ខេមបូចា​ រក​ឃើញ​ថា​ក្នុង​ឆ្នាំ​២០២០​ អ្នក​កាសែត​៧២​នាក់​ត្រូវ​​បាន​យាយី​ក្រោម​រូបភាព​ផ្សេងៗ

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

របាយការណ៍របស់ខេមបូចា​ ឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ មានករណីយាយីចំនួន៣៥ករណីដែលកើតឡើងលើអ្នកសារព័ត៌មានចំនួន​៧២នាក់។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញផ្សាយរបាយការណ៍ជាលើកដំបូងរបស់ខ្លួន​ ស្តីពី «ស្ថានភាពអ្នកសារព័ត៌​មាន​ក្នុងឆ្នាំ២០២០» នៅថ្ងៃនេះ។ ក្នុងរបាយការណ៍នេះ ឱ្យ​ដឹង​ថា នៅក្នុងឆ្នាំ២០២០ ការយាយីទាំង៣៥ករណី ប្រឆាំងនឹងអ្នកសារព័ត៌មានចំនួន៧២នាក់នោះ រួមមាន ការឃុំខ្លួនក្នុងពន្ធនាគារ និងការប្រើអំពើហិង្សា ក្នុងនោះ ការឃុំខ្លួនមានចំនួន៣១នាក់ (ស្មើនឹងប្រមាណ៤៣% នៃករណីសរុប) និង ២២នាក់ទៀតទទួលរងការវាយដំលើរូបកាយឬរងការគំរាមប្រើអំពើហិង្សានៅពេលកំពុងបំពេញការងារជាដើម។

ខេមបូចា កត់សម្គាល់ថា ក្នុងឆ្នាំ២០២០នោះដែរ​  អ្នកអនុវត្តច្បាប់តែងតែយកក្រមព្រហ្មទណ្ឌមកប្រើជាឧបករណ៍ ដើម្បីបំភិតបំភ័យនិងចាប់អ្នកសារព័ត៌មានភាគច្រើនដាក់ពន្ធនាគារ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ឬ «ជំរិតទារប្រាក់» តាមមាត្រា៤៩៥ និងមាត្រា២៣២ នៃក្រមព្រហ្មទណ្ឌ។

ខេមបូចា បញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន១០នាក់ កំពុង​ជាប់ពន្ធនាគារ និងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ពីបទឧក្រិដ្ឋ ក្នុងនោះ​មានលោក រស់ សុឃិត និងលោក សុខ ឧត្តម ដែលត្រូវផ្តន្ទាទោស និងចោទប្រកាន់ពីបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ រីឯអ្នកសារព័ត៌មានចំនួន៨នាក់ទៀតកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ដោយជាប់ចោទពីបទ «ជំរិតទារ​ប្រាក់»។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា ការបន្តចាប់ឃុំខ្លួន ការឃុំឃាំង និងការគំរាមកំហែងជាបន្តបន្ទាប់លើអ្នកសារព័ត៌មាន បាន​ធ្វើឱ្យខូចដល់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមប្រជាធិបតេយ្យ និងធ្វើឱ្យមានការភ័យខ្លាចចំពោះអ្នកដែលបានចុះផ្សាយរឿងរ៉ាវឬករណីដែលពាក់ព័ន្ធនឹងមន្ត្រីអ្នកមានអំណាច។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ទេ។

អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុករបាយការណ៍របស់ ខេមបូចា ថាធ្វើឡើងផ្អែកតាមរូបភាពនិងព្រឹត្តិការណ៍ខាងក្រៅតែប៉ុណ្ណោះ ដោយមិនបានសិក្សាពីអង្គហេតុនិងអង្គច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ លោកបន្តថា របាយការណ៍នេះធ្វើឡើង​ដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយបរទេស ហេតុនេះមិនអាចលើកកម្ពស់សិទ្ធិសេរីភាពអ្នកសារព័ត៌មានបាននោះទេ។

លោកមានប្រសាសន៍ថា៖ «បើ ខេមបូចា ធ្វើតែរបាយការណ៍របៀបនេះ ដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយបរទេសនៅពីក្រោយ ឬមួយក៏ធ្វើរបាយការណ៍ដើម្បីតែបម្រើ​​ឱ្យរបៀបវារៈនយោបាយរបស់បរទេសដែលជាម្ចាស់ជំនួយនោះ របាយ​ការណ៍​នឹងមិនមានប្រយោជន៍សម្រាប់សង្គមជាតិ ហើយមិនមានប្រយោជន៍ក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងការពារសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននោះទេ»។

នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បានច្រានចោល​ចំពោះការលើកឡើងរបស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និងថារបាយការណ៍ដែល ខេមបូចា បានរកឃើញនេះ​ ជាព័ត៌មាន​ពិត​កើត​មាន​ឡើង​នៅក្នុងសង្គមជាក់ស្តែង និងមានភស្តុតាងគ្រប់ជ្រុងជ្រោយ​ថែមទៀតផង។

ទោះយ៉ាងណា លោក​បាន​អំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍កុំឱ្យមានការប្តឹងអ្នកសារព័ត៌មានតាមក្រមព្រហ្មទណ្ឌ និងស្នើឱ្យទម្លាក់ការចោទប្រកាន់លើអ្នកសារព័ត៌មាន រួមទាំងស្វែងរកឃាតករដែលបាញ់សម្លាប់អ្នកសារព័ត៌មាននា​ពេល​កន្លងមកដើម្បីផ្តន្ទាទោសតាមច្បាប់ជាដើម នោះទើបធ្វើឱ្យសេរីភាពអ្នកសារព័ត៌មានមានភាពល្អប្រសើរនៅកម្ពុជា។

លោកស្នើដូច្នេះថា៖ «យើងស្នើឱ្យបញ្ចប់ចំពោះការប្តឹងផ្តល់ប្រឆាំងអ្នកសារព័ត៌មាន ហើយផ្តល់ការគាំទ្រតាមរយៈការណែនាំទៅអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជាជាងការហាមប្រាមកិច្ចការងាររបស់អ្នកសារព័ត៌មាន។ ចំណុចមួយទៀត យើងក៏ទទូចឱ្យមានការប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ដោយបញ្ឈប់ប្រើប្រាស់ក្រមព្រហ្មទណ្ឌដើម្បីប្តឹងផ្តល់ប្រឆាំងជាមួយអ្នកសារព័ត៌មាន»។

របាយការណ៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៩ ដែល​ចេញ​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បានចាត់​​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​កម្ពុជា​ ១៤៣ លើ​ ១៨០ ដែល​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ដោយកាលពីឆ្នាំ២០១៧ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់ ១៣២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ