ការ​ដាក់​ញត្តិ​ផ្អាក​បង់​ថ្លៃ​ទឹក​ភ្លើង​និង​ធនាគារ​ត្រូវ​រំសាយ​ ក្រោយ​យុវជន​៦​នាក់ត្រូវ​ឃាត់​ខ្លួន​សួរ​នាំ​

កញ្ញា កែវ ទិត្យលីដា ប្រធានសមាគមស្ត្រីដើម្បីសង្គម លើកបដាដែលសរសេរក្នុងន័យស្នើសុំកិច្ចអន្តរាគមន៍បន្ធូរបន្ថយថ្លៃទឹកភ្លើងនិងការបង់សងធនាគារអំឡុងពេលកូវីដ-១៩ដល់កម្មករ។ (ហ្វេសប៊ុក៖ សមាគមនស្ត្រីដើម្បីសង្គម)

ប្រធានសមាគមស្ត្រីដើម្បីសង្គម អះអាងថា គម្រោងនៃការដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការ​លើកលែងបង់ថ្លៃទឹកភ្លើង និងផ្អាកបង់ធនាគាររយៈពេល៣ខែនោះ ត្រូវបានផ្អាកទៅវិញ បន្ទាប់ពីយុវជន៥នាក់ រួមទាំងកញ្ញាផង ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែមីនា។

គម្រោងនៃការដាក់ញត្តិនេះ គ្រោងធ្វើនៅថ្ងៃសុក្រ ទី២៦ ខែមីនានេះ ប៉ុន្តែអាជ្ញាធរបានឃាត់ខ្លួនពួកគេនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ ជាថ្នូរនឹងការដោះលែងវិញ។

កញ្ញា កែវ ទិត្យលីដា ប្រធានសមាគមស្ត្រីដើម្បីសង្គម បានរៀបរាប់ថា ដំបូងឡើយ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ បានឃាត់ខ្លួនយុវជន៣នាក់ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ខណៈដែលពួកគេបានទៅថតចម្លងញត្តិនិងស្នាមមេដៃ ត្រៀមដាក់ជូនខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅថ្ងៃស្អែកនេះ។ បន្ទាប់មក កញ្ញារួមជាមួយយុវជន២នាក់ទៀតបានទៅចូលរួមដោះស្រាយ ដើម្បីឱ្យមានការដោះលែងសមាជិករបស់ខ្លួន ក៏ប៉ុន្តែត្រូវបានអាជ្ញាធរឃាត់ខ្លួនទាំង៦នាក់អស់រយៈពេល១យប់១ថ្ងៃ និងទើបតែត្រូវបានដោះលែងវិញនៅល្ងាចថ្ងៃទី២៥ ខែមីនានេះ បន្ទាប់ពីសមត្ថកិច្ចបានបង្ខំឱ្យធ្វើកិច្ចសន្យាដែលសរសេរដោយដៃឱ្យបញ្ឈប់សកម្មភាពនេះ។

កញ្ញា កែវ ទិត្យលីដា បានមានប្រសាសន៍ថា៖ «គេឱ្យយើងធ្វើកិច្ចសន្យា មាន៤ មិនឱ្យយើងប្រមូលផ្តុំយុវជន មិនឱ្យយើងធ្វើស្នាមមេដៃក្នុងអំឡុងពេលកូវីដហ្នឹង ហើយមិនឱ្យមានការឃោសនាអីជាដើម»

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការឃាត់ខ្លួនយុវជនទាំងនេះ គឺដើម្បីអប់រំនិងធ្វើកិច្ចសន្យាប៉ុណ្ណោះ បន្ទាប់ពីសាម៉ីខ្លួនបានទទួលស្គាល់កំហុស។

លោកមានប្រសាសន៍ថា៖ «ខ្ញុំឱ្យគោលការណ៍គេហើយ បើគាត់ទទួលស្គាល់កំហុសហើយ ហើយគាត់ទទួលថាគាត់ខុសនៅក្នុងវិធានកូវីដហើយ យើងឱ្យគាត់ចេញហើយ ហើយគាត់ក៏បានសារភាពដែរ! ខ្ញុំឱ្យគាត់ចេញថ្ងៃហ្នឹងហើយ»

លោក អំ សំអាត អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ជាសិទ្ធិសេរីភាពក្នុងការសម្តែងមតិ គឺក្រុមយុវជនទាំងនេះមិនខុសច្បាប់នោះទេ ក៏ប៉ុន្តែអ្វីដែលខុសគឺនៅក្នុងកាលៈទេសៈដែលគ្រប់គ្នាត្រូវគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

យ៉ាងណាក្តី លោកបានផ្តល់ជាយោបល់ថា បើក្រុមយុវជនទាំងនេះចង់ដាក់សំណើទៅនាយករដ្ឋមន្ត្រី អាចជ្រើសរើសតាមវិធីផ្សេងបានដែលធានាដល់សុវត្ថិភាពរបស់ខ្លួន។

លោកមានប្រសាសន៍ដូច្នេះថា៖ «អញ្ចឹងអាការឃាត់ខ្លួននេះ វាគួរតែមានការជជែកគ្នាណាមួយដើម្បីដំណោះស្រាយ ហើយថ្ងៃក្រោយទៅ ឱ្យពួកគាត់ហ្នឹងអនុវត្តអ្វីទៅតាមវិធានការរបស់ក្រសួងសុខាភិបាលនិងអាជ្ញាធរ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ អាហ្នឹងជាការល្អហើយ បាទ»

ក្រុមយុវជនសមាគមស្ត្រីដើម្បីសង្គម បានចាប់ផ្ដើមយុទ្ធនាការ ៤សុំ រយៈពេលជាង១០ថ្ងៃមកហើយ ដោយបានចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនិងយុវជនបានជាង២០០នាក់ ដើម្បីដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យលើកលែងថ្លៃទឹកភ្លើងចំនួន៣ខែ រក្សាតម្លៃប្រេងសាំងឱ្យនៅក្រោម៣០០០រៀលក្នុង១លីត្រ លើកលែងការសងប្រាក់ទៅធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុរយៈពេល៣ខែ និងបញ្ចុះតម្លៃបន្ទប់ជួលពាក់កណ្តាលក្នុងរយៈពេល៣ខែ នៅក្នុងអំឡុងពេលប្រជាពលរដ្ឋជួបវិបត្តិដោយសារជំងឺកូវីដ-១៩នេះ។

កញ្ញា កែវ ទិត្យលីដា អាយុ៣០ឆ្នាំ​ គឺជាប្រធានសមាគមស្រ្តីដើម្បីសង្គម។ នាងមានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងនាមជាប្រធានសមាគមស្ត្រីដើម្បីសង្គម នាងបានធ្វើសកម្មភាពដើម្បីសង្គម ជាពិសេសជួយដល់យុវជនដែលពុំមានលទ្ធភាពស្នាក់នៅរៀនសូត្រនៅក្នុងទីក្រុងភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ