រដ្ឋបាល​ខេត្ត​ប៉ៃលិន​ កំពុង​ដោះស្រាយ​រឿង​អភិបាល​បណ្តេញ​ពេទ្យ​ម្នាក់​ចេញ​ពី​ក្របខណ្ឌ

លោក ខឹម មុនីកុសល ទៅយកដីការបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីរាជការ នៅការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តប៉ៃលិន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khem Monykosal)

រដ្ឋបាលខេត្តប៉ៃលិន បានយកសំណុំរឿងរបស់គ្រូពេទ្យម្នាក់ដែលត្រូវបានអភិបាលខេត្តបណ្តេញចេញពីក្របខណ្ឌរដ្ឋមកដោះស្រាយ​ ក្រោយពីមានលិខិតបញ្ជាពី​ក្រសួងមុខងារសាធារណៈ។

កាលពីថ្ងៃទី១៩ ខែមីនា អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានសម្រេចបណ្ដេញគ្រូពេទ្យ​ម្នាក់ឈ្មោះ​ ខឹម មុនីកុសល ចេញពីក្របខណ្ឌមន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាល​ខេត្ត ដោយចោទប្រកាន់គ្រូពេទ្យរូបនេះថា​បាន «ប្រព្រឹត្តកំហុស និងមាន​ការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។ ក្រោយរងការបណ្តេញចេញ នៅ​ថ្ងៃទី២៤ ខែមីនា លោក ខឹម មុនីកុសល បានដាក់ពាក្យបណ្តឹង​ទៅក្រសួងមុខងារសាធារណៈ និង​ក្រសួងសុខាភិបាល ឱ្យជួយរកយុត្តិធម៌ដល់លោក។

ប៉ុន្តែគិតត្រឹមថ្ងៃទី៣០ ខែមីនានេះ ក្រសួងសុខាភិបាលដែលជាក្រសួងសាម៉ី នៅមិនទាន់ផ្តល់ចំណាត់ការយ៉ាងណានៅឡើយទេចំពោះករណីខាងលើនេះ។

ចំណែករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា កាលពីថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២១ បានចេញលិខិតមួយ ដោយ​​សម្រេចបង្វែរសំណុំរឿងនៃពាក្យបណ្តឹងតវ៉ារបស់លោក ខឹម មុនីកុសល ទៅរដ្ឋ​បាលខេត្តប៉ៃលិនដោះស្រាយឡើងវិញ តាមរយៈការបង្កើតគណៈកម្មាធិការសម្រុះសម្រួលទំនាស់។

ទាក់ទងករណីនេះ អភិបាលរងខេត្តប៉ៃលិន និងជាអ្នកនាំពាក្យ លោក ធូ​ ភា បានប្រាប់ វីអូឌី យ៉ាងខ្លីនៅថ្ងៃអង្គារ​នេះថា ខេត្តបានយកសំណុំរឿងនេះទៅ​ដោះស្រាយឡើងវិញហើយ។ ប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិតនៅឡើយទេ ទាក់ទងនឹងនីតិវិធីនិងដំណើរការដោះស្រាយនេះ។​

លោក ធូ ភា បានមានប្រសាសន៍ដោយខ្លីថា៖ «បាទ! គេកំពុងធ្វើការហើយ ខ្ញុំអត់បានឆ្លើយច្រើនជាងហ្នឹងទេ»។

យោងតាមលិខិតរបស់លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៦ ខែមីនា បានបង្គាប់ឱ្យរដ្ឋបាលខេត្តប៉ៃលិន បង្កើតគណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈខេត្តប៉ៃលិន ក្នុងការដោះស្រាយករណីនេះឱ្យស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលមានជាធរមាន។ លើសពីនេះ លិខិតបានបញ្ជាឱ្យអភិបាលខេត្តប៉ៃលិន ចាត់ចែងអនុវត្តនិងដោះស្រាយករណីនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ។

លោក ខឹម មុនីកុសល បានចាត់ទុកលិខិតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនេះ ថាជាការផ្តល់ពន្លឺយុត្តិធម៌មួយសម្រាប់រូបលោក។

លោកថា យុត្តិធម៌សម្រាប់លោកពេលនេះ គឺរំពឹងថា ទទួលបានក្របខណ្ឌជាមន្ត្រីរាជការរបស់ក្រសួងសុខាភិបាលត្រឡប់មកវិញ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បាទ! ខ្ញុំឃើញដែរលិខិតហ្នឹង តែដូចស្ងាត់ស្ងៀម ដូចអត់ឃើញអី ប្រហែលគេកំពុងធ្វើការឬក៏យ៉ាងម៉េចដែរ។ យើងចាត់ទុកថាបានយុត្តិធម៌មកវិញខ្លះៗហើយ! ខ្ញុំមិនចេះច្បាប់ទេ តែមិត្តភក្តិនៅខេត្ត គេចាត់ទុកថា [ការបញ្ឈប់ហ្នឹង] ពុំទាន់ផ្លូវការទេ ដោយសារតែមានការបដិសេធពីខាងមុខងារសាធារណៈ! ខ្ញុំមិនសូវយល់ទេ តែតាមតែមិត្តភក្តិគេឆាតមកប្រាប់អញ្ចឹងដែរ។ អញ្ចឹងទេ ខ្ញុំកំពុងតែរង់ចាំមើលគេដោះស្រាយដែរ ថាយ៉ាងម៉េចអីយ៉ាងម៉េច។ អញ្ចឹងទេ ខ្ញុំមិនទាន់មានអីសន្និដ្ឋានច្រើនជាងហ្នឹងទេ»។

ការបណ្តេញចេញមន្ត្រីសុខាភិបាលរូបនេះពីក្របខណ្ឌ កើតមានឡើងក្រោយពេលលោក ខឹម មុនីកុសល បានបង្ហោះសារនៅលើហ្វេសប៊ុកថា «មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅមន្ទីរបក្សខេត្តប៉ៃលិន មិនជួយធ្វើការងារគ្រូពេទ្យខ្លះនោះទេ ប៉ុន្តែនាំគ្នាអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេឯងទៅវិញ»

លោកសរសេររៀបរាប់ទៀតថា «ការងារទាំងឡាយទាំងពួង គឺក្រុមគ្រូពេទ្យជាអ្នកទទួលបន្ទុកទាំងអស់ សូម្បីការរៀបចំបាយម្ហូបឱ្យអ្នកធ្វើចត្តាឡីស័ក»។

វីអូឌី មិនអាចទាក់ទងសុំការបំភ្លឺពីអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បាននៅឡើយទេ នៅថ្ងៃអង្គារនេះ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានចាត់ទុកការបណ្តេញមន្ត្រីចេញពីក្របខណ្ឌរដ្ឋពីសំណាក់អភិបាលខេត្តប៉ៃលិននេះថា ជាការរំលោភអំណាច។

លើសពីនេះ លោកបានចាត់ទុកថា កំហុសរបស់គ្រូពេទ្យរូបនោះមិនគួរធ្ងន់ធ្ងររហូតដល់ការបណ្តេញចេញពីក្របខណ្ឌ ដោយគ្រាន់តែការបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាបែបនេះឡើយ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា​ វាអត់ត្រូវទាំងករណី [បញ្ឈប់] ហ្នឹងផង! ហើយការផ្តល់សិទ្ធិអំណាចឱ្យទៅខេត្តក្នុងការដោះស្រាយ ឬក៏ដកមន្ត្រីហ្នឹង គឺជារឿងអត់ត្រូវ ព្រោះគាត់អត់មានធ្វើអីខុស យើងយកគោលការណ៍មូលដ្ឋាននៃហេតុផលកិច្ចការរបស់គាត់ គាត់គ្រាន់តែគាត់បញ្ចេញមតិយោបល់តាមបណ្តាញសង្គមរបស់គាត់ ដូចជាអត់មានអីខុសទេ សូម្បីតែគាត់និយាយច្រើនជាងហ្នឹងទៀតក៏មិនគួរធ្វើទុក្ខបុកម្នេញគាត់ដែរ។

លោកបានបន្ថែមថា៖  «អញ្ចឹងបើរឿងករណីហ្នឹង បើអាច យើងឈប់ទៅ យើងផ្អាកកិច្ចការហ្នឹងទៅ ហើយប្រគល់ភារកិច្ចតួនាទីជូនគាត់ទៅវិញ ព្រោះក្នុងបរិបទឥលូវនេះ យើងត្រូវការមន្ត្រីដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ អញ្ចឹងបើតាមយោបល់ខ្ញុំវិញ គឺគោរពសិទ្ធិគាត់ទៅ ហើយដូចអត់មានអីទៅប្រគល់ភារកិច្ចនរណាស្រាវជ្រាវចាត់វិធានការអីទេ ព្រោះគាត់អត់ខុសផង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ