លោក​ ស ខេង​ ឱ្យ​ពង្រឹង​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ កុំ​ឱ្យ​ឆ្លង​ចូល​ក្នុង​ពន្ធនាគារ

ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធពន្ធនាគារ ចុះពិនិត្យស្ថានភាពសុខភាព និងផ្សព្វផ្សាយណែនាំនូវគោលការណ៍អនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅពន្ធនាគារខេត្តកោះកុង អំឡុងខែមករា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​ក្រើនរំឭកមន្ត្រីពាក់ព័ន្ធ​ឱ្យពង្រឹងប្រសិទ្ធភា​ពទប់ស្កាត់​ជំងឺកូវីដ-១៩ កុំឱ្យឆ្ល​ង​ចូលទៅក្នុងពន្ធនាគារ ដោយថា ជំងឺនេះកំពុងឆ្លងរាលដាលក្នុងសហគមន៍ និងបានសម្លាប់មនុស្សមួយចំនួន រួមទាំងមន្ត្រី​នគរបាលជាតិផងដែរ។

លោក ស ខេង បាន​លើកឡើង​នៅ​ក្នុងសេចក្តីណែនាំចុះថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២១​ ថាជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិ​កា​រណ៍សហគមន៍២០កុ​ម្ភៈ មានអ្នកឆ្លងកើនឡើង​ជាបន្តបន្ទាប់ និងបានសម្លាប់មនុស្ស៥នាក់ ក្នុងនោះមានមន្ត្រីគរបាលជាតិ២រូបផងដែរ។

បើ​តាមសេចក្តីណែនាំនោះ លោក ស ខេង បានដាក់ចេញវិធានការ៦ចំណុច រួមមាន​ ថ្នាក់ដឹកនាំ ត្រូវអនុវត្តឱ្យបានខ្ជាប់​ខ្ជួន​នូវវិធានការសុខាភិបាល ដូចជា ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម គ​ម្លាតសុវត្ថិភាពបុគ្គល និង​ត្រូវអនុវត្តតាម​ច្បាប់ស្តីពី «វិធានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩» និង​ «អនុ​ក្រឹត្យស្តីពីវិធា​នសុខា​ភិបាល»។

ក្រៅពីនេះ លោកបានណែនាំឱ្យ​​ផ្សព្វផ្សាយពីវិធានការច្បាប់​ដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារចំណុះឱ្យក្រ​សួង​ម​ហាផ្ទៃ និងក្រុមគ្រួសារ សំដៅដល់ការរួមគ្នាទប់ស្កាត់ជំងឺនេះឱ្យមានប្រសិទ្ធភាព ។

លោកបានគូសបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិធានសុខាភិបាលនានា ការថែរក្សាសុខភាព និងអនាម័យ​ចំពោះជនជាប់ឃុំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំទាំងអស់នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស»។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សវនា បានប្រាប់ថា ពន្ធនាគារទូទាំងប្រទេស មិនទាន់មានលទ្ធភាពរក្សាគម្លាតសុវត្ថិភាពបុគ្គលរវាងអ្នកជាប់ឃុំនិងអ្នកជាប់ឃុំបាននៅឡើយទេ ដោយសារតែពន្ធនាគារមានស្ថានភាពចង្អៀតណែន។

លោកថា៖ «ការរក្សាគម្លាត យើងធ្វើបានតែរវាងមន្ត្រីនិងជនជាប់ឃុំ មន្ត្រីនិងមន្ត្រីទេ! ចំពោះជនជាប់ឃុំ យើងមិនអាចធ្វើបានទេ ដោយសារស្ថានភាពទីតាំងយើងវាចង្អៀត»។

តែយ៉ាងណា លោកថា មន្ត្រីពន្ធនាគារបានដាក់ចេញនូវ​ចំណាត់ការផ្នែកអនាម័យជាប្រចាំ និងអនុវត្តវិធានសុខាភិបាល​មួយចំនួនចាប់តាំងពីកម្ពុជាផ្ទុះជំងឺនេះមក ដូចជា ការចែកម៉ាស់ ចែកសាប៊ូ និងបាញ់អាល់កុ​លតាមច្រកទ្វារចេញចូល ការត្រួតពិនិត្យកម្តៅទាំងអ្នកជាប់ឃុំនិងមន្ត្រីអនុរក្ស រួមទាំងដាក់ឱ្យនៅដាច់ដោយ​​ឡែករយៈ​ពេល​២សប្តាហ៍សម្រាប់​អ្នក​ជាប់​ឃុំថ្មី ដើម្បី​តាម​ដានសុខភាពមុនដាក់បញ្ចូលទៅក្នុងបន្ទប់រួមគ្នា។

លោកថា៖ «ហើយបើមានការសង្ស័យ ដូចជា ក្តៅខ្លួន ក្អក ឬឈឺក អាហ្នឹងយើងទាក់ទងទៅមន្ទីរពេទ្យបង្អែកភ្លាម ហើយនិងមន្ទីរសុខាភិបាលខេត្ត-រាជធានីភ្លាមៗ»។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​​បញ្ញវន្ត​ខ្មែរ​ លោក មួង សូនី ដែល​មានប្អូនប្រុសម្នាក់កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស បានគាំទ្រវិធានការរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែលោក​បារម្ភពីប្រសិទ្ធភាពនៃការអនុវត្ត ។

លោកបាន​​គូសបញ្ជាក់ថា កន្លង​ទៅ ​ក្នុងពន្ធ​នាគារ ​មនុស្ស​ផ្សេងអាចមកស្នាក់នៅជាមួយអ្នកជាប់ឃុំបាន បើពួកគេហ៊ានចាយលុយឱ្យទៅមន្ត្រីពន្ធនាគារ ដែលលោកចង់ឃើញវិធានការទប់ស្កាត់អំពើពុករលួយនេះផងដែរ។

លោកថា៖ «អ្វីដែលខ្ញុំបារម្ភ គឺមន្ត្រីយើងតាំងពីថ្នាក់ក្រោមទៅដល់ថ្នាក់លើខាងពន្ធនាគារហ្នឹង ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព កុំឱ្យមានអំពើពុករលួយនៅក្នុងពន្ធនាគារហ្នឹង […] បើសិនជាមានជំងឺកូវីដតែម្នាក់ហ្នឹង វានឹងពិបាកហើយ»។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនេះជាហានិភ័យខ្ពស់សម្រាប់អ្នកជាប់ឃុំ ប្រសិនបើមិនអនុវត្ត​វិធានការ​​នេះឱ្យ​មាន​ប្រសិទ្ធភាពទេនោះ។

លោកថា៖ «អ្វីដែលសំខាន់យើងឃើញថា ភាពអយុត្តិធម៌មួយចំពោះអ្នកជាប់ឃុំទូទៅ យើងឃើញថា ឧកញ៉ាមួយចំនួន ឬក៏អ្នកមានទ្រព្យ ឬមានអំណាចមួយចំនួន ដែលជាប់[ឃុំ]ហ្នឹង គឺច្រើនតែយកមន្ទីរពេទ្យធ្វើជាពន្ធនាគារ»។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty​ International)​ អង្គការឃ្លាំមើល​សិទ្ធិមនុស្ស ​(Human Rights Watch)​ និង អង្គការលីកាដូ អំឡុងខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីថ្លែងការណ៍រួមបង្ហាញកង្វល់ពីបញ្ហានេះ ដោយលើកឡើងថា ប្រសិន​បើមានការ​ចម្លងវីរុសកូវីដ-១៩ ​នៅក្នុងពន្ធនាគារ​​ដែលមានភាព​ចង្អៀតណែនខ្លាំង​ និងខ្វះ​សម្ភារបរិក្ខារនេះ ​គឺអាច​នឹងធ្វើឱ្យ​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរ ។​

អង្គការទាំងនោះគូសបញ្ជាក់ថា នៅតាម​ពន្ធនាគារ​មួយចំនួន​ អ្នកជាប់ឃុំ​ម្នាក់អាច​មានទីកន្លែង​ផ្ទាល់ខ្លួន​តិចជាង​១ម៉ែត្រការ៉េប៉ុណ្ណោះ​ក្នុងបន្ទប់ឃុំឃាំងមួយ​ ហើយការផ្គត់ផ្គង់​ទឹកស្អាតគឺមាន​កម្រិតណាស់ ដែល​​ស្ថានភាពនេះ​ធ្វើឱ្យការ​អនុវត្ត​វិធានការ​សុវត្ថិភាព ​​ដូចជា ​ការរក្សាគម្លាតសង្គម​ និងការលាង​សម្អាតដៃ​ឱ្យបានញឹកញាប់​ ស្ទើរតែ​មិនអាចធ្វើទៅបានឡើយ ។​

តែយ៉ាងណា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានអូសបន្លាយជាង១ខែមកនេះ មិនមានករណីរកឃើញអ្នកជាប់ឃុំណាម្នាក់ឆ្លងជំងឺកូវីដ-១៩នៅឡើយទេ បើទោះព្រឹត្តិការណ៍នេះបានសម្លាប់មនុស្ស៥នាក់ និងចម្លងដល់មនុស្ស១ ២៩៣​នាក់នៅក្នុងសហគមន៍ក៏ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ