រដ្ឋ​ស្នើ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​បន្ធូរ​បន្ថយ​ការ​បង់​រម្លស់​ផ្ទះ​និង​ខុនដូ​ដល់​ដំណាច់​ខែ​មីនាឆ្នាំ​២០២២​

ពលរដ្ឋធ្វើដំណើរលើផ្លូវមួយខ្សែពីមុខសំណង់អគារដែលកំពុងតែសាងសង់ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (ហង់ សុខហុង)

រដ្ឋាភិបាលអំពាវនាវទៅក្រុមហ៊ុនអចលនទ្រព្យទាំងអស់នៅកម្ពុជា ជួយបន្ធូរបន្ថយ​ដល់ប្រជាពលរដ្ឋ​​ដែលបានទិញផ្ទះនិងខុនដូ នៅអំឡុងពេលរីករាល​ដាលជំងឺកូវីដ-១៩ រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២ ខណៈជំងឺនេះកំពុងតែរីករាលដាលចូលក្នុងសហគមន៍កាន់តែខ្លាំង។

សេចក្តីប្រកាសរួមរបស់ធនាគារជាតិ​នៃ​កម្ពុជា និង ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ឱ្យដឹងថាកាលពីថ្ងៃទី២២ ខែមីនាម្សិលមិញ​ថា ក្រោយពីទទួលបានអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាពីបញ្ហាប្រឈម​នៃវិស័យអចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩​ និងវិធានការអនុ​គ្រោះផ្សេងៗដល់អ្នកទិញអចលនវត្ថុ​ក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។

ករណីនេះ ធនាគារជាតិ​នៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពាវនាវទៅក្រុមហ៊ុន​អចលនទ្រព្យទាំងអស់នៅកម្ពុជា ជួយបន្ធូរបន្ថយដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះនិងខុនដូ នៅអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ដោយធ្វើការពិនិត្យលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រម្លស់ លើកលែងការផា​កពិន័យ ឬបង់ពិន័យបន្ថែម និងមិនត្រូវមានបន្ទុកការប្រាក់ក្នុងករណីមិនបានបង់ប្រាក់តាមកាលកំណត់ និងត្រូវដាក់ចេញនូវគោលនយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួនលើការបង់រម្លស់អចលនវត្ថុក្នុងបុរី និងសហកម្មសិទ្ធិនានា ជាដើម។

បន្ថែមពីនេះ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យទាំងអស់ត្រូវអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២។

ប៉ុន្តែនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ មិនឃើញ​មានដាក់​ទណ្ឌ​កម្មឬទោស​ទណ្ឌលើក្រុមហ៊ុនអចលនទ្រព្យដែលមិន​គោរពតាមការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងធនាគារជាតិ​នៃកម្ពុជា នោះទេ។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន អ្នកនាំពាក្យធនាគារជាតិ​នៃកម្ពុជា លោកស្រី ជា សិរី និងលោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បានទេ នៅរសៀលថ្ងៃនេះ។

គិតត្រឹមថ្ងៃទី២២ ខែមីនាម្សិលមិញនេះ កញ្ញា កែវ ទិត្យលីដា ប្រធានសមាគមស្ត្រីដើម្បីសង្គម និងក្រុមយុវជនមួយចំនួនបានធ្វើយុទ្ធនាការដើរប្រមូលស្នាមមេដៃពីប្រជា​ពលរដ្ឋនិងកម្មករ-កម្មការិនី នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានចំនួនជាង២០០នាក់ ដើម្បីដាក់សំណើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរា​គមន៍​លើកលែង​ការបង់ថ្លៃទឹក ភ្លើង និងជួយអន្តរាគមន៍ទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកការបង់ប្រាក់​កម្ចីធនាគារមួយរយៈពេលក្នុងអំឡុង​វិបត្តិ​ជំងឺកូវីដ-១៩ផងដែរ ដែលយុទ្ធនាការនេះចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែមីនាមកម្ល៉េះ។

លោក ស្រេង វិចិត្រ ដែលអះអាងថាទិញដីបង់រម្លស់ឱ្យក្រុមហ៊ុនឯកជនមួយនៅម្តុំផ្លូវជាតិលេខ៣ បានសាទរចំពោះការស្នើ​របស់​រដ្ឋាភិបាលទៅកាន់​ក្រុមហ៊ុនអចលនទ្រព្យទូទាំងប្រទេស ឱ្យបន្ធូរបន្ថយក្នុងការបង់រម្លស់ និងមិនពិន័យនៅពេលបង់ប្រាក់មិនបានតាមកាលកំណត់នេះ។

លោកថា ក្នុងអំឡុងពេល​មានវិបត្តិ​កូវីដ-១៩នេះ រូបគាត់ក៏ដូចជាពលរដ្ឋ​ជាច្រើនទៀតបាន​ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ជាពិសេសត្រូវប្រមូលលុយបង់រម្លស់ទៅក្រុមហ៊ុនជារៀងរាល់ខែជាដើម។

លោកមានប្រសាសន៍ថា៖ «សុំឱ្យក្រុមហ៊ុនអចលនទ្រព្យបន្ធូរបន្ថយការប្រាក់បន្តិចទៅ។ ប្រជាជនយើងគ្នាខ្លះរកស៊ីបិច​បោច បោចពីកដែរ! ណាទៅយកទៅបង់គេរាល់ខែ ណាទៅខ្ចីប្អូនបង់បំពេញឱ្យគេទៅ ខ្វះខាតច្រើនណាស់ក្រុមគ្រួសារ​ខ្ញុំ ដោយសារតែរឿងកូវីដហ្នឹងហើយ កុំតែកូវីដ ស្រុកខ្មែរយើងមិនមែនអញ្ចឹងទេ»។

ចំណែកលោក ឌួង សីហា អះអាងថាជាអ្នកទិញផ្ទះបុរីបង់រម្លស់នៅក្នុងរាជធានីភ្នំពេញ និយាយថា លោកនឹងស្នើទៅក្រុមហ៊ុនដើម្បីសុំបន្ធូរបន្ថយនៃការបង់រម្លស់ ដោយសារតែបញ្ហាកូវីដ-១៩នេះ ធ្វើឱ្យគាត់ពិបាករកប្រាក់បង់រម្លស់ទៅឱ្យក្រុមហ៊ុនអចលនទ្រព្យនោះ។

លោកមានប្រសាសន៍ថា៖ «សូមឱ្យម្ចាស់ក្រុមហ៊ុន ម្ចាស់បង់រម្លស់ជួយបន្ធូរបន្ថយឱ្យប្រជាពលរដ្ឋផង ហើយអ្នកខាងបង់រម្លស់ដូចជាខ្ញុំ មានអីបង់ឥលូវហ្នឹង? កុំពិន័យកុំអី រកមិនបានអញ្ចឹង ព្រោះខ្ញុំបង់រម្លស់ កំពុងតែរកអីបង់មិនបាន រកអីមិនបាន មិនដឹងម៉េចទេឥលូវ»។

ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​​ក្រុមហ៊ុន Emerging Markets Consulting (EMC) លោក ង៉ែត ជូ មានប្រសាសន៍ថា ម្ចាស់អចលនទ្រព្យ ត្រូវពិនិត្យឡើងវិញលើការបង់រម្លស់របស់អតិថិជន ដោយធ្វើការវាយតម្លៃ​ប្រកបដោយតម្លាភាព និងមានការ​យោគយល់ក្នុងការបន្ធូរបន្ថយការបង់រម្លស់អំឡុងពេលការឆ្លងរាលដាលនៃជំងឺ​កូវីដ-១៩ ដើម្បីឱ្យស្របតាមការស្នើសុំរបស់រដ្ឋាភិបាលក្នុងគ្រាមានអាសន្នបែបនេះ។

លោកមានប្រសាសន៍ថា៖ «ដើម្បីឱ្យច្បាស់ទាំងអស់គ្នា អ្នកដែលគាត់ដាក់សំណើសុំការបន្ធូរ​​បន្ថយលក្ខខណ្ឌបង់ ឬការពន្យារពេលបង់ ជាដើម គឺគាត់ត្រូវមានភស្តុតាង មានលិខិតបញ្ជាក់ពីប្រាក់ខែរបស់គាត់ដែលត្រូវគេកាត់ ឬគាត់ត្រូវបានបាត់បង់ការងារ ជាដើម។ ទី២ តម្រូវឱ្យម្ចាស់ធនាគារ ម្ចាស់បុរី គឺទាមទារភស្តុតាងពីអ្នកដែលមានការងារនៅក្នុងការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ ការងារច្បាស់លាស់ ត្រូវមានលិខិតបញ្ជាក់មក តែអ្នកដែលសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មិនមានលិខិតបញ្ជាក់ ធនាគារនិងម្ចាស់បុរីត្រូវយល់ដោយស្វ័យប្រវត្តិ ចំណូលគាត់ចង់ឬមិនចង់ ត្រូវធ្លាក់ចុះហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ