អាជ្ញាធរ​មិន​ទាន់​រក​អ្នក​កាប់​ដើមគ្រញូង​នៅ​តំបន់​អង្គរ​ឃើញ​

ដើមគ្រញូងមួយដើមដែលត្រូវបានជនមិនស្គាល់មុខលួចកាត់បំផ្លាញ នៅខេត្តសៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរបរិស្ថានខេត្តសៀមរាប)

អាជ្ញាធរជាតិអប្សរា អះអាងថា មិនទាន់រកអ្នកកាប់ដើមគ្រញូងនៅតំបន់អង្គរឃើញទេ ដោយថា ពេលនេះកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណជនល្មើស។​

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងសហការជាមួយអាជ្ញាធរក្នុងខេត្តសៀមរាប ដើម្បីស្វែងរកជនមិនស្គាល់មុខដែលបានលួចកាប់ដើមគ្រញូងចំនួន១ដើម ដោយត្រូវបានរកឃើញស្នាមកាប់កាលពីថ្ងៃទី៣១ ខែមីនា នៅក្នុងតំបន់ការពារទី១ នៃរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល៖ «យើងកំពុងតែធ្វើការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ បើសិនជាយើងរកឃើញជនល្មើស អាហ្នឹងយើងត្រូវតែផ្តន្ទាទោសទៅតាមច្បាប់ហើយ។ អញ្ចឹងទុកពេលទុកវេលាឱ្យក្រុមការងារគេធ្វើកិច្ចការងារហ្នឹង»។

បើតាមលោក ឡុង កុសល ចំពោះករណីដែលរកឃើញក្នុងពេលថ្មីៗនេះ មិនទាន់តម្រុយណាមួយដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យដែលកាប់នោះទេ ដោយថា ស្ថិតក្នុងការស្រាវជ្រាវបន្តរបស់អាជ្ញាធរនៅឡើយ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះបានឱ្យដឹងទៀតថា ករណីកាប់ដើមឈើក្នុងតំបន់អភិរក្សអង្គរធ្លាប់កើតមានរួចមកហើយ ហើយថាមិនធ្លាប់បានរកឃើញជនល្មើសទេ។

ទោះយ៉ាងណា លោកថា ករណីនេះមិនមែនជាការកាប់បំផ្លាញទ្រង់ទ្រាយធំនោះទេ លោកបន្ថែមថា ក្រុមការងារអាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយអង្គភាពពាក់ព័ន្ធដទៃទៀត ដើម្បីធានាដល់ការថែរក្សាដើមឈើក្នុងតំបន់អង្គរ និងបានបង្កើតក្រុមមួយ ដើម្បីល្បាតនៅពេលយប់ផងដែរ។

លោក ឡុង កុសល៖ «យើងធ្វើការងារគ្រប់ជាមួយអង្គភាពពាក់ព័ន្ទជាមួយនឹងនគរបាលការពារបេតិកភណ្ឌ មានទាំងជាមួយនឹងផ្នែកឧទ្យាននុរក្ស ដើម្បីធ្វើកិច្ចការងារហ្នឹង ហើយនិងអាជ្ញាធរមូលដ្ឋាន ក៏មានបង្កើតឱ្យមានក្រុមការងារចុះល្បាតពេលយប់ដែរ ប៉ុន្តែសកម្មភាពនៃការកាប់ហ្នឹងមិនមែនជាលក្ខណៈនៃការកាប់បំផ្លាញទេ ព្រោះការកាប់ហ្នឹងមិនមែនប្រើដោយគ្រឿងចក្រអីទេ ស្នាមដែលយើងពិនិត្យមើលទៅវាដូចជារណារដៃអញ្ចឹង»។

សកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា បានជំរុញឱ្យអាជ្ញាធរមានវិធានការតឹងរ៉ឹងបន្ថែម ដើម្បីការពារព្រៃឈើក្នុងឧទ្យានអង្គរ ដោយលោកសង្កេតឃើញថា ករណីកាប់ដើមឈើនេះមានជាច្រើនលើក។

លោក សាន់ ម៉ាឡា៖ «សម្រាប់ខ្ញុំសោកស្តាយមែនទែនដែលមានការបំផ្លាញដើមគ្រញូងនៅក្នុងតំបន់ឧទ្យានអង្គរ។ រឿងនេះមិនមែនជារឿងថ្មីទេ ធ្លាប់កើតឡើងម្តងជាពីរដងរួចហើយ។ ដូច្នេះ ខ្ញុំគិតថា អាជ្ញាធរគួតែពង្រាយកម្លាំង បង្កើនសកម្មភាពល្បាតទាំងនៅក្នុងព្រៃ តាមបណ្តាញផ្លូវសំខាន់ៗដែលភ្ជាប់ទៅតំបន់ព្រៃណាដែលនៅសល់ឈើប្រណិតច្រើន។ ទន្ទឹមនឹងនេះ បើការលួចកាប់បំផ្លាញឈើប្រណិតនៅក្នុងតំបន់អង្គរនៅតែបន្តកើតមាន ខ្ញុំគិតថា អ្នកដែលទទួលខុសត្រូវនៅក្នុង​ឧទ្យានអង្គរ គួរតែចេញមុខមកសុំទោសនៅចំពោះមុខសាធារណជន»។

បើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០ មានដើមឈើប្រមាណ១០ម៉ឺនដើមត្រូវបានដាំបន្ថែមក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលរួមមានដើមឈើប្រណិតដូចជា គ្រញូង បេង ​និងធ្នង់ ជាដើម។

កាលពីថ្ងៃទី២៦ ខែមីនា អង្គការអន្តរជាតិ Global Initiative ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ក្នុងប្រទេសស្វីស បានចេញរបាយការណ៍មួយដោយរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា​ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានអត្រាខ្ពស់បំផុត ដែលធ្វើឱ្យកម្ពុជាបាត់បង់ព្រៃឈើក្នុងតំបន់ការពារធម្មជាតិជាង៥​សែនហិកតាដែលស្មើនឹងជិត១២ភាគរយ៕

អត្ថបទដោយ ទួក ពិសិដ្ឋ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ