ជន​បរទេស​ជាង​១០​នាក់​ដែល​បន្លំ​ធ្វើ​គ្រូពេទ្យ​ចុះ​យក​សំណាក​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

ក្រុមជនសង្ស័យជាជនជាតិចិនចំនួន១៤នាក់ ត្រូវបានកម្លាំងចម្រុះសហការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ នៅចំណុចសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

​សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនជាតិចិននិង​វៀតណាម​ចំនួន១៤នាក់ដែលបានក្លែងបន្លំធ្វើជាគ្រូពេទ្យចុះយកសំ​ណាកហើយជំរិតទារប្រាក់ពីជនជាតិចិនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីបន្តនីតិវិធី។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី ថាជនជាតិចិននិងវៀតណាមទាំង១៤នាក់ នាំជនរងគ្រោះទៅបង្ខាំងទុកនៅសណ្ឋាគារ SKAYLINE ស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមីនា ទើបដោះលែងវិញ បន្ទាប់ជំរិតទារប្រាក់ ៣ ម៉ឺនដុល្លារពីជនរងគ្រោះ។

លោកបន្តថា កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​ស្នងការ​ បានឃាត់​ខ្លួន​ជនជាតិចិននិងវៀតណាមទាំង១៤នាក់ នៅ​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយបញ្ជូនជនជាតិចិននិងវៀតណាមទៅតុលាការនៅព្រឹកមិញនេះ ដើម្បីឱ្យចាត់ការតាមនីតិវិធី។

លោកបន្តថា៖ «ចាប់ខ្លួនជនរងគ្រោះនៅថ្ងៃទី២០ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែមីនា បានដោះលែងវិញ ហើយសមត្ថកិច្ចចម្រុះបានសហការ​គ្នា​ ហើយថ្ងៃទី២៥ ខែមីនា បានធ្វើការឃាត់ខ្លួនបាន ​ហើយព្រឹកមិញបានបញ្ជូនទៅតុលាការទាំងអស់»។ ​

លោក សាន សុខសីហា បន្តថា អ្នកទាំង១៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានជនជាតិចិន៧នាក់ និងជនជាតិវៀតណាម៧នាក់។ លោកបញ្ជាក់ថា ជនរងគ្រោះដែលត្រូវបានជនជាតិចិននិងជនជាតិវៀតណាមបន្លំធ្វើជាគ្រូពេទ្យចុះយកសំណាកដើម្បីជំរិតទារប្រាក់នោះ គឺជាជនជាតិចិន។

វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គីមឡុង ជុំវិញករណីនេះ​បានទេ មកដល់ម៉ោង៥រសៀលថ្ងៃអង្គារនេះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរបង្កើនការការពារនិងការបង្រ្កាប ដើម្បីកុំករណីនេះកើតឡើងដដែល។

លោកថា៖ «ជារូបភាពមិនល្អទេដែលប្រើក្លែងបន្លំជាគ្រូពេទ្យនេះ។ អ៊ីចឹងសំខាន់ការបង្កើននៃកិច្ចការការពារនិងការបង្ក្រាបរបស់សមត្ថកិច្ចយើងទៅលើជនជាតិចិនដែលប្រព្រឹត្តបទល្មើសហ្នឹង ដើម្បីទប់ស្កាត់កុំឱ្យកើតមានតទៅទៀត ជាពិសេសហ្នឹងគឺការអនុវត្តច្បាប់អន្តោប្រវេសន៍ក្នុងការចូលមកកម្ពុជា បើសិនជាជនជាតិវៀតណាមនិងចិនចូលដោយខុសច្បាប់ អាហ្នឹងយើងអនុវត្តតាមច្បាប់អន្តោប្រវេសន៍ជាមុន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ