លាន​ដុល្លារអាមេរិក ដើម្បីពង្រឹងការអភិវឌ្ឍប្រព័ន្ធ​ផ្សព្វ​ផ្សាយនិងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។

ការផ្តល់​ថវិកានេះបានធ្វើឡើងតាមរយៈការចុះហត្ថលេខារវាងតំណាង​​​ប្រទេសស៊ុយអែត និងអង្គការយូណេស្កូ លើកិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមគម្រោង​ថ្មីមួយ​ដែលមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនិងសេរីភាពនៃការបញ្ចេញមតិ» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសព័ត៌មាន​រួម​របស់​ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា និងអង្គការ​យូណេស្កូ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះមានរយៈពេល​៣ឆ្នាំ ក្នុងគោលបំណងដើម្បីជំរុញឱ្យមានបរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព សេរី ពហុនិយម និងឯករាជ្យ ដែលនឹងជួយធ្វើឱ្យ​មានភាពប្រសើរឡើងនូវសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មាននោះ​​ថា ការគាំទ្រនេះជាផ្នែកដ៏សំខាន់​មួយនៃកិច្ចសហប្រតិបត្តិការអភិ​វឌ្ឍ​ន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត ជាមួយប្រទេសកម្ពុជា ដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោកបានបន្តដូច្នេះថា៖ «យើងរីករាយដែលធ្វើការជាដៃគូជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ដើម្បីកសាងសមត្ថភាពលើវិស័យប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន និងបង្កើតយន្តការសម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន ហើយការយកចិត្តទុកដាក់ ជាពិសេសនឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានជាស្ត្រីដែលងាយទទួលរង​គ្រោះក្នុងវិជ្ជាជីវៈសារព័ត៌មាន ហើយខ្វះឱកាសស្មើភាពគ្នាក្នុងការទទួលបានការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួននៅក្នុងវិស័យសារព័ត៌មាននេះ»។

ចំណែក តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន​នោះ​ដែរថា តាមរយៈគំនិតផ្តួចផ្តើមនេះនឹងជួយពង្រឹងសេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីនៃការទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជា តាម​រយៈការតស៊ូមតិឱ្យទទួលបានក្របខណ្ឌច្បាប់ ដែលមានលក្ខណៈរឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចពិភាក្សាជាសាធារណៈ និងការជំរុញឱ្យមានបរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពរស់រវើក ដែលនឹងលើកកម្ពស់តម្លៃប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបញ្ជាក់​ថា៖ «ដោយផ្តោតលើសសរស្តម្ភ ដើម្បីសន្តិភាព យុត្តិធម៌ និងបរិយាបន្ន នៃរបៀបវារៈឆ្នាំ២០៣០ គម្រោងនេះបានចូលរួមចំណែកដោយផ្ទាល់ ដោយឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ដែលផ្តោតលើការជំរុញឱ្យមានគណនេយ្យភាពរបស់រដ្ឋាភិបាល ការកសាងនីតិរដ្ឋ និងការរក្សាសន្តិភាព និងជាពិសេស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ទី​១៦​ ចំណុច​១០ ដែ​លមានគោលបំណងធានាឱ្យមានការទទួលបានព័ត៌មានជាសាធារណៈ និងការពារសេរីភាពមូលដ្ឋាន ដោយស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ»។

លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានស្វាគមន៍ចំពោះជំនួយរបស់ប្រទេសស៊ុយអែត តាមរយៈអង្គការយូណេស្កូនេះ។ ក៏ប៉ុន្តែលោកបានទទូចឱ្យអង្គការដែលទទួលបានជំនួយនេះ ប្រើប្រាស់ឱ្យចំគោលដៅ និងស្របតាមច្បាប់របស់កម្ពុជា។

លោកមានប្រសាសន៍ថា៖ «ក្រសួងព័ត៌មាន ពុំដែលរារាំងការផ្តល់ជំនួយណាមួយដល់អង្គការនានា ក្នុងការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យព័ត៌មានឡើយ ប៉ុន្តែសូមឱ្យអង្គការទាំងនោះដែលទទួលបានជំនួយហើយ សូមអនុវត្តសកម្មភាពរបស់ខ្លួនប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងចំគោលដៅ ព្រមទាំងគោរពឱ្យបានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី បានចាត់ទុកជំនួយរបស់ស៊ុយអែតនេះ ថាមានសារៈ​សំខាន់និងទាន់ពេលវេលា ដើម្បីជួយពង្រឹងប្រព័ន្ធផ្សព្វផ្សាយនិងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ចាប់តាំងពីក្រោយការបង្ក្រាប​នៅឆ្នាំ២០១៧មក។

លោកថា៖ «ខ្ញុំគិតថា នេះគឺជាការជួយគាំទ្រមួយល្អដែលនឹងជួយលើកកម្ពស់ឱ្យល្អប្រសើរឡើង​​វិញ​ចំពោះការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋនៅតាមជនបទដាច់ស្រយាលឆ្ងាយៗ។ ហើយមួយវិញទៀត អាចថា វាទាន់ពេលវេលាដើម្បីជួយគាំទ្រទៅដល់អ្នកសារព័ត៌មាននិងប្រជាពលរដ្ឋ ដើម្បីទទួលបានព័ត៌មានមួយដែលអាចជឿទុក​ចិត្ត​បាននៅក្នុងស្ថានភាពមួយនៃការបំពុលបរិយាកាសដោយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតផ្សេងៗជាដើម»។

តាមរបាយការណ៍​របស់​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ក្នុង​ឆ្នាំ២០២០ បានបង្ហាញ​ថា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា បានបន្តធ្លាក់ចុះពីចំណាត់ថ្នាក់លេខ១៣២ ក្នុងឆ្នាំ២០១៧ មកលេខ១៤៤ ក្នុងចំណោម១៨០ប្រទេសនៅទូទាំងពិភពលោក។ អង្គការនេះបានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋាភិបាលកម្ពុជាបាន​បើក​យុទ្ធនាការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកមាន​សំឡេង​មិន​ស្រប​នឹង​រដ្ឋាភិបាល។ ក្នុង​នោះ រដ្ឋាភិបាលបាន​បំបិទ​ការ​ផ្សាយ​របស់​វិទ្យុ​ក្នុង​ស្រុក​ជាង៣០ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ក្រោម​ហេតុផល​ថា ម្ចាស់​ស្ថានីយ​ទាំង​នោះមិន​គោរព​កិច្ច​សន្យា​ជាមួយ​ក្រសួង។

តាមរយៈកិច្ចព្រមព្រៀងនេះ អង្គការយូណេស្កូប្រចាំនៅកម្ពុជា នឹងផ្តោតលើការងារក្នុងការពង្រឹងក្របខណ្ឌច្បាប់ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងលើតម្រូវការបន្ទាន់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះក៏មានការ​រួមបញ្ចូលទាំងការធានាឱ្យបាននូវការទទួលបាននូវព័ត៌មានសំខាន់ៗ ការតស៊ូមតិដើម្បីឱ្យមានស្តង់ដារខ្ពស់ក្នុងការរាយការណ៍ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ និងការលើក​កម្ពស់វិជ្ជាជីវៈសារព័ត៌មានដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ