កម្ពុជា​មាន​មោទកភាព​ដែល​មាន​ព្រៃឈើ​ច្រើន​

ទិដ្ឋភាពថតពីលើអាកាសនៅដែនជម្រកព្រៃអភិរក្សមួយកន្លែងរបស់កម្ពុជា។ (ហ្វេសប៊ុក៖ Ministry of Environment)

កម្ពុជាបានបង្ហាញមោទកភាព ដោយថា មានព្រៃឈើចំនួនច្រើនបើប្រៀបធៀបជាមួយប្រទេសនៅក្នុងតំបន់ ហើយអាចលក់កាបូនឱ្យក្រុមហ៊ុនអន្តរជាតិធំៗបានទឹកប្រាក់ជាង១០លានដុល្លារ គិតត្រឹមឆ្នាំ២០២០។​

តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៩ ខែមីនា បង្ហាញថា កម្ពុជាលក់គម្រោងឥណទានកាបូនចំនួន២គឺនៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី និង គម្រោងរ៉េដបូកភ្នំក្រវាញ​។ ក្រសួងបញ្ជាក់ថា កម្ពុជាកំពុងតែរៀបចំកន្លែងផ្សេងៗទៀតសម្រាប់លក់កាបូន។

ក្រសួងបរិស្ថាន៖ «កម្ពុជាមានសុទិដ្ឋិនិយមថា នឹងអាចលក់ឥណទានកាបូបបានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិ»។​

តាមក្រសួងបរិស្ថាន ក្រុមហ៊ុន​ដែលទិញកាបូនពីកម្ពុជាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ក្នុងទឹកប្រាក់ចំនួន១១,៦លានដុល្លារនោះ គឺក្រុមហ៊ុន Disney ក្រុមហ៊ុន Shell  និង ក្រុមហ៊ុន Gucci។​ ​

លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ជាស្ថាបនិកចលនាមាតាធម្មជាតិ លើកឡើងថា ជាការល្អដែលរដ្ឋាភិបាលបានទទួលចំណូលពីការលក់កាបូន។ លោកជំរុញឱ្យរដ្ឋាភិបាលប្រើប្រាស់ចំណូលបានពីការលក់កាបូននេះឱ្យមានតម្លាភាពក្នុងការថែរក្សាព្រៃឈើបន្តទៀត។​

នៅក្នុង «ទិវា១ម៉ោងសម្រាប់ភពផែនដីនៅឆ្នាំ២០២១» លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា មនុស្សមិនអាចកាត់ផ្ដាច់ខ្លួនពីបរិស្ថានបានទេ ព្រៃឈើក៏ជាជម្រកសត្វព្រៃ ហើយក៏ជាសួតផែនដី ហើយក៏ផ្ដល់ខ្យល់បរិសុទ្ធសម្រាប់មនុស្សដកដង្ហើមរាល់ថ្ងៃផងដែរ។ លោក នេត្រ ភក្ត្រា បន្តថា ពេលនេះរដ្ឋាភិបាលកំពុងជំរុញឱ្យមានការដាំឈើសម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការកាប់ព្រៃឈើធម្មជាតិ។​

លោក នេត្រ ភក្រ្តា៖ «រាជរដ្ឋាភិបាលឥលូវនេះ យើងកំពុងតែជំរុញទៅលើការដាំចម្ការឈើដាំ មានន័យថា ប្រទេសដទៃទៀតដូចនៅអឺរ៉ុបនៅអី គេអត់ដែលប្រើប្រាស់ឈើធម្មជាតិទេ។​ គេប្រើប្រាស់ឈើដាំ ដើម្បីយកមកកែច្នៃធ្វើជាសម្ភារប្រើប្រាស់»។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបរិស្ថានគ្រប់គ្រងដី៨លាន៥សែនហិកតា ក្នុងនោះផ្ទៃដី៧លាន៣សែន ស្មើនឹង៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា ជាដីឧទ្យានជាតិ  ដីតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែនជម្រកសត្វព្រៃជាដើម ដែលសម្បូរទៅដោយសត្វព្រៃនិងព្រៃឈើ។​

របាយការណ៍របស់ក្រសួងបរិស្ថានក៏បានបញ្ជាក់ដែរថា នៅក្នុងតំបន់អាស៊ាន មានតែកម្ពុជា និងឥណ្ឌូនេស៊ី តែប៉ុណ្ណោះដែលមានព្រៃឈើច្រើន ហើយអាចលក់ជាការបូនបាន។​

ខុសពីការអះអាងរបស់លោក នេត្រ ភក្ត្រា  លោក អាឡិច ហ្គន់សាឡេស អះអាងថា ព្រៃឈើនៅកម្ពុជា មានមិនដល់៣០ភាគរយនោះទេ ដោយសារតែការកាប់បំផ្លាញកើតឡើងបន្តបន្ទាប់។​

លោក អាឡិច ហ្គន់សាឡេស៖ «ប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំបានទៅមើលព្រៃឈើច្រើនកន្លែង។ មើលរូបផ្តាយរណប យើងឃើញថា កន្លែងពណ៌ខៀវដែលយើងមើលពីផ្កាយរណប យើងឃើញថា តំបន់ដែលមានពណ៌ខៀវវាមានរហូតដល់៤០ភាគរយមែន ប៉ុន្តែបើយើងមើលឱ្យច្បាស់ មិនមែនឱ្យតែខៀវសុទ្ធតែព្រៃឯណា? អាចជាព្រៃរេចរឹល អាចជាព្រៃសល់ដើមឈើមួយចំនួន​ ដែលយើងមិនអាចរាប់ចូលជាព្រៃឈើនោះទេ»។​

កាលពីថ្ងៃទី២៦ ខែមីនា អង្គការអន្តរជាតិ Global Initiative ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ក្នុងប្រទេសស្វីស បានចេញរបាយការណ៍មួយដោយរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា​ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានអត្រាខ្ពស់បំផុត ដែលធ្វើឱ្យកម្ពុជាបាត់បង់ព្រៃឈើក្នុងតំបន់ការពារធម្មជាតិជាង៥​សែនហិកតាដែលស្មើនឹងជិត១២ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ