ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ស្ទឹងត្រែង​ ស្នើ​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​និង​ចុះ​បញ្ជី​ដី​សមូហភាព

សាលាស្រុកសេសាន ដែលមានទីតាំងនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកសេសាន ខេត្តស្ទឹងត្រែង Sesan District Stung Treng Province)

ជនជាតិដើមភាគតិចជាង៥០គ្រួសារ នៅ​ស្រុកសេសាន ខេត្តស្ទឹងត្រែង ស្នើជាថ្មី​​ឱ្យអាជ្ញាធរចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច និងបញ្ឈប់សកម្មភាពក្រុម​ហ៊ុនឯកជនមួយដែលបានបោះបង្គោល​រំលោភចូលដីសហគមន៍របស់ពួកគាត់​។

អ្នកស្រី ស្រាំង ឡាញ់ ដែលអះអាងថាជាតំណាងជនដើមភាគតិចពូនង ប្រាប់ វីអូឌី នៅថ្ងៃពុធនេះ​​ថា ជនជាតិដើមភាគតិចពូនងជាង៥០គ្រួសារ នៅភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស បានរស់នៅនិងអាស្រ័យលើដីសមូហភាពទំហំ៧ ៨៣៦ហិកតា ក្នុងនោះដីលិចទឹក៣ ០០០ហិកតា។ អ្នកស្រីបញ្ជាក់ថា ក្នុងដីទំហំជិត៨ ០០០ហិកតានេះ គឺមានប្រភេទដីលំនៅឋាន ដីចម្ការវិលជុំ ដីកប់សព ដីស្រែចម្ការជាក់ស្តែង និងដីអារក្សអ្នកតារបស់អ្នកភូមិ។

តំណាងពលរដ្ឋរូបនេះ ឱ្យដឹងទៀត​​ថា នៅអំឡុងខែមីនា ឆ្នាំ២០២១នេះ ក្រុមហ៊ុនឯកជនមួយឈ្មោះ ស៊ីវហ្គិច អម​ដោយកម្លាំងសមត្ថកិច្ចប្រហែល១០០នាក់ប្រដាប់ដោយ​កាំភ្លើង ដំបងឆក់ និងខ្នោះដៃ បានចុះបោះបង្គោល​ព្រំដីរបស់ក្រុមហ៊ុន ដោយបានរំលោភចូលដីសហគមន៍ជនជាតិដើមភាគតិចជិតពាក់កណ្តាល ដោយមិនបានពិភាក្សានិងដោះស្រាយជាមួយប្រជាពលរដ្ឋឡើយ។

អ្នកស្រី ស្រាំង ឡាញ់ បន្តថា កាលពីឆ្នាំ២០០០ អ្នកភូមិបានដាក់សំណើទៅរដ្ឋបាលខេត្ត​​ស្ទឹងត្រែង ដើម្បីចុះបញ្ជី​ដី​សមូហភាពជនជាតិដើមភាគតិចដែរ ប៉ុន្តែអាជ្ញាធរខេត្តពុំធ្វើឱ្យនោះទេ ហើយថា នៅឆ្នាំ២០២១នេះ ក្រុមហ៊ុន ស៊ីវហ្គិច បានមកអះអាងថាជាដីរបស់ខ្លួន និងបោះបង្គោលព្រំចូលក្នុងដីសហគមន៍ទៅវិញ។

អ្នកស្រីបន្ថែមថា៖ «រឿងរាវទាំងអស់នេះ គឺរំលោភលើសិទ្ធិរបស់ជនជាតិដើមភាគតិចយើង ពីព្រោះធ្វើនេះមិនបានពិភាក្សាជាមួយពួកយើងទេ គឺរំលោភទាំងកំរោលដោយបានដើរដាក់បង្គោលចូលដល់កណ្តាលភូមិរបស់ពួកយើង។ ហើយពួកយើងបានទាមទារចុះបញ្ជីដីតាំងពីឆ្នាំ២០០០មកម៉្លេះ ហេតុអីមិនរៀបចំឱ្យពួកយើង? ចុះក្រុមហ៊ុនស្នើសុំវិនិយោគ ហេតុអីបានអនុញ្ញាតឱ្យដីរាប់ពាន់ហិកតា​លឿនម៉្លេះ? ចុះហេតុអីពួកយើងដែលរស់នៅលើដីកំណើតប៉ុន្មានសង្គម ប៉ុន្មានកំណើតហើយនោះ ម៉េចមិនចុះបញ្ជីឱ្យផង»

តំណាងជនដើមភាគតិចពូនងម្នាក់ទៀត លោក គឹម ធឿង និយាយថា អ្នកភូមិក្បាលរមាស បានរងទុក្ខម្តងហើយម្តងទៀត ក្រោមការអភិវឌ្ឍ​របស់ក្រុមហ៊ុន ក្រោយទទួលបានដីសម្បទានពីរដ្ឋាភិបាល។ លោកថា អ្នកភូមិ​ជាង៥០គ្រួសារ ឬស្មើ​ជាង២០០នាក់ បានរងគ្រោះដោយគម្រោងទំនប់​វារីអគ្គិសនីសេសានក្រោម២ ម្តងហើយ ហើយ​នៅពេលនេះមានទុក្ខកង្វល់ជាថ្មី​ ដោយសារតែ​ក្រុមហ៊ុន ស៊ី​វហ្គិច រំលោភយកដីធ្លីរបស់ពួកគាត់ថែ​ម​ទៀត។

លោក គឹម ធឿង បានអំពាវនាវដល់រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយផលប៉ះពាល់និង​ចុះបញ្ជីដីធ្លីជូនពលរដ្ឋជនជាតិដើមភាគតិច​ ហើយបញ្ឈប់ការគំរាមកំហែងទៅ​លើពួកគាត់​ទៀត។ លោកបន្តថា ក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននាពេលកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចនៅឃុំក្បាលរមាស ដូចជា ជីវភាពរស់នៅ បាត់បង់អត្តសញ្ញាណប្រពៃណី មុខរបរ ការបាត់បង់ព្រៃឈើបម្រុង​​ទុក និងទីទួល​​​សម្រាប់ឃ្វាល​គោក្របីរបស់ពួកគាត់​ជាដើម។

លោកបន្ថែមថា៖ «រដ្ឋាភិបាលគាត់គួរពិចារណាឡើងវិញ អំពីការវិនិយោគរបស់ក្រុមហ៊ុនហ្នឹង។ រយៈពេលកន្លងមក ក្រុមហ៊ុន ស៊ីវហ្គិច មានដីរាប់រយហិកតា ដែលបានឈូសចោល ដោយមិនបានដាំដំណាំអីសោះ កាប់យកតែឈើអស់។ ហើយសូមឱ្យរដ្ឋាភិបាលគិតគូរឡើងវិញផងដែរ អំពីជីវភាពជនជាតិដើមភាគតិច អំពីលក្ខណៈប្រពៃណី អត្តសញ្ញាណរបស់គាត់ និងជួយគាំទ្រពួកគាត់ផង ជាពិសេស ជនជាតិដើមភាគតិចនៅភូមិក្បាលរមាសចាស់»

អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ មានប្រសាសន៍ថា អាជ្ញាធរមិនបានព្រងើយកន្ដើយក្នុងការចុះបញ្ជីដីធ្លីជូនពលរដ្ឋជនជាតិដើមភាគតិចនោះទេ ប៉ុន្តែលោកថា ពលរដ្ឋទាំងនោះបានទាមទារចុះបញ្ជីដី​ធំពេករហូតជិត៨ ០០០ហិកតា ដែលប៉ះពាល់ទៅដល់ដីក្រុមហ៊ុន។ លោកថា អាជ្ញាធរ​បានត្រៀមដី​ប្រហែល៩០០​ហិកតា ដើម្បីចុះបញ្ជីជាដីសមូហភាពជូនពួកគេ។

អ្នកនាំពាក្យរូបនេះ អះអាងថា ដីដែលក្រុមហ៊ុន​បោះបង្គោលព្រំនោះ គឺស្ថិតក្នុងដី​របស់ក្រុមហ៊ុន ស៊ីវហ្គិច ដែល​ទទួលសិទ្ធិវិនិយោគតាមកិច្ចព្រៀមជាមួយរដ្ឋាភិបាល។ ប៉ុន្តែនៅ​ពេលសួរថា តើ​​ក្រុមហ៊ុនទទួលដីទំហំប៉ុន្មាននៅតំបន់នោះពីរដ្ឋាភិបាល និងវិនិយោគដាំអ្វីនោះ លោកសុំមិនបញ្ជាក់ប្រាប់នោះទេ។

លោកបន្ថែមថា៖ «ខេត្តមានជំហរចុះបញ្ជីដីសមូហភាពជូនគាត់ច្បាស់លាស់ណាស់។ កាលពីខែមករា ឯកឧត្តមអភិបាលខេត្ត លោកចុះទៅសម្របសម្រួល តែបងប្អូនគាត់មិនព្រមចុះ។ គាត់ទាមទារយកទាំងផ្ទៃដី ផ្ទៃទឹកសរុបទាំងអស់ជាង ៧ ០០០​ហិកតា។ កាលណាយក គាត់យកធំពេកអញ្ចឹង វាប៉ះពាល់ដល់ដីក្រុមហ៊ុនហើយ។ កាលវាប៉ះពាល់អញ្ចឹង យើងមិនចុះបញ្ជីឱ្យពួកគាត់បានទេ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីតំណាងក្រុម​ហ៊ុន​ ស៊ីវហ្គិច បានទេនៅថ្ងៃនេះ។

អនុប្រធានផ្នែកស៊ើបសង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរ តំណាងក្រុមហ៊ុន និងពលរដ្ឋចរចាគ្នារកដំណោះស្រាយបន្ថែមទៀត លើបញ្ហាជម្លោះដីធ្លី និងការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិចនេះ។ លោក​បន្តថា ជនជាតិដើមភាគតិចពូនង នៅភូមិក្បាលរមាសនេះ​ ធ្លាប់រងគ្រោះដោយ​សារទំនប់វារីអគ្គិសនីសេសានក្រោម២ ម្តងមកហើយ ដែលករណីនេះមិនគួរ​ឱ្យពួកគេរងគ្រោះម្តងទៀតនោះទេ​។

លោកបន្ថែមថា៖ «យើងទទួលស្គាល់ថា ការចុះបញ្ជីកម្មសិទ្ធិសមូហភាពជូនជនជាតិដើមភាគតិច វាជារឿងមួយដែលនីតិវិធីមានភាពស្មុគស្មាញ។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំគិតថា អាជ្ញាធរគួរតែសម្រួលនិងជួយពន្លឿននីតិវិធីនៃការចុះបញ្ជីដីធ្លីហ្នឹងជូនពួកគាត់ឱ្យបានឆាប់ ដើម្បីកុំឱ្យពួកគាត់មានភាពភ័យខ្លាច ហើយមានផលប៉ះពាល់ដល់សហគមន៍របស់ពួកគាត់បន្តទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ