អាជ្ញាធរ​កំពុង​ស្វែង​រក​អ្នក​ផ្សាយ​ថា​ពលករ​មក​ពី​ក្រៅ​ប្រទេស​ត្រូវ​បង់​១៥០​ដុល្លារ​ដើម្បី​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​

ពលរដ្ឋខ្មែរដែលត្រលប់មកពីប្រទេសម៉ាឡេស៊ី មកដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋបាល​រាជធានីភ្នំពេញ ស្នើទៅអាជ្ញាធរមានសមត្ថកិច្ច​ ចាត់វិធានការផ្លូវ​​ច្បាប់លើអ្នកប្រើប្រាស់បណ្តាញសង្គម ដែល​​ផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមានការភាន់ច្រឡំនៅក្នុងសង្គម ជាពិសេសរឿងផ្សាយថា ​ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលករមកពីក្រៅប្រទេស តម្រូវឱ្យបង់ថ្លៃក្នុងម្នាក់១៥០ដុល្លារ​។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃនេះថា គណនីហ្វេសប៊ុក​ឈ្មោះ «ប្រូលីម៉េង ហៀង» បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន​កាលពីម្សិលមិញថា ពលករដែលមក​ពីក្រៅប្រទេស ត្រឡប់មកស្រុកកំណើតវិញ នៅពេលមកដល់អាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះ ពោធិ៍ចិនតុង) ត្រូវប៉ូលិសត្រួតពិនិត្យសុខភាព ធ្វើតេស្តរកវីរុស​កូវីដ-១៩ និងបញ្ជូនទៅរកកន្លែងស្នាក់នៅ ហើយតម្រូវឱ្យបង់ប្រាក់១៥០ដុល្លារក្នុងមួយនាក់ដើម្បីបានចាក់វ៉ាក់សាំងការពារជំងឺនេះ។

លោក ម៉េត មាសភក្តី បានបដិសេធនឹងការលើកឡើងនេះ និងស្នើទៅអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ទៅ​លើម្ចាស់គណនីហ្វេសប៊ុកនោះ។

លោកស្នើដូច្នេះថា៖ «ពេលដែលច្រានចោលព័ត៌មានកាលពីម្សិលមិញហើយ ក៏ឱ្យទៅសមត្ថកិច្ចស្រាវជ្រាវមើលករណីអ្នកដែលតែងតែផុសដដែល។ លេងហ្វេសប៊ុកជាសេរីភាពរបស់យើង ប៉ុន្តែការចែកចាយដែលមិនមានការពិចារណា ការយករឿងអ្វីមួយមកផុសខុសពីការពិត វាទៅជាបទល្មើសផ្សេងមួយទៀត ទៅជារឿងបំពុលសង្គមធំៗ ត្រូវចាត់វិធានការច្បាប់»។

ដោយឡែក កាលពីពេលថ្មីៗនេះ ក៏មាន​ម្ចាស់​គណនី​ Tik Tok​ ដែល​មានឈ្មោះ​ «Rachana​ BK» ដោយ​បាន​បង្ហោះ​វី​ដេ​អូ​មាន​ខ្លឹមសារ​ជាសំឡេងថា «ភ្នំពេញ ​គេ​អាច​បិទ​ច្រក​យប់​ហ្នឹង​ គេ​ប្រកាស​អាសន្ន​បិទ​ច្រក​លែងឱ្យ​​​ចូល​ភ្នំពេញ […]​» ហើយ​បាន​ភ្ជាប់​ជាមួយនឹង​សកម្មភាព​វី​ដេ​អូ​នៃ​ការ​កកស្ទះ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ឱ្យសាធារណជនទូទៅមានការ​យល់​ច្រឡំ​។​

ករណីនេះ លោក ម៉េត មាសភក្តី បញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ​ វ៉ា​ន់​ រចនា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់​នៅ​​សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ដែលជាម្ចាស់​គណនី​ Tik Tok​ ឈ្មោះ​ «Rachana​ BK» ទៅសួរនាំរួចហើយកាលពីថ្ងៃម្សិលមិញ​។

លោកបន្ត​ថា ក្រោយពីទទួលកំហុស​ សមត្ថកិច្ចបានធ្វើការ​ណែនាំ​អប់រំ​ និងឱ្យ​​ធ្វើ​កិច្ចសន្យាសុំទោសជាសាធារណៈ រួចហើយបាន​អនុញ្ញាត​ឱ្យបុរស​រូបនេះ​​ត្រឡប់​ទៅ​ផ្ទះវិញនៅថ្ងៃដដែល។

ទោះជាបែបនេះក្តី វីអូឌី មិនអាចសុំការបំភ្លឺជំុវិញករណីនេះពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ប្រូលីម៉េង ហៀង» និងម្ចាស់​គណនី​ Tik Tok​ ដែល​មានឈ្មោះ​ «Rachana​ BK» បានទេនៅថ្ងៃនេះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវលើរឿងនេះ ប៉ុន្តែលោកថា រហូតមកដល់ពេលនេះ នៅ​មិនទាន់មានតម្រុយនៅឡើយ។ លោកបន្តថា ការស្រាវជ្រាវមានការលំបាក ដោយសារគណនីហ្វេសប៊ុក ឬគណនី​ Tik Tok ខ្លះ ត្រូវបានគេប្រើប្រាស់នៅក្រៅប្រទេស។

លោកមានប្រសាសន៍ថា៖ «ដំណើរការនៃការស្រាវជ្រាវ យើងកំពុងធ្វើដូចគ្នា ប៉ុន្តែគ្រាន់តែថា បើសិនជាអាក់ខោន​មួយ​​ចំនួន​​នៅក្នុងប្រទេស គឺយើងស្រាវជ្រាវ គឺយើងងាយស្រួលរកទេ ប៉ុន្តែយើងខ្លាចអាក់ខោនមួយចំនួនគឺនៅក្រៅប្រទេស ដែលគាត់តែងតែបង្កការញុះញង់ ឬក៏ផុស ឬក៏ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប្រជាពលរដ្ឋយើងមានការយល់ច្រឡំ»។

លោក សាន សុខសីហា បន្ថែមថា បើការ​​ស្រាវជ្រាវរកឃើញអ្នកដែលប្រើប្រាស់បណ្តាញសង្គមរិះគន់រដ្ឋាភិបាល​ពាក់​​ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់សង្គម នោះ​អាជ្ញាធរអនុវត្តវិធានការចំនួន២ ដូចជា ទី១ បើពិនិត្យទៅស្រាល អាចនឹងធ្វើកិច្ចសន្យាកែខ្លួនឱ្យត្រឡប់ទៅផ្ទះវិញ និងទី២ បើផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យសាធារណជនមានការភ័ន្ត​​ច្រឡំ ត្រូវបញ្ជូនទៅតុលាការ​ចាត់វិធានការច្បាប់។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ លោក ប៉ា ចន្ទរឿន បាន​អំពាវនាវឱ្យ​​​ប្រជាពលរដ្ឋមុននឹងធ្វើការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម ត្រូវពិនិត្យនិងមានប្រភពច្បាស់លាស់ ដើម្បីកុំឱ្យមានការចោទប្រកាន់ពីសមត្ថ​កិច្ច។ ចំណែករដ្ឋាភិបាលវិញ លោកជំរុញឱ្យ​មានការ​​ផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ថាព័ត៌មានបែបណាគួរផ្សាយ​ឬចែករំលែក ព័ត៌មានបែបណាមិនគួរផ្សាយ​ឬចែករំលែក ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេស​បានយល់ដឹង និងកុំឱ្យប្រព្រឹត្តខុសច្បាប់ ជាដើម។

លោក ប៉ា ចន្ទរឿន ក៏បាន​ស្នើទៅអាជ្ញាធរ មុននឹងចាត់វិធានការច្បាប់លើអ្នកដែលប្រើប្រាស់បណ្តាញសង្គមផ្សព្វ​ផ្សាយ​ព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះ ត្រូវធ្វើឱ្យមានតម្លាភាព​ និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ផ្ទុយពីរដ្ឋធម្មនុញ្ញ។

លោកស្នើដូច្នេះថា៖ «សមត្ថកិច្ចត្រូវតែប្រកាន់នូវគោលការណ៍យុត្តិធម៌ និងអព្យាក្រិត្យ នៅក្នុងគោលការណ៍វិនិច្ឆ័យបុគ្គលណាមួយថាមានទោសឬគ្មានទោស វាទាល់តែមានការឆ្លងកាត់ការពិនិត្យនិងវិនិច្ឆ័យដោយតុលាការ ឬក៏ឆ្លងកាត់ដំណើរការនៃការវិនិច្ឆ័យបែបយុត្តិធម៌ បានយើងអាចវិនិច្ឆ័យបាន ព្រោះវាជាសិទ្ធិដែលការពារដោយរដ្ឋធម្មនុញ្ញរបស់យើង ទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។

កាលពីដើមខែមិថុនា ឆ្នាំ២០២០ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី មីសែ្សល បាស្សេឡេត (Michelle Bachelet) ធ្លាប់បង្ហាញ​ការ​​ព្រួ​យបារម្ភចំពោះវិធានការដែលរដ្ឋាភិបាលធ្វើការ​​ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែល​ជំរុញឱ្យ​មានការចាប់ខ្លួនអ្នករិះគន់ ចោទ​ពីបទឧក្រិដ្ឋរៀបចំផែនការប្រឆាំងរដ្ឋាភិបា​ល ដោយគ្រាន់តែពួក​គេបង្ហាញកង្វ​ល់​ទាក់​ទិននឹងជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ