អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​កើន​ដល់​ជាង​២​ពាន់​នាក់​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល នៅថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីបន្ថែមទៀតចំនួន​៦៩​នាក់ ក្នុងនោះមាន​អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ៦៨​នាក់ និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ដែលធ្វើឱ្យចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់ជាង២ ០០០នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៨នាក់​ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ រួមមាន ពលរដ្ឋខ្មែរចំនួន៦៣នាក់ ជនជាតិវៀតណាម ចំនួន២នាក់ និងជនជាតិចិន ចំនួន៤នាក់ រស់នៅរាជធានីភ្នំពេញ ខេត្តសា្វយរៀង ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។

ចំណែកអ្នកឆ្លងម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី បានធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

ក្រៅពីអ្នកឆ្លង នៅថ្ងៃនេះ ក្រសួងថា អ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍១៦នាក់ផ្សេងទៀត​បានជាសះស្បើយ។

បើតាមក្រសួងសុខាភិបាលឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុប២ ០១៧នាក់ ក្នុងនោះ ស្លាប់ចំនួន១៦នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសសរុបមានចំនួន​២ ៥៤៦​នាក់ ក្នុងនោះបាន​ព្យាបាល​ជា​សះស្បើយ១ ២៥៦នាក់ និងកំពុងសម្រាកព្យាបាល១ ២៧០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ