ក្រសួង​​​ណែនាំ​​ប្រតិបត្តិករ​ទូរគ​មនា​គមន៍​ពង្រឹង​គុណភាព​អ៊ីនធឺណិត​និង​សេវា​ទូរសព្ទ

បុរសម្នាក់កំពុងនិយាយទូរសព្ទ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ណែនាំដល់​ប្រតិបត្តិករទូរគមនាគមន៍និងអ្នកពាក់ព័ន្ធ បង្កើន​ប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត ដើម្បីលើកកម្ពស់ផលប្រយោជន៍សាធារណៈនិងការធ្វើអាជីវកម្ម​ប្រកប​ដោយ​​​សុចរិតភាព។

សេចក្តីណែនាំរបស់ក្រសួង ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​ បាន​លើកឡើងថា បច្ចុប្បន្ន ក្រសួង​​បាន​និង​កំពុងខិតខំបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការពិន័យ​អន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ ចំពោះប្រតិបត្តិករទូរគម​នាគមន៍ដែលមិនគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងគោលការណ៍នៃការផ្តល់សេវាកម្មប្រកបដោយគុណភាព។

ក្រៅពីនោះ ក្រសួងក៏​បាននិងកំពុងវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយឬបញ្ហានានាពាក់ព័ន្ធនឹងគុណភាពសេវា និងដាក់ចេញនូវវិធានការជាក់ស្តែងផងដែរ។

ករណីនេះ ក្រសួងណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវគោរពច្បាប់ស្តីពីទូរ​គមនា​គមន៍និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធឱ្យ​បានខ្ជាប់ខ្ជួន ​ផ្គត់ផ្គង់សេវាអ៊ីនធឺណិតស្របតាមស្តង់ដារបច្ចេកទេស និងត្រូវសិក្សាធ្វើបច្ចុប្បន្នភាពផែនការសាង​សង់ស្ថានីយអង់តែន ឆ្លើយតប​នឹងការប្រើប្រាស់ ចំនួនអ្នកប្រើប្រាស់ និងទីតាំងភូមិសាស្រ្ត ព្រមទាំងត្រូវរៀបចំកែសម្រួលបណ្តាញ​ត្រៀម​បម្រុង​ធានាស្ថិរភាពខ្ពស់ក្នុងការផ្តល់សេវា។

ក្រសួងក៏បានអំពាវនាវដល់​ប្រជាពលរដ្ឋ គួរពិនិត្យ​​ចំណុះល្បឿនអ៊ីនធឺណិតរបស់ខ្លួន​ឱ្យ​បានទៀង​ទាត់ ដើម្បីប្រាកដថា ចំណុះល្បឿននោះដូចនឹងកញ្ចប់អ៊ីនធឺណិតដែលបានជាវពីប្រតិបត្តិករ និងត្រូវបញ្ឈប់ការដំឡើងនិងការប្រើប្រាស់គ្រឿងសម្ភារបរិក្ខារវិទ្យុគមនាគមន៍ទទួល-ផ្សាយបន្ត និងគ្រឿងសម្ភារបរិក្ខារពង្រីកសេវាទូរសព្ទចល័តដោយខុសច្បាប់។

ក្រសួង​បន្ថែមថា ប្រជាពលរដ្ឋមិន​ត្រូវរារាំងការសាងសង់​ស្ថានីយអង់តែននៅលើទីតាំងរបស់កម្មសិទ្ធិករដទៃ ដោយយកហេតុផលសុខភាពឡើយ ដោយសារ​ការ​សាយភាយរលកហ្វ្រេកង់វិទ្យុ​ពីស្ថានីយអង់តែង មិនមែនជាការសាយភាយ​រលកវិទ្យុសកម្មដែលធ្វើឱ្យ​ប៉ះពាល់សុខភាពនោះទេ។​

ក្រៅពីនោះ ក្រសួងប្រៃសណីយ៍ បានណែនាំដល់​ម្ចាស់បុរីនិងអគារខ្ពស់ ត្រូវសហការជាមួយប្រតិបត្តិករ ដើម្បី​បំពាក់​​ប្រព័ន្ធ​ផ្តល់​សេវា​ក្នុង​អគារ រៀបចំទីតាំងបម្រុងទុកសម្រាប់​ស្ថានីយអង់តែនក្នុងបុរី ឬរៀបចំបង្គោលភ្លើងដែលមានលទ្ធភាពបំពាក់​ឧបករណ៍ផ្តល់សេវាទូរគមនាគមន៍ និង​មិនត្រូវចុះកិច្ចសន្យា​ផ្តល់សិទ្ធិផ្តាច់មុខ​ដល់​ប្រតិបត្តិករ ដើម្បីផ្តល់​សេវាទូរសព្ទនិងសេវាអ៊ីនធឺណិត​ក្នុងទីតាំងបុរីឬអគារខ្ពស់របស់ខ្លួន ផ្ទុយពីគោលការណ៍ប្រកួតប្រជែងដោយ​ស្មើភាពឡើយ។

និស្សិតឆ្នាំទី៤ ជំនាញកិច្ចគាំពារសង្គម នៃវិទ្យាស្ថានជាតិសង្គមកិច្ច កញ្ញា ជា សុខនី អាយុ២១ឆ្នាំ រស់នៅខេត្តតាកែវ បានប្រាប់ VOD តាមហ្វេសប៊ុកថា សម្រាប់ខ្លួនរបស់កញ្ញាផ្ទាល់ ការប្រើប្រាស់អ៊ីនធឺណិតនៅតាមខេត្តមានលក្ខណ:ពិបាក។ កញ្ញាថា ​ក្រោយពីសាលាត្រូវបានបិទដោយសារតែបញ្ហាកូវីដ-១៩ ការសិក្សារបស់ខ្លួនត្រូវធ្វើឡើងទាំងស្រុងតាមអនឡាញ ដែលត្រូវការអ៊ីនធឺណិតដែលមានគុណភាព។ ប៉ុន្តែកញ្ញាថា ​អ៊ីនធឺណិតទូរសព្ទដែលកញ្ញាប្រើរាល់ថ្ងៃនេះ មានភាពរអាក់រអួល ជួនកាលទៀតស្ដាប់គ្នាឬទាក់ទងគ្នាមិនបានផងក៏មាន។​

កញ្ញានិយាយថា៖ «ឱ្យយើងមានអារម្មណ៍ថា ការសិក្សារបស់យើងដូចជាដាច់ភាគអញ្ចឹង នៅពេលដែលយើងកំពុងតែផ្ដោតអារម្ម​ណ៍ក្នុងការសិក្សារៀនសូត្រ ស្ដាប់គ្រូពន្យល់ ធ្វើបទបង្ហាញ និងនៅពេលដែលឮសំឡេងដាច់ៗអញ្ចឹង ធ្វើឱ្យយើងមានអារម្មណ៍អត់ចង់រៀន។»

និស្សិតរូបនេះបានត្អូញត្អែរថា ខ្លួនត្រូវប្រើប្រាស់សេវាក្រុមហ៊ុន២ខុសគ្នា ព្រោះពេលខ្លះ សេវាអ៊ីនធឺណិតក្រុមហ៊ុនមួយមិនដើរ អាចប្តូរទៅក្រុមហ៊ុនមួយទៀត ដែលករណីនេះបានធ្វើឱ្យការចំណាយរបស់កញ្ញាលើថ្លៃអ៊ីនធឺណិតកើនទ្វេដង។  

កញ្ញា ជា សុខនី បានរៀបរាប់ថា៖ «ការចំណាយទៅលើអ៊ីនធឺណិត ខ្ញុំចំណាយរាងច្រើនដែរ ព្រោះអីមួយសប្ដាហ៍ខ្ញុំត្រូវការប្រើប្រាស់ច្រើន តែដោយសារតែសេវាអ៊ីនធឺណិតខ្សោយ ខ្ញុំត្រូវប្រើនិងផ្លាស់ប្ដូរស៊ីម ដូចខ្ញុំប្រើស៊ីមពីរក្នុងមួយខែៗ ចំណាយប្រហែល១០ទៅ១៥ដុល្លារ»។

កញ្ញា ណាត ឌីណា និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មទូរគមនាគមន៍ នៃសាកលវិទ្យាល័យមួយក្នុងប្រទេសចិន ដែលបច្ចុប្បន្នកំពុងរស់នៅខេត្តកណ្តាល បានប្រាប់ដែរថា តាំងពីត្រឡប់មកប្រទេសកំណើតវិញ ដោយសារតែជំងឺកូវីដ-១៩នេះ កញ្ញាក៏ត្រូវរៀនតាមអនឡាញដែរ។​ និស្សិតវ័យ២៣ឆ្នាំរូបនេះ ក៏បានលើកឡើងស្រដៀងគ្នានឹងនិស្សិតមកពីខេត្តតាកែវដែរ។

កញ្ញា ណាត ឌីណា និយាយថា៖ «ពេលយើងរៀនទៅ អត់សូវដំណើរការ ស្ដាប់គ្រូមិនសូវបានអញ្ចឹងណា! ពេលគ្រូពន្យល់មក ក៏យើងមិនសូវចេះទៀត ហើយបន្ទាប់មក ពេលខ្លះអ៊ីនធឺណិតតយើងអត់សូវដើរទៅ វាពិបាក ហើយពេលសួរគ្រូ ក៏ពិបាក។»

លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ប្រាប់ វីអូឌី តាមទូរសព្ទថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រៅពីចេញសេចក្ដីអំពាវនាវ ក៏គួរតែបង្កើតយន្តការបន្ថែមឱ្យជាក់ច្បាស់ ដើម្បីធ្វើការត្រួតពិនិត្យនិងតាមដានគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តរបស់ក្រុមហ៊ុនដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតនីមួយៗ ដើម្បីការពារសិទ្ធិតម្លៃសម្រាប់អ្នកប្រើប្រាស់។​

លោកលើកឡើងថា៖ «ខ្ញុំគិតថា ក្រសួងអាចអនុវត្តតាមវិធានដែលបានចែងក្នុងច្បាប់នៃដំណើការនៃការប្រព្រឹត្តទៅរបស់ក្រុមហ៊ុនទាំងអស់នោះ ហើយត្រូវធ្វើប្រកបដោយយុត្តិធម៌និងមានតម្លាភាព ដើម្បីកុំឱ្យបង្កកើតមានភាពអយុត្តិធម៌ទៅក្រុមហ៊ុនប្រតិបត្តិករទាំងអស់ហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ