រដ្ឋា​ភិបាល​​ណែ​នាំ​ឱ្យ​​គ្រប់​វត្ត​អារាម​ទូង​ស្គរ​​មួយ​ថ្ងៃ​៥​ដង​ ដើម្បី​រំឭក​ពលរដ្ឋ​រួម​គ្នា​ទប់​ស្កាត់​កូវីដ-១៩

ទិដ្ឋភាពនៅពីមុខខ្លោងទ្វារវត្តសាមគ្គីរង្សី។ រូបភាព៖ សូត សុខប្រាថ្នា

រដ្ឋាភិបាល​ណែនាំទៅគ្រប់វត្តអារាម​នៅទូទាំ​ងប្រទេស វាយគង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ដើម្បីជាសាររំឭកប្រជា​ពលរដ្ឋ​ឱ្យចូលរួមប្រយុទ្ធប្រឆាំងនិង​ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតចប់ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។

ការណែនាំនេះបានធ្វើឡើងតាមរយៈ​សារាចររបស់ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៣ ខែមីនាម្សិលមិញ។

សារាចរនោះបានលើកឡើង​​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ក្រសួងធម្មការ និងសាសនា ជួយប្រាប់ទៅប្រធានមន្ទីរធម្ម​ការ និងសាសនា រាជធានី-ខេត្ត សហការជាមួយមេគណ ព្រះគ្រូអនុគណ ធ្វើការណែនាំទៅគ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេស វាយគង ជួង រគាំង ទូងស្គរ ចំនួន​៥ដងក្នុងមួយថ្ងៃព្រមៗគ្នា ដើម្បីជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឱ្យមានការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ «៣ការពារ ៣កុំ» របស់រដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតចប់ព្រឹត្តិការណ៍២០កុម្ភៈ។

សារាចរដដែលបញ្ជាក់ថា ពេលវេលាដែលត្រូវអនុវត្តចំនួន៥ដងក្នុងមួយថ្ងៃ​នោះ រួមមាន លើក​ទី១ ចាប់ផ្តើមនៅម៉ោង៥​ព្រឹក, លើកទី២ ម៉ោង១១​ព្រឹក, លើកទី៣ ម៉ោង២រសៀល, លើកទី៤ ម៉ោង៥ល្ងាច និងលើកទី៥ ម៉ោង៨​យប់។

គិត​ចាប់តាំង​ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ​ការណ៍សហគមន៍២០កុម្ភៈ សរុប១ ២៩៣​នាក់ ក្នុងនោះ អ្នកស្លាប់​ចំនួន​៥នាក់ ខណៈអ្នកឆ្លងទូទាំងប្រទេសសរុបបាន​កើនដល់​១ ៨១៧នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ១ ០៣៣​នាក់ និងកំពុងសម្រាកព្យាបាល៧៧៧​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ