ជំងឺ​កូវីដ-១៩​ ឆ្លង​រាល​ដាល​ដល់​ខេត្ត​ត្បូងឃ្មុំ​ ខណៈ​អាជ្ញាធរ​រក​មិន​ទាន់​ឃើញ​ប្រភព​ចម្លង​

ខ្លោងទ្វារច្រកចូលមន្ទីរពេទ្យបង្អែក ព្រះនរោត្ដមសីហនុ ត្បូងឃ្មុំ។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង)

អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាលើកដំបូងលើមន្រ្តីនគរបាលខេត្តម្នាក់ បន្ទា​ប់ពីអ្នកជំងឺលេចចេញរោគសញ្ញា ហើយទៅស្វែងរកការព្យាបាលនៅគ្លីនិកឯកជន២កន្លែង មុននឹងយកសំ​ណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល​ខេត្តត្បូងឃ្មុំ នៅថ្ងៃម្សិលមិញ ឱ្យដឹងថា មុន​រកឃើញថាវិជ្ជមានវីរុសកូវីដ-១៩ អ្នកជំងឺវ័យ៤២ឆ្នាំរូបនោះ បានទៅធ្វើ​បុ​ណ្យ​នៅ​ភូ​មិកំណើត ក្នុងឃុំថ្មពូន ស្រុកកញ្ច្រៀង ខេត្តព្រៃវែង ថ្ងៃទី១២​ ខែមីនា បន្ទាប់មក លោកទៅសម្រាកព្យាបាលនៅគ្លីនិកមួយក្នុងស្រុកមេ​មត់ និងទៅថតសួតនៅមន្ទីរពេទ្យឯកជនក្នុងក្រុងសួង នៅថ្ងៃទី២១​ ខែមីនា។

អ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំ លោក កេង ប៉ុនណា ប្រាប់​ VOD ​នៅថ្ងៃពុធនេះថា អាជ្ញាធរបាន​ស្រាវជ្រាវរកឃើញអ្ន​កប៉ះផ្ទាល់ជាមួយអ្នកជំងឺចំនួន១៤នាក់ និងអ្នកប៉ះប្រយោល១៥នាក់ បានបិទទីតាំងគ្លីនិកដែលអ្នកជំងឺបានចូ​លព្យាបាលជាបណ្តោះអាសន្ន។

មន្រ្តីរដ្ឋបាលខេត្តរូបនេះបន្ថែមថា អាជ្ញាធរមិនទាន់ស្រាវជ្រាវដឹងពីប្រភពចម្លងនៃមេរោគនៅឡើយ​។ យ៉ាងណា​ លោកដាក់ការសង្ស័យថា អ្នកជំងឺអាចនឹងប៉ះជាមួយមេរោគអំឡុងពេលទៅធ្វើបុណ្យឱ្យម្តាយនៅស្រុកកំណើតក្នុងខេត្តព្រៃវែង កាលពីជាង១០ថ្ងៃមុន។

លោក កេង ប៊ុនណា មានប្រសាសន៍ថា៖ «មុននឹងគាត់ចេញជារោគសញ្ញាហ្នឹង គាត់បានទៅចូលរួមបុណ្យខួប១០០​ថ្ងៃ​ម្តាយ​គាត់​​នៅខាងខេត្តព្រៃវែង។ ក្រែងលោគាត់ឆ្លងពីខាងណោះមកមិនដឹង ឬក៏គាត់ឆ្លងមកពីណាទៀតក៏មិនដឹង។ ប៉ុន្តែបើតាមរបាយការណ៍ប្រធានអង្គភាពរាយការណ៍មកខេត្ត ប្រហែលជា[ឆ្លង]ខ្ទង់ថ្ងៃ១២ហ្នឹង ប្រហែល​ជាមកពីខាងព្រៃវែងមកហើយមើលទៅ»

ប្រភពដដែលបន្ថែមថា អាជ្ញាធរកំពុងបង្កើនការប្រុងប្រយ័ត្ន ឱ្យមន្រ្តីតាមស្ថាប័នផ្សេងៗ​ធ្វើការពីផ្ទះបើអាច និងចុះអប់រំពលរដ្ឋមូលដ្ឋានឱ្យពាក់ម៉ាស់ពេលនៅមានគ្នាចាប់ពី២នាក់ រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំផ្សេង​ៗ។ យ៉ាងណា លោ​កថា ស្ថានការណ៍នៃការចម្លង​ក្នុងខេត្ត គឺអាចគ្រប់គ្រងបាននៅឡើយ។

លោកថា​៖ «ព្រោះយើងបានដឹងភ្លាមដែរ ហើយអ្នកដែលពាក់ព័ន្ធហ្នឹង ក៏យើងបានប្រមូលគាត់យកមកដាក់ធ្វើចត្តាឡីស័ក។ ហើយអ្នកដែលប៉ះប្រយោលហ្នឹង ក៏យើងបានណែនាំគា​ត់ដែរ»

ដោយឡែក មេឃុំថ្មពូន ស្រុកកញ្ច្រៀង ខេត្តព្រៃវែង លោក ឃិន ចាប ឱ្យដឹងថា អាជ្ញាធរបានរកឃើញមនុស្ស៥នាក់ និងអ្នកប៉ះប្រយោលក្នុងពិធីបុណ្យ១៧នាក់។ លោកថា អ្នកទាំង៥ដែលជាក្រុមគ្រួសាររបស់អ្នកជំងឺ ត្រូវបានយកសំណាកទៅធ្វើតេស្ត​និងដាក់ឱ្យធ្វើចត្តាឡីស័ក និងបានណែនាំឱ្យអ្នកប៉ះប្រយោលទៅធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង។

អាជ្ញាធរឃុំរូបនេះលើកឡើងថា មន្រ្តីនគរបាលរូបនោះអាចនឹងឆ្លងជំងឺពីកន្លែងផ្សេង បន្ទាប់ពីត្រឡប់ទៅវិញ គឺមិនមែនឆ្លងនៅក្នុងអំឡុងធ្វើពិធីបុណ្យនោះទេ។

លោក ឃិន ចាប និយាយថា៖ «ការពិតទៅ ខ្ញុំក៏មិនដឹងដែរ បើអ្នកមកធ្វើបុណ្យទានហ្នឹងគឺសុទ្ធតែយាយៗតាៗនៅក្នុងភូមិហ្នឹងទេ​។ អត់មានក្មេងមកពីឆ្ងាយៗទេ អត់មានទេ។ យើងពិនិត្យជារួមទៅឃើញថាអញ្ចឹង។ តាមពិត គាត់មន្រ្តីនគរបាល គាត់ដើរចុះធ្វើការចុះឡើង យើងមិនដឹងជាប្រភពហ្នឹងចម្លងមកពីណាមក ក៏យើងអត់ដឹងដែរ»

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងថា ករណីឆ្លងដែលរកឃើញថ្មីៗនេះ ពិបាកនឹងរក​ប្រភពច​ម្ល​ងឃើញណាស់ ដោ​យសារការចម្លងបានកើតឡើងតៗគ្នា​ចូលក្នុងសហគមន៍ តាមរយៈការធ្វើដំណើររបស់អ្នក​មានផ្ទុកវីរុស ហើយមួយទៀតគឺ​​អាស្រ័យទៅលើ​​ភាពស្មោះត្រង់របស់អ្នកជំងឺក្នុងការផ្តល់ព័ត៌មានពីទីកន្លែងនិងអ្នកពាក់ព័ន្ធ។

លោកស្រី​មានប្រសាសន៍ថា៖ «ដូចមីងនិយាយថា មនុស្សកុំឱ្យចល័ត កាលណាចល័ត វាប៉ះហើយ ហើ​​យភាគច្រើ​ន​អ្នកខ្លះគេមិនស្តាប់ទេ គេត្រូវតែចល័ត។ ត្រូវតែចល័ត អាហ្នឹងទទួលយកខ្លួនឯងទៅ មីងពិបាកដែរ អាហ្នឹងបើយើង​មិនគិតខ្លួ​នយើង មិនដឹងទៅឱ្យពីណាគិតឱ្យ»

លោក​ស្រីបន្ថែមថា ដើម្បីបញ្ចៀសការចម្លងតគ្នាទៅក្នុងក្រុមគ្រួសារ សហគមន៍ និងរីករាលដាលដល់សហគមន៍តាមខេត្តក្រុងផ្សេងៗទៀត គ្រប់គ្នាត្រូវតែអនុវត្តវិធានការពាក់ម៉ាស់មុខឱ្យបានត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាព ឧស្សាហ៍លាងសម្អាតដៃនឹងសា​ប៊ូ​ឬជែល ចៀសវាងការជួបជុំ និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់ ជាដើម។

តាមរបាយការណ៍ពីក្រសួងសុខាភិបាល ការរកឃើញថ្មីនេះបានធ្វើឱ្យព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រីករាលដាលឡើ​ងដល់១៣ខេត្ត-រាជធានី ក្នុងរយៈពេលជាង៤សប្តាហ៍ ជាមួយករណីឆ្លងសរុប១ ២៩៣នាក់ ក្នុងនោះករណីស្លាប់មាន៥នាក់ និ​ងកំពុងសម្រាកព្យាបាលមាន៧៦១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ