ប្រទេស​មួយ​ចំនួន​អរគុណ​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​មន្ត្រី​ទូត​

នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមដំណើរការកម្មវិធីចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ជូនដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិកក្រសួង រួមទាំងក្រុមគ្រួសារ។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia )

បណ្តា​ប្រទេសមួយចំនួនអរគុណដល់កម្ពុជាដែលបាន​​អនុញ្ញាតឱ្យមន្ត្រីទូតរបស់​ខ្លួន រួមទាំងគ្រួសាររបស់ពួកគេ​ បានទទួលការចាក់​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បើទោះការផ្គត់ផ្គង់​វ៉ាក់សាំងនៅកម្ពុជានៅមានកម្រិតក៏ដោយ​។

យោង​តាមលិខិតក្រសួងការបរទេសកម្ពុជា ផ្ញើទៅកាន់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេសដែលថ្លែង​​​អំណរគុណកម្ពុជា ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់មន្ត្រីទូតរបស់ពួកគេនោះ រួមមាន ព្រុយណេ បារាំង វៀតណាម និងឥណ្ឌូនេស៊ី ។

រដ្ឋ​មន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និយាយក្នុងលិខិតនោះថា ប្រទេសទាំងនោះបានសម្តែងនូវអំណរគុណដ៏​ជ្រា​​លជ្រៅដល់រដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យសហគមន៍ការទូតប្រចាំកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រ​ភេទ AstraZeneca។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ក្នុងលិខិតនោះទៀតថា៖ «តាមរយៈកំណត់ទូត​របស់ស្ថានទូតព្រុយណេប្រចាំកម្ពុជា បានលើកឡើងថា ស្ថានទូតព្រុយណេជឿជាក់ថា កម្ពុជាជាប្រ​​ទេសដំបូងបង្អស់ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដល់សហគមន៍កា​រ​ទូត ខណៈពេលដែលវ៉ាក់សាំ​​ងនេះ​មានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែ​មីនា ឆ្នាំ២០២១ បានថ្លែងថា វ៉ាក់សាំងប្រភេទ AstraZeneca នឹងត្រូវ​ចាក់ជូនមន្ត្រីការទូត ដៃគូអភិ​វឌ្ឍន៍អន្តរជាតិ និងមន្ត្រីអង្គការសហប្រជាជាតិ ដែលជាប់បំពេញការងារនៅកម្ពុជា ដោយឥតគិតថ្លៃ ដូចឥស្សរជននយោបាយកម្ពុជា និងពលរដ្ឋវ័យ៦០ឆ្នាំឡើងទៅ​មួយចំនួនផង​ដែរ ខណៈវ៉ាក់សាំងដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនេះ ជាង៣​០​​ម៉ឺ​នដូស បានមកដល់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ