អ្នក​ជំនាញ​ជំរុញ​ឱ្យ​អាជ្ញាធរ​រក​កន្លែង​ស្តុក​ទឹក​ទុក​ប្រើ​នៅ​រដូវប្រាំង​

ស្ថានភាពទឹកស្ទឹងមង្គលបូរីដែលកំពុងតែរីងស្ងួតជិតដល់បាតស្ទឹង ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

អ្នកជំនាញផ្នែកកសិកម្ម ជំរុញឱ្យអាជ្ញាធរមានវិធានការរក្សាទឹកទុក ​និងជួសជុលប្រព័ន្ធធារាសាស្រ្តឡើងវិញ ដោយថា នៅតំបន់មួយចំនួននារដូវប្រាំង ពេលអាកាសធាតុក្តៅខ្លាំង តែងតែប្រឈមការខ្វះខាតទឹកក្នុងការធ្វើកសិកម្ម។

លោក យ៉ង់ សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម មានប្រសាសន៍ថា នៅពេលរដូវប្រាំងចូលមកដល់ ផ្នែកខ្លះនៃតំបន់ទំនាបកណ្តាល តំបន់ភ្នំ និងខ្ពង់រាប ក្នុងប្រទេសកម្ពុជា ដែលរួមមានខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប រតនគិរី មណ្ឌលគិរី​ជាដើមនោះ តែងតែប្រឈមការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងការដាំដំណាំផ្សេងៗរបស់ប្រជាកសិករ។

លោកថា ការរក្សាទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំងនេះ គឺជាវិធានការចាំបាច់ដែលត្រូវធ្វើ ដោយមានការជីកស្រះ មានអាងស្តុកទឹក ឬមានប្រព័ន្ធរក្សាទឹកទុកនៅក្នុងសហគមន៍ ជាដើម។

លោក យ៉ង់ សាំងកុមារ៖ «សម្រាប់រយៈពេលវែងឆ្ងាយ គឺត្រូវបង្កើនសមត្ថភាពស្តុបទឹកទុក ព្រោះតិចទៀតទៅអាចភ្លៀងមកវិញ។ ស្តុកទុកទឹកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ប្រើប្រាស់តាមរយៈការដាំដុះ អាចដូចជាពាង ជាអាងតាមផ្ទះ អាចមានជាស្រះជីកទាន់រាំងស្ងួត អញ្ចឹងយើងពង្រីកជាស្រះធំ​ ទន្ទឹមនឹងនេះក៏ត្រូវមានការវិនិយោគសាធារណៈបន្ថែមទៅលើប្រព័ន្ធស្តុកទឹកទាំងអស់ហ្នឹង មានប្រឡាយតាមសហគមន៍ជួយដោះស្រាយបញ្ហាហ្នឹង»។

អ្នកជំនាញផ្នែកកសិកម្មរូបនេះបានបន្ថែមថា អាជ្ញាធរនៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីការខ្វះទឹកប្រើប្រាស់ ត្រូវមានផែនការច្បាស់លាស់ ដើម្បីពិនិត្យតាមដានពីស្ថានភាពទឹកនៅក្នុងសហគមន៍ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករឱ្យមានគ្រប់គ្រាន់។

លោក យ៉ង់ សាំងកុមារ៖ «ត្រូវមានផែនការមេមួយសម្រាប់តំបន់មួយៗ អាចជាឃុំ ជាស្រុក។ ក្នុងផែនការមេហ្នឹងត្រូវមានផ្នែកវា ថាឥលូវមានទឹកអត់ក្នុងគ្រួសារ ទឹកសម្រាប់សត្វ ទឹកសម្រាប់កសិកម្មដាំដុះ ក្នុងហ្នឹងមានការគ្រប់គ្រងទឹកក្នុងគ្រួសារដូចជាពាង ស្រះទឹកសម្រាប់ក្នុងភូមិឬជាក្រុម ហើយការគ្រប់គ្រងទឹកជាកម្រិតភូមិឃុំ ឧទាហរណ៍ ធ្វើអាងទឹកធំៗដែលវាធ្វើពាក់ព័ន្ធច្រើនភូមិឃុំ ត្រូវមានផែនការប្រាំឆ្នាំដប់ឆ្នាំ ហើយពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាទឹកត្រូវបានដោះស្រាយ កុំឱ្យវានៅដដែលៗ»។

ជាមួយគ្នានេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានថ្លែងថា អាជ្ញាធរត្រូវបង្កើនការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការថែរក្សាទឹកទុកដល់កសិករ ដោយជំរុញឱ្យប្រជាកសិករជីកស្រះជាលក្ខណៈគ្រួសារដើម្បីស្តុកទឹក និងមានការចូលរួមត្រួតពិនិត្យដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ​ដោយមានជាសកម្មភាពលើកទឹកចិត្តចំពោះកសិករគំរូណាដែលបានអនុវត្តខ្ជាប់ខ្ជួនក្នុងការថែរក្សានិងការប្រើប្រាស់ទឹកដោយសន្សំសំចៃ។

លោកក៏បានជំរុញឱ្យកសិករចូលរួមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាននៅក្នុងសហគមន៍របស់ពួកគេពីការខ្វះទឹកនេះផងដែរ។

លោក ថេង សាវឿន‍៖ «កសិករត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃ រឿងទី១! ហើយរឿងទី២ គួរតែត្រូវបានស្នើសំណើផ្សេងៗទៅកាន់អាជ្ញាធរឃុំសង្កាត់ឱ្យជួយគាំទ្រ និងរៀបចំឱ្យមានការស្តុកទឹក ប្រឡាយ អូរ បឹងបួ ឬស្រះ ឬអាងទឹក ដើម្បីធ្វើយ៉ាងម៉េចធានាបានថា ទឹកអាចរក្សាធ្វើការស្រោចស្រពដំណាំកសិកម្មរបស់ពួកគាត់បាន ឬមានវិធីសាស្រ្តក្នុងការបញ្ចូលទឹកបានផងដែរ»។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងថា ការគ្រប់គ្រងទឹកក្នុងការធ្វើកសិកម្ម គឺជាកិច្ចការរបស់ក្រសួងធនធានទឹក និងឧតុនិយម។

លោក វេង សាខុន៖ «ពាក់ព័ន្ធបញ្ហានេះ គួរលើកសំណួរនេះទៅក្រសួងធានធានទឹក ​និងឧតុនិយមវិញ បានដឹងច្បាស់ថាគេមានរៀបចំផែនការនៃការគ្រប់គ្រងទឹក និងការជួយចាត់ចែងអន្តរាគមន៍បែបណា»។

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មិនអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១ ខែមេសានេះ ដោយទូរសព្ទចូល ប៉ុន្តែលោកថារវល់ប្រជុំ។

បើតាមលោក យ៉ង់ សាំងកុមារ បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេសកម្ពុជា បានសងសង់រួចរាល់ប្រមាណ៥០ភាគរយ ដែលស្មើនឹងជាង២ ៥០០ខ្សែ ប៉ុន្តែលោកថា មានប្រមាណតែ១០ភាគរយប៉ុណ្ណោះដែលកសិករអាចនៅប្រើប្រាស់បាន ដើម្បីស្រោចស្រពដំណាំកសិកម្មរបស់ពួកគេ។

ទោះយ៉ាងណា លោកថា ប្រព័ន្ធធារាសាស្រ្តទាំងនោះគួរត្រូវបានជួសជុស ដោយមានការថែទាំគ្រប់គ្រងឱ្យបានល្អប្រសើរឡើងវិញ។

លោក យ៉ង់ សាំងកុមារ៖ «និយាយទៅ វាត្រូវស្តារ [ប្រព័ន្ធធារាសាស្រ្ត] ឡើងវិញទាំងអស់ គ្រប់កន្លែង ប៉ុន្តែសំខាន់ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងថែរក្សាប្រឡាយ និងរបៀបជាសហគមន៍ របៀបជារដ្ឋ ជាការចូលរួមពីអាជ្ញាធរមូលដ្ឋាន អ្វីដែលសំខាន់ ការធ្វើការសាងសង់ ប៉ុន្តែបើយើងអត់មានការគ្រប់គ្រង ការថែរក្សា ថែទាំ ក៏វាឆាប់ខូចទៅវិញ ហ្នឹងហើយជាបញ្ហាដែលយើងជួបកន្លងមក។ កន្លងមក យើងធ្វើបានច្រើន ធ្វើធារាសាស្រ្ត អាងទឹកអី ដើម្បីអាចមានប្រព័ន្ធស្រោចស្រពអីរហូតដល់៥០ភាគរយ ប៉ុន្តែអ្វីដែលនៅប្រើបានប្រហែលជា១០ភាគរយអីហ្នឹង»៕

អត្ថបទដោយ ទួក ពិសិដ្ឋ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ