តម្លៃ​ទឹក​ប្រើប្រាស់​ក្លាយជា​បន្ទុក​មួយ​ដល់​កម្មកា​រិនី​រោង​ចក្រ​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ-១៩

កម្មករ-កម្មការិនីភាគីច្រើនស្នាក់នៅតាមបន្ទប់ជួលរបស់ពួកគេ អំឡុងពេលធ្វើចត្តាឡីស័ក ហើយយូរៗចេញមកក្រៅម្តង ដើម្បីទិញម្អូបអាហារ នៅក្បែរៗតំបន់ស្នាក់នៅរបស់ពួកគេ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (Danielle Keeton-Olsen/VOD)

កម្មការិនីរោចក្រមួយចំនួនរៀបរាប់ទុក្ខលំបាកនិងបញ្ហាជីវភាពដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យពួកគេប្រឈមបញ្ហាសេដ្ឋកិច្ច បាត់បង់ចំណូល និងមិនអាចបង់ទឹកភ្លើងនិងបន្ទប់ជួល។

កម្មការិនីដែលបម្រើការងារនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ កញ្ញា បាន ស្រីល័ក្ខ អាយុ២៦ឆ្នាំ ប្រាប់ថា កញ្ញាបានបំពេញការងារជាកម្មកររោងចក្រប្រមាណ៤ឆ្នាំមកហើយ។ កញ្ញាថា គាត់បម្រើការងារនៅផ្នែកកាត់ដេរនៅរោងចក្រឈ្មោះ “ត្រាកស៍ អឹភើរិល ខូអិលធីឌី” ស្ថិតមិននៅឆ្ងាយប៉ុន្មានពីបន្ទប់ជួលរបស់គាត់នោះទេ។

កញ្ញារៀបរាប់ថា ជារៀងរាល់ថ្ងៃ គាត់រស់នៅក្នុងបន្ទប់ជួលតូចល្មមមានគ្នាពីរនាក់ ហើយដែលសំខាន់នោះ គាត់ត្រូវប្រើប្រាស់ទឹកដែលមានតម្លៃថ្លៃដល់ទៅ៤ពាន់រៀលក្នុងមួយម៉ែត្រគូប។

ស្រីល័ក្ខ អះអាងថា ក្នុងមួយខែ គាត់ត្រូវចំណាយលើថ្លៃទឹកនេះអស់ចំនួន២៤ ០០០រៀល។ កញ្ញាស្នើដល់រដ្ឋាភិបាលជួយបញ្ចុះតម្លៃទឹក និងជួយអន្ដរាគមន៍សម្របសម្រួលថ្លៃចំណាយផ្សេងៗដល់កម្មកររោងចក្រដែលកំពុងបាត់បង់ប្រាក់ចំណូលដោយសារវិបត្តិកូវីដ-១៩នេះផង។

កញ្ញាបន្ដថា៖ «បើគិតទៅលើអាហារហូបចុកមានតម្លៃថ្លៃ និងត្រូវទិញទឹក អាល់កុល និងម៉ាស់ពាក់ទៀត។ គាត់បានលើកឡើងថា ខ្ញុំប្រើប្រាស់ទឹកអស់់២៤ ០០០រៀលក្នុងមួយខែ ដោយតម្លៃទឹក៤ ០០០រៀលក្នុងមួយម៉ែត្រគូប។ ខ្ញុំចង់បានតម្លៃទឹក៨០០រៀលក្នុងមួយម៉ែត្រគូប ទៅតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលមានតាំងពីឆ្នាំ២០១៧មកម្ល៉េះ»។

កម្មការិនីម្នាក់ទៀតដែលបម្រើការងារនៅរោងចក្រក្នុងរាជធានីភ្នំពេញនេះដែរ កញ្ញា សុខ លី មានអាយុ២៥ឆ្នាំ ក៏បានលើកឡើងពីផលប៉ះពាល់បញ្ហាជីវភាព និងការបាត់បង់ប្រាក់ចំណូលអំឡុងផ្ទុះជំងឺកូវីដ-១៩ជាថ្មីម្ដងទៀតនេះ ខណៈគាត់ក៏ត្រូវបានថៅកែរោងចក្រព្យួរការងារផងនោះ។

កញ្ញា សុខ លី បន្ដថា៖ «ខ្ញុំជាកម្មការិនីដែលជួបស្ថានភាពលំបាកខ្លាំងក្នុងការរកប្រាក់ចំណូល ជាពិសេសត្រូវការចំណាយច្រើនទៅលើអាហារប្រចាំថ្ងៃ ទំនិញទីផ្សារ បន្ទប់ជួល និងទឹក៤ពាន់រៀលក្នុងមួយម៉ែត្រគូប។ ខ្ញុំខិតខំធ្វើការទាំងដែលស្ថានភាពកូវីដ-១៩កំពុងរីករាលដាល ដូច្នេះសូមមេត្តាគិតគូរដល់ជីវភាពរស់នៅរបស់ខ្ញុំជាកម្មករផង។ ស្របពេលកូវីដ-១៩ ខ្ញុំបានបាត់បង់ប្រាក់ចំណូល ព្រោះព្យួរការងារ ដែលត្រូវព្យាបាលជំងឺប្រចាំកាយ តែការចំណាយប្រចាំខែ ផ្ទះជួល ទឹក និងបំណុល នៅតែបន្ត»។

យ៉ាងណាក៏ដោយ ឆ្លើយតបនឹងវិបត្តិកូវីដ-១៩នេះ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចបន្ដផ្ដល់ប្រាក់ក្នុងម្នាក់ចំនួន៤០ដុល្លារដល់កម្មករនិយោជិកដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។

បន្ថែមលើសនេះ រដ្ឋាភិបាលក៏តម្រូវម្ចាស់រោងចក្រ-សហគ្រាសបន្ថែមទឹកប្រាក់ដល់កម្មករក្នុងម្នាក់ចំនួន៣០ដុល្លារផងដែរ សម្រាប់កម្មករ-និយោជិតដែលបម្រើការងារក្នុងវិស័យនេះ ដែលសរុបក្នុងម្នាក់ទទួលបានចំនួន៧០ដុល្លារក្នុងមួយខែ។

ម្យ៉ាងវិញទៀត កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវមួយស្នើសុំឱ្យម្ចាស់ផ្ទះជួលឬបន្ទប់ជួលទាំងអស់នៅក្នុងរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពបញ្ចុះតម្លៃឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះឬបន្ទប់ជួលដល់ពលរដ្ឋដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ អំឡុងផ្ទុះជំងឺកូវីដ-១៩នេះផងដែរ៕

ពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ព្រឿង សុខអ៊ាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។