សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម មិនឱ្យកម្មករចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ចិន។
ថ្មីៗនេះ មានបុរសម្នាក់បានថតវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គម Tik Tok ដោយហាមកម្មករទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិន។ ក្នុងវីដេអូ Tik Tok ប្រមាណជា៣០វិនាទី បុរសរូបនោះបានលើកឡើងថា ប្រសិនជាកម្មករទទួលយកវ៉ាក់សាំងរបស់ចិនមកចាក់ គឺនៅរយៈពេល២ទៅ៣ឆ្នាំទៀត អ្នកចាក់នឹងស្លាប់។
សំឡេងរបស់បុរសនោះនិយាយក្នុងបណ្តាញសង្គមមុនការចាប់ខ្លួនថា៖ «បើសិនយើងទទួលវ៉ាក់សាំងហ្នឹងមកចាក់ ២ទៅ៣ឆ្នាំទៀតនឹងស្លាប់ហើយ។ អញ្ចឹងបងប្អូនអ្នកធ្វើការងាររោងចក្រទាំងអស់គ្នាមិនបាច់ចាក់ទេ ជឿតាមខ្ញុំ បំណងល្អពីខ្ញុំ»។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ប្រាប់វីអូឌីថា បុរសដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដែលហាមកម្មករទៅចាក់វ៉ាក់សាំងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃពុធនេះ ហើយបញ្ជូនទៅស្នងការរាជធានីភ្នំពេញភ្លាមៗផងដែរ។
លោកបន្តថា រហូតមកដល់ម៉ោង៣រសៀលថ្ងៃនេះ សមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធីច្បាប់។
លោកបន្ថែមថា៖ «សមត្ថកិច្ចជំនាញយើងបានសហការជាមួយសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចាប់ខ្លួន[បុរសនោះ]បានហើយ និងបានបញ្ជូនមកស្នងការរាជធានីភ្នំពេញ។ ឥលូវយើងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
ពាក់ព័ន្ធនឹងករណីនេះដែរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅព្រឹកថ្ងៃពុធនេះ បានសរសេរផ្សព្វផ្សាយលើហ្វេសប៊ុករបស់លោក ដោយប្រាប់ឱ្យសាធារណជន ជាពិសេសកម្មករ ត្រូវថតរូបនិងរាយការណ៍ទៅសមត្ថកិច្ចនិងរដ្ឋបាលរោងចក្រជាបន្ទាន់ បើឃើញអ្នកណាម្នាក់ផ្សព្វផ្សាយមិនឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
លោក ហេង សួរ ក៏បានអំពាវនាវដល់កម្មករនិងប្រជាពលរដ្ឋទាំងអស់ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាផងដែរ។ លោកក៏បានស្នើឱ្យសមត្ថកិច្ចមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលផ្សព្វផ្សាយព័ត៌មានបំផ្លើសពីការពិតទាំងនោះផងដែរ។
លោកបន្ថែមថា៖ «សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក! ខ្ញុំនិងមិត្តភក្តិបានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ»។
មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បញ្ជាក់ប្រាប់ វីអូឌី បន្ថែមតាមប្រព័ន្ធ Telegram ថា ការឃោសនា ការបំផុសមិនឱ្យកម្មករឬពលរដ្ឋទៅចាក់វ៉ាក់សាំងនោះ ជាទង្វើខុសច្បាប់និងបំផ្លាញសង្គមជាតិ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការដែលកម្មករទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ វាជារឿងល្អមួយសម្រាប់ពួកគេ ប៉ុន្តែការសម្រេចចិត្តចាក់ឬមិនចាក់ វាជាសិទ្ធិរបស់កម្មករ។
លោកបន្ថែមថា៖ «ពេលនេះ រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង។ អញ្ចឹងបើមានអ្នកណាមិនពេញចិត្តឬជំទាស់ នឹងមានបញ្ហាហើយ។ បើយើងមើលការលើកឡើងរបស់ឯកឧត្តម ហេង សួរ មានន័យថា ចាត់វិធានការតែម្តង ចំពោះអ្នកណាដែលធ្វើបែបហ្នឹងតែម្តង [បំផុលមិនឱ្យចាក់វ៉ាក់សាំង]។ ខ្ញុំមិនដឹងថា អ្នកនោះគេធ្វើក្នុងគោលបំណងអីទេ ប៉ុន្តែជាទូទៅខ្ញុំគិតថា ការចាក់វ៉ាក់សាំងមិនមែនជាឧបសគ្គ ឬមានបញ្ហាអីទេ ពីព្រោះភាគច្រើនដូចជាមានអ្នកចង់ចាក់វ៉ាក់សាំងនេះច្រើនដែរ»។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងការងារ ក៏បានស្នើដល់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជួយសម្របសម្រួលជាមួយម្ចាស់រោងចក្រ រៀបចំបញ្ជីឈ្មោះពេទ្យ ក្រុមការងារ និងបន្ទប់ឬទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងដល់កម្មកររោងចក្រ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី២៣ ខែមីនានេះ យ៉ាងហោចណាស់មានកម្មករបម្រើការនៅតាមរោងចក្រកាត់ដេរ២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះ កម្មករផ្នែកបោកគក់ម្នាក់នៅរោងចក្រមួយក្នុងខណ្ឌដង្កោ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅដើមខែមីនា ដែលនាំឱ្យអ្នកប៉ះផ្ទាល់និងប្រយោលជាង៧០០នាក់ត្រូវបានធ្វើតេស្តនិងដាក់ខ្លួននៅដាច់ដោយឡែក៕