អ្នក​នាំ​ពាក្យ​ថា​ពាក្យ​«និទណ្ឌភាព»​ជា​ភាសា​នយោបាយ​ដដែលៗ​របស់​អាមេរិក

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកពាក្យ«​និទណ្ឌភាព»ដែលអាមេរិកប្រើក្នុងរបាយការណ៍វាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថា​គ្រាន់តែជាភាសានយោ​បាយ​តែប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល យល់ថា​ ការលើកឡើងម្តងហើយម្តងទៀតរបស់អាមេរិកជុំវិញបញ្ហាសិទ្ធិមនុស្ស ហាក់មិនមានអ្វីថ្មីនោះទេ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ឃើញថា ការលើកឡើងរបស់រដ្ឋបាលលោក ចូ បៃឌិន អាហ្នឹងគ្រាន់តែជាភាសានិយាយដដែលៗ។ អ្វីដែលជាការខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយើងបានប្រសើរណាស់ មិនមែនស្ថិតនៅក្នុងអ្វីដែលគេចង្អុលប្រាប់នោះទេ។ អ្វីដែលគេចង្អុលប្រាប់ មិនមានអ្វីដែលជាមូលដ្ឋានគ្រឹះពិតប្រាកដនៃការវិត្តក្នុងការប្រឆាំងនិទណ្ឌភាពនេះទេ បាទ»។

ការលើកឡើងរបស់លោក ផៃ ស៊ីផាន ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ដោយបានវាយតម្លៃថា អំពើ​និទណ្ឌភាព​នៅតែ​បន្តមាន​រីករាលដាល​ក្នុង​សង្គម​កម្ពុជា​ ​ខណៈ​រដ្ឋាភិបាល​ពុំបានអើពើ​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្សទាំងនោះឡើយ។

របាយការណ៍នេះបានចោទប្រកាន់ថា មន្ត្រីរដ្ឋាភិបាល រួមទាំងនគរបាលមួយចំនួនបានប្រព្រឹត្តបទល្មើស តែមិនប្រឈមនឹងបញ្ហាផ្លូវច្បាប់នោះទេ ខណៈករណីភាគច្រើន រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការតិចតួចឬគ្មានទាល់តែសោះ ហើយថា មន្ត្រីរដ្ឋាភិបាលនិងសមាជិកគ្រួសាររបស់គេ ជាទូទៅ បានគេចផុតពីការកាត់ទោស។

អាមេរិក អះអាងទៀតថា ខ្លួនមានរបាយការណ៍ដែលអាចទុកចិត្តបានថា យោធានិងនគរបាលស៊ីវិលបានធ្វើទារុណកម្មលើរាងកាយនិងផ្លូវចិត្ត ហើយមានពេលខ្លះ បានវាយដំយ៉ាងធ្ងន់ធ្ងរទៅលើជនត្រូវឃុំខ្លួនដោយសារបទព្រហ្មទណ្ឌទៀតផង ជាពិសេសនៅអំឡុងពេលសួរចម្លើយ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានច្រានចោលរបាយការណ៍នេះ ដោយថា ធ្វើឡើងដោយគ្មានមូលដ្ឋាន។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គាត់និយាយចោទរួម អញ្ចឹងឱ្យខ្ញុំឆ្លើយថាម៉េច? តែខ្ញុំច្រានចោលចំពោះការចោទប្រកាន់នេះ។ បាទ! ការឆ្លើយតបរបស់ខ្ញុំ គឺច្រានចោលចំពោះការចោទប្រកាន់នេះ ព្រោះអីវាគ្មានភស្តុតាង គ្មានមូលដ្ឋានច្បាស់លាស់ សម្រាប់ការវាយតម្លៃ មុនចោទប្រកាន់ [ប្រាប់]ឱ្យច្បាស់លាស់មក ករណីណា? រឿងណា? នៅកន្លែងណា?»

របាយការណ៍ប្រចាំឆ្នាំ២០២០ របស់ក្រសួងការបរទេសអាមេរិក ដែលមានកម្រាស់ជិត៤០ទំព័រនេះ បានគ្របដណ្តប់ស្ទើរតែទាំងស្រុងលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២០ ដែលមានជាអាទិ៍ ការធ្វើទារុណកម្មដោយរដ្ឋាភិបាល ការដាក់ទណ្ឌកម្ម ការឃុំខ្លួនតាមអំពើចិត្តលើអ្នកទោសនយោបាយ។ របាយការណ៍នេះក៏បានរិះគន់ពីឯករាជ្យភាពរបស់តុលាការ ការជ្រៀតជ្រែកតាមអំពើចិត្តនៅក្នុងជីវិត​ឯកជនរបស់ពលរដ្ឋ រួមទាំងការលួចស្តាប់តាមប្រព័ន្ធអេឡិចត្រូនិច ជាដើម។

បន្ថែមលើនេះ ក្នុងរបាយការណ៍ដដែល អាមេរិកក៏បានបរិហារពីការធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ សេរីភាពអង្គការសមាគម និងការចូលរួមក្នុងសកម្មភាពនយោបាយ ជាដើម។

យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ទៀត គឺលោក ជិន ម៉ាលីន​ បានឆ្លើយតបទៅនឹងរបាយការណ៍នេះតាមរយៈគណនីហ្វេសប៊ុករបស់លោកថា របាយការណ៍រិះគន់របស់អាមេរិកលើបញ្ហាសិទ្ធិមនុស្សក្នុងរដ្ឋអធិបតេយ្យមួយ វាជារឿងធម្មតានិងអាចទទួលយកបាន បើការរិះគន់នេះធ្វើឡើងផ្អែកលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិមនុស្ស។

តែលោកថា ​បើការចេញរបាយការណ៍រិះគន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានបច្ចេកទេសនៃសិទ្ធិមនុស្ស និងដើម្បីតែធ្វើនយោបាយភាវូបនីយកម្មលើបញ្ហាសិទ្ធិមនុស្សក្នុងរដ្ឋអធិបតេយ្យមួយ ដើម្បីសម្រេចបាននូវមហិច្ឆតានិងផលប្រយោជន៍ភូមិសាស្រ្តនយោបាយតំបន់របស់ខ្លួន នោះរដ្ឋអធិបតេយ្យដ៏ទៃទៀត គេនឹងមិនអាចទទួលយកបាននោះទេ ព្រោះគេក៏មានផលប្រយោជន៍ជាតិនិងអធិបតេយ្យជាតិរបស់គេដែលត្រូវការពារនិងថែរក្សាផងដែរ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងមានតួនាទីជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជានេះ ក៏បានភ្ជាប់ជាមួយនូវសេចក្តីប្រកាសព័ត៌មានកម្រាស់៦ទំព័រ ដែលមានខ្លឹមសារច្រានចោលទាំងស្រុងលើការរិះគន់ ឬរបាយការណ៍នានា ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២០។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា វាមិនចម្លែកឡើយ ចំពោះការបដិសេធរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងរបាយការណ៍វាយតម្លៃលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក៏ប៉ុន្តែអ្វីដែលមន្ត្រីសិទ្ធិមនុស្សរូបនេះបានកត់សម្គាល់នោះគឺ កេរ្តិ៍ឈ្មោះ និងភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បាទ! យើងមិនជាចង់ឆ្លើយតបអីទេ ព្រោះជាទស្សនៈរបស់រដ្ឋាភិបាលតែងតែការពារខ្លួនបែបហ្នឹងហើយ ទោះបីថា បណ្តាប្រទេសលោកសេរីលើកឡើងយ៉ាងម៉េចក៏ដោយ ប៉ុន្តែអ្វីដែលជះឥទ្ធិពលនោះ យើងឃើញហើយ មិនមែនថាអត់មានជះឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជាទេ គឺភាពស្មើមុខស្មើមាត់របស់កម្ពុជាលើឆាកអន្តរជាតិហ្នឹង គឺរងការរិះគន់ជាខ្លាំង ពិសេសខាងប្រទេសលោកសេរីដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សជាដើមហ្នឹង»

ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បានកត់សម្គាល់ថា បញ្ហាសិទ្ធិមនុស្សគឺជាបញ្ហាដ៏ស្រួចស្រាល់មួយរបស់កម្ពុជា។ លោកបានលើកឡើងថា ការចេញរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកលើកនេះ មិនមែនជារបាយការណ៍ដដែលៗ និងឥតប្រយោជន៍នោះឡើយ។ លោកបានមើលឃើញថា របាយការណ៍នេះអាចនឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់អាមេរិកក្នុងការសម្រេចបន្តផ្តល់ឬមិនផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិកមកលើកម្ពុជា ដើម្បីនាំទំនិញដូចជាផលិតផលកាបូបនិងសម្ភារធ្វើដំណើរទៅលក់នៅអាមេរិក ដោយមិនយកពន្ធនោះ។

លោកបានកត់សម្គាល់យ៉ាងដូច្នេះថា៖ «ធម្មតា វាចេញអញ្ចឹងហើយ ប៉ុន្តែនៅក្នុងដំណាក់កាលណាមួយ យន្តការឬក៏របាយការណ៍ដែលលើកឡើងតិចៗហ្នឹង វាក្លាយជាទម្ងន់ឬជាសក្ខីកម្មសម្រាប់រដ្ឋាភិបាលគេសម្រេចចិត្តដាក់សម្ពាធលើកម្ពុជាយើងបាន»។

លោកមានប្រសាសន៍បន្តថា៖ «ជាធម្មតា វាមានឥទ្ធិពលពីរ ឥទ្ធិពលផ្ទាល់ហ្នឹងគឺផ្នែកសេដ្ឋកិច្ច និងទី២ គឺប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីកម្ពុជានិងអាមេរិក ពាក់ព័ន្ធនឹងនយោបាយការបរទេសកម្ពុជា វាអាចធ្លាក់ចុះ ឬបាត់ទំនាក់ទំនង ឬបាត់ឥទ្ធិពលនៅលើឆាកអន្តរជាតិដែរ ពីព្រោះសហរដ្ឋអាមេរិកគឺជាប្រទេសនាំមុខគេក្នុងលទ្ធិប្រជាធិបតេយ្យ ហើយជាប្រទេសមួយដែលលើកស្ទួយ ដែលចំនឹងគោលនយោបាយការបរទេសរបស់លោក ចូ បៃឌិន លើកស្ទួយលទ្ធិប្រជាធិបតេយ្យថែមទៀត អញ្ចឹងយន្តការនេះកំពុងក្តៅនិងស្រួចស្រាល់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ