រដ្ឋា​ភិបាល​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្លង​កូវីដ-១៩​បន្ទាន់​ដល់​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

គ្រូពេទ្យម្នាក់លើកស៊ីរាំងបូមវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រៀមចាក់ជូនដល់បុគ្គលដែលមកទទួលការចាក់ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានណែនាំក្រសួងពាក់ព័ន្ធឱ្យរៀបចំចាក់វ៉ាក់សាំង​ជូនពលរដ្ឋដែលងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ ចំនួន២០ម៉ឺននាក់បន្ថែមទៀត សម្រាប់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩។

តាមរយៈសារជា​សំឡេងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជធានី​ភ្នំពេញ ពេលនេះ បានក្លាយជាចំណុច​សំខាន់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ និង​ជាទីកន្លែងដែលត្រូវទប់ស្កាត់បន្ទាន់ ។

លោកគូសបញ្ជាក់ថា ការងារបន្ទាន់នេះ ប្រធានគណៈកម្មការចំពោះកិច្ច លោកស្រី ឱ វណ្ណឌីន និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ត្រូវទទួលរ៉ាប់រង។

បើតាមលោកនាយករដ្ឋមន្ត្រី អ្នកដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបន្ទាន់នេះ មានអ្នករត់កង់បី អ្នកដឹកអីវ៉ាន់ដែលបញ្ជាទិញតាម​អនឡាញ អ្នកលក់បន្លែ-ផ្លែឈើ និងអ្នកលក់ដូរមួយចំនួននៅតាមទីផ្សារ ជាដើម ដែលលោកព្រួយបារម្ភថា ពួកគេអាចនឹងជាអ្នកចម្លងជំងឺដ៏កាចសាហាវនេះ។

លោកបានថ្លែង​​ថា៖ «បើយើងធ្វើមិនស្រួលទេ ពួកគេអាចជាភ្នាក់ងារចម្លងពីកន្លែងមួយទៀតទៅកន្លែងមួយ ដូច្នេះខ្ញុំស្នើឱ្យរៀបចំបន្ទាន់ ហោចណាស់យើងចាក់បន្ថែមបាន២០ម៉ឺននាក់នៅទីក្រុងភ្នំពេញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ»។

VOD មិនទាន់សុំការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន បាននៅឡើយទេនៅរសៀលនេះ។

អ្នករត់ម៉ូតូកង់បីនៅរាជធានី​ភ្នំពេញមួយរូប លោក ហេង សុភក្ត្រា​ អាយុ៤១ឆ្នាំ និយាយថា លោកមិនទាន់ហ៊ានទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយទេ។

លោកថា៖ «ខ្ញុំទៅចាក់ បើអាជ្ញាធរប្រាប់ឱ្យទៅចាក់ ព្រោះអីការពារសុខភាពព្រោះខ្លាចដែរ»។

ប៉ុន្តែអ្នករត់ម៉ូតូកង់បីម្នាក់ទៀត លោក សិរី វិសាល អះអាងថា គាត់នឹងមិនទៅចាក់វ៉ាក់សាំងនេះទេ ដោយថា មិនសូវមានទំនុកចិត្ត។

លោកថា៖ «អត់ទុកចិត្តទេ! ព្រោះអីមន្ត្រីខ្លះចាក់ពីរដងហើយនៅតែគ្រោះថ្នាក់ដែរ ខ្ញុំមិនហ៊ានទេ ព្រោះឥលូវជាលក្ខណៈមួយរកទុកចិត្តអត់បានទេ»។

ចំណែកស្ត្រីលក់បន្លែនៅផ្សារដើមគរ រាជធានីភ្នំពេញ អ្នកស្រី ស៊ឹម អាត អាយុ៣៧ឆ្នាំ ហាក់​បង្ហាញភាពស្ទាក់ស្ទើរក្នុងការ​ទៅចាក់វ៉ាក់សាំងនេះ ដោយសារតែអ្នកស្រីមានជំងឺប្រចាំកាយ។

អ្នកស្រីថា៖ «អត់ទាន់ដឹងទេ ចាំពិគ្រោះជាមួយប្តីខ្ញុំសិន ព្រោះខ្ញុំមិនមែនជាអ្នកជាប៉ុន្មានទេ ខ្ញុំជាអ្នកឈឺដែរហ្នឹង ចាស៎! ខ្សោយ»។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សាទរដែលរដ្ឋាភិបាលអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទៅចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩នេះ។ ប៉ុន្តែលោកថា រដ្ឋាភិបាលគួររកវ៉ាក់​សាំង​ណាដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីកុំឱ្យពលរដ្ឋមានការព្រួយបារម្ភ។

លោកថា​៖ «វាជាការសារទរដែលរដ្ឋាភិបាលគិតអំពីសុវត្ថិភាពនៃការឆ្លងកូវីដ ហើយដើម្បីឱ្យប្រសើរជាងហ្នឹង រដ្ឋាភិបាលគួរតែគិតអំពីហានិភ័យសេដ្ឋកិច្ចចំពោះពួកគាត់ដែរ ព្រោះ​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ពួកគាត់ធ្លាក់មកដល់ស្ទើរសូន្យ ហើយមានបិទបម្រាមគោរចរទៀត ចប់»។

យោងតាម​របាយការណ៍របស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយ​​នៅព្រឹកថ្ងៃសុក្រ​នេះ ឱ្យ​ដឹងថា គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនជនស៊ីវិលទូទាំងប្រទេស សរុបទាំងអស់ចំនួន ២៨៨ ៦៨៤នាក់។

ក្រសួងសុខាភិបាលក៏បាន​ឱ្យដឹងដែរ​ថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០​កុម្ភៈ បានកើនដល់​២ ០១៧នាក់ ក្នុងនោះ ស្លាប់​ចំនួន១៦នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសសរុបមានចំនួន​២ ៥៤៦​នាក់ ក្នុងនោះបាន​ព្យាបាល​ជា​សះស្បើយ១ ២៥៦នាក់ និងកំពុងសម្រាកព្យាបាល១ ២៧០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ