អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​​កើន​ឡើង​​​៤០​​នាក់​ទៀត​ ក្នុង​នោះ​មាន​​ទារក​និង​​កុមារ​​ជិត​​១០​​នាក់​​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល នៅថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍​​២០កុម្ភៈ ចំនួន​៤០​នាក់បន្ថែមទៀត ក្នុងនោះមានទាំង​ទារកអាយុ​៤ខែ និងកុមារ​អាយុ​ក្រោម​១០ឆ្នាំផងដែរ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ​ឆ្នាំ២០២១ ឱ្យ​ដឹង​ថា អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៤០​នាក់នោះ មានជនជាតិចិន ៦នាក់ និងជនជាតិខ្មែរ ៣៤នាក់។ ក្រសួងបន្តទៀតថា ក្នុងចំណោមជនជាតិខ្មែរ ៣៤នាក់នោះ ក៏​មានទារក​អាយុ៤ខែ​​ម្នាក់ និង​​​កុមារ​អាយុចន្លោះពី១ឆ្នាំ ដល់៩​ឆ្នាំ ចំនួន៦នាក់។

ក្រសួងបន្តថា អ្នកជំងឺខាងលើត្រូវបានក្រសួងរកឃើញមានកូវីដ-១៩ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ត្បូងឃ្មុំ តាកែវ ស្វាយរៀង ក្រចេះ កោះកុង កំពត និងខេត្តកណ្ដាល។

ក្រៅពីអ្នកឆ្លង ក្រសួងថា ក៏មានអ្នកជាសះស្បើយ​ពីជំងឺនេះចំនួន៦នាក់​ផងដែរដែលជាអ្នកបាន​ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុប១ ៧៤៨នាក់ ក្នុងនោះ ស្លាប់ចំនួន១១​នាក់។

របាយការណ៍ក្រសួងសុខាភិបាល​ ឱ្យដឹងទៀត​ថា គិតត្រឹមព្រឹក​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកដែលត្រូវបានរកឃើញថាបានឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស សរុប២ ២៧៣នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ១ ១៧២នាក់ និង​​កំពុង​សម្រាក​ព្យាបាលចំ​នួន​១ ០៨៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ