អាជ្ញាធរ​ថា​ពុំ​មាន​វិធានការ​លើ​មន្ត្រី​យោធា​ម្នាក់​ដែល​គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡីស័ក​ទេ ព្រោះ​គាត់​មិន​មាន​ផ្ទុក​កូវីដ-១៩​

មន្ត្រីយោធាដែលរត់គេចពីមណ្ឌលចត្តាឡីស័កភ្នំពេញ ត្រូវអាជ្ញាធរខេត្តពោធិ៍សាត់ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ (ហ្វេសប៊ុក៖ រដ្ឋបាលក្រុងពោធិ៍សាត់)

អាជ្ញាធរ​រាជធានីភ្នំពេញ ឱ្យដឹងថា ជនបរទេសម្នាក់ដែលរឹងរូសមិនព្រមឱ្យក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរកជំងឺកូវីដ និងមន្ត្រីយោធាម្នាក់ដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានី​ភ្នំពេញទៅខេត្តពោធិ៍សាត់នោះ មិនប្រឈមនឹងវិធានការរដ្ឋបាលនិងច្បាប់នោះទេ ដោយសារពួកគេមិនមានផ្ទុកកូវីដ-១៩ និងបានកែខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលវិញ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់ វីអូឌី នៅថ្ងៃនេះថា កាលពីល្ងាចថ្ងៃ​ម្សិលមិញ បុរស​បរទេស​​ម្នាក់ស្នាក់​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែងក្នុ​ង​ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់​ទី១ ខណ្ឌមានជ័យ មានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយមិនព្រមឱ្យក្រុមគ្រូពេទ្យយកសំណាករបស់គាត់នោះទេ បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូលពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ទោះជាយ៉ាងណា លោក​ថា ក្រោយពីការសម្របសម្រួលនិងការពន្យល់ណែនាំពីស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមគ្រូពេទ្យក្រសួងសុខាភិបាល នៅ​ទីតាំងខុនដូនោះ ជនបរទេសរូប​នោះក៏បាន​យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែក្រោមហើយ​។

កាលពីម្សិលមិញនេះដែរ មន្ត្រីយោធាម្នាក់ដែលរត់គេចពីកន្លែងចត្តាឡីស័កនៅរាជធានី​ភ្នំពេញ ទៅខេត្តពោធិ៍សាត់ ចំនួន២ថ្ងៃ ក៏ត្រូវបានក្រុមការងារ​ឃាត់និងឃុំខ្លួនមន្ត្រីយោធានោះនៅមណ្ឌលចត្តាឡីស័កខេត្ត ដើម្បីយកសំណាកទៅពិនិត្យដែរ។

តែករណីនេះ លោក ឃួង ស្រេង អះអាងថា សមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់ចុះស្រាវជ្រាវឃាត់ខ្លួនមន្ត្រីយោធានិងជនបរទេសនោះ ដើម្បីធ្វើចត្តាឡីស័កភ្លាមៗផងដែរ ប៉ុន្តែសមត្ថកិច្ចមិនបានដាក់ពិន័យផ្នែករដ្ឋ​បាល ឬដាក់ទណ្ឌកម្មច្បាប់ ឬបណ្តេញចេញពីកម្ពុជានោះទេ ដោយសារតែ​ពួកគេមិនមែនជាអ្នកផ្ទុកជំងឺកូវីដ-១៩ និងមិនបានចម្លងទៅអ្នកដទៃ ជាដើម។

លោកមានប្រសាសន៍ថា៖ «ក្នុងករណីគាត់ផ្ទុកជំងឺ ហើយគាត់ចេញដើរទៅចម្លងគេ អាហ្នឹងយើងមិនអាចអត់ឱនឱ្យបានឬអប់រំបានទេ គ្រាន់តែថា គាត់ឡូឡាក្នុងកន្លែងធ្វើចត្តាឡីស័ក ហើយមិនទាន់បង្កគ្រោះថ្នាក់ដល់អ្នកដទៃ យើងអប់រំ! ប៉ុន្តែបើ​គាត់ចេញក្រៅ បង្ក​ការចម្លងដល់អ្នកផ្សេងៗទៀត បង្កគ្រោះ​មហន្តរាយដល់អ្នកផ្សេងឬប្រទេសជាតិ យើងអនុវត្តច្បាប់មិនចាំបាច់ទុកយូរទេ ព្រោះច្បាប់យើងចូលជាធរមានហើយ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត គាំទ្រនឹងការលើកឡើងរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលថា មិនធ្វើការពិន័យរដ្ឋបាលឬដាក់ទណ្ឌកម្មច្បាប់លើអ្នកដែលប្រព្រឹត្តខុសនឹងវិធានការសុខាភិបាល ខណៈពួកគេមិនទាន់យល់ច្បាស់ពីអនុក្រឹត្យនិងច្បាប់ថ្មីស្តីពី «វិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ-១៩ និង​ជំងឺឆ្លងកាចសាហាវនិង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត» ។

ប៉ុន្តែលោក សំអាត បញ្ជាក់ថា បើថ្ងៃក្រោយមានអ្នកផ្សេងប្រព្រឹត្តខុសបែបនេះដែរ ហើយអាជ្ញាធរចាត់វិធានការពិន័យ​ឬដាក់ទណ្ឌកម្មច្បាប់ នឹងរកការរិះគន់ពីមហាជនទៅវិញ។

លោកមានប្រសាសន៍ថា៖ «ការអនុវត្តនេះធ្វើម៉េចឱ្យមានភាពស្មើគ្នា ដើម្បីកុំឱ្យមានការរិះគន់ទៅថ្ងៃក្រោយថា នៅពេលដែលអ្នកផ្សេងគាត់ត្រូវធ្វើអញ្ចឹងដែរ ត្រូវជាប់ពិន័យ ត្រូវជាប់ពន្ធនាគារ គឺមានការរិះគន់ច្រើនហើយ»។

លោក អំ សំអាត ផ្តល់ជាអនុសាសន៍ថា អនុក្រឹត្យឬច្បាប់ស្តីពី «វិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ-១៩ និង​ជំងឺឆ្លងកាចសាហាវនិង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត» រដ្ឋាភិបាលត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាប​ដល់ប្រជាពលរដ្ឋទូទាំងប្រទេស មុននឹងយកទៅអនុវត្តតឹងរ៉ឹងលើអ្នកដែលប្រព្រឹត្តខុសច្បាប់នោះ។

មាត្រា៧ នៃច្បាប់ ស្តីពី «វិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ-១៩ និង​ជំងឺឆ្លងកាចសាហាវនិង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត» ចែងថា អំពើគេចវេះមិនធ្វើចត្តាឡីស័ក ឬចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវទទួលពិន័យអន្តរការណ៍តាមការកំណត់នៅក្នុងអនុក្រឹត្យ និងត្រូវផ្តន្ទាទោសពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០រៀល​ ទៅ ១០ ០០០ ០០០​រៀល កាលបើអំពើនេះ​បណ្តាលឱ្យចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

ចំណែកមាត្រា២១ នៃអនុក្រឹត្យស្តីពី «វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ-១៩ និង​ជំងឺឆ្លងកាចសាហាវនិង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត» ចែងថា ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី​ ១ ០០០ ០០០រៀល​ ទៅ ៥ ០០០ ០០០​រៀល ចំពោះបុគ្គលដែលមិនសហការជាមួយមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដូចមានចែងក្នុងមាត្រា១០នៃអនុក្រឹត្យនេះ។

មាត្រា២២ នៃអនុក្រឹត្យដដែលចែងថា ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី​ ១ ០០០ ០០០​រៀល ទៅ ៥ ០០០ ០០០​រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ​ដល់អ្នកដទៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ