ក្រសួង​​លុប​​អាជ្ញា​​បណ្ណ​​សារ​ព័ត៌មាន​ចំនួន​២​ក្រោម​ហេតុ​ផល​ថា​បំពាន​វិជ្ជា​ជីវៈ​ធ្ងន់ធ្ងរ

និមិត្តសញ្ញាកាសែត «ស្ទឹងច្រាលប៉ុស្តិ៍» និង «យុវជនតេជោ»។ (ហ្វេសប៊ុករបស់កាសែតទាំងពីរ)

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន២ផ្សេងគ្នា ដោយចោទ​ម្ចាស់​អាជ្ញាបណ្ណថា ផ្សព្វផ្សាយព័ត៌មានបំពានលើវិជ្ជាជីវៈ និងផ្ទុយពីកិច្ចសន្យាអាជីវកម្មដែលតម្កល់នៅក្រសួង។

ប្រកាសរបស់ក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃនេះថា ម្ចាស់អាជ្ញាបណ្ណកាសែតឈ្មោះ «យុវជនតេជោ» និងគេហទំព័រឈ្មោះ ស្ទឹងច្រាល ប៉ុស្តិ៍  «www.Stengchralpost.com» ដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បំពុលសង្គម បង្កឱ្យមានភាពច្របូកច្របល់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈនៃច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនដាក់តម្កល់នៅក្រសួងព័ត៌មាន។

ករណីនេះ ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាបណ្ណសារព័ត៌មានទាំង២ខាងលើនេះ ដោយចោទថា បានបំពានលើវិជ្ជាជីវៈនិងកិច្ចសន្យាអាជីវកម្មរបស់ខ្លួនដែលតម្កល់នៅក្រសួង។

ទោះជាយ៉ាងណា ក្នុងប្រកាសរបស់ក្រសួងព័ត៌មានមិនបានបញ្ជាក់ច្បាស់ពីអង្គហេតុនៃការបំពុលសង្គមនោះដូចម្តេចទេ។

វីអូឌី មិនអាចសុំការបំភ្លឺពីអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍ នៃក្រសួងព័ត៌មាន​ លោក ផុស សុវណ្ណ បានទេ នៅរសៀលនេះ។

បុគ្គលិកជាន់ខ្ពស់ម្នាក់​នៃគេហទំព័រ «យុវជនតេជោ» ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលនៅពេលឃើញប្រកាសរបស់ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណនៃស្ថាប័នខ្លួន។ លោកបាននិយាយថា ស្ថាប័នរបស់គាត់មិនដែលផ្សព្វផ្សាយព័ត៌មានណាដែលធ្វើឱ្យខុសវិជ្ជាជីវៈ និងបំពុលសង្គមដូចក្រសួងលើកឡើងនោះទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមានការភ្ញាក់ផ្អើល ខ្ញុំកំពុងធ្វើការស្រាវជ្រាវ ព្រោះមានបុគ្គលណាគាត់យកឈ្មោះអង្គភាពទៅផ្សាយខុស សម្រាប់ខ្ញុំកាន់កាសែត “យុវជនតេជោ” ខ្ញុំមិនដែលផ្សព្វផ្សាយអ្វីដែលប៉ះពាល់ដល់សង្គមផង»។

រីឯម្ចាស់គេហទំព័រឈ្មោះ ស្ទឹងច្រាលប៉ុស្តិ៍  «www.Stengchralpost.com» វីអូឌី មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃនេះ។

នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា នៅអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ក្រសួងព័ត៌មានបានលុបអាជ្ញាបណ្ណសារព័ត៌មានប្រហែលជា៥ទៅ៦ហើយ។

ករណីនេះ លោកស្នើទៅក្រសួងព័ត៌មានធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានណាមួយ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «ការចាត់វិធានការលុបអាជ្ញាបណ្ណ វាជាការព្រួយបារម្ភសម្រាប់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត ព្រោះការដកអាជ្ញាបណ្ណហ្នឹង វាមានភាពផុយស្រួយពេក»។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានបាន​សម្រេច​លុបប្រកាសលេខ ៣៣៦ ព.ម ក្រប ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ខ្លួនដែលអនុញ្ញាតឱ្យលោក ផែង វណ្ណៈ បើកដំណើរការអាជីវកម្មគេហទំព័រឈ្មោះ «www.phengvannaknews.com»។ ក្រសួងបានបញ្ជាក់ក្នុងប្រកាសដដែលថា ម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយជាការបំពានធ្ងន់ធ្ងរលើវិជ្ជាជីវៈនិងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ