កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ចំនួន​៣៥​នាក់​ និង​អ្នក​ជា​សះ​ស្បើយ​​៣២​នាក់​​

បុគ្គលិកធ្វើការនៅណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមូលផ្ដុំគ្នាតម្រង់ជួររង់ចាំការធ្វើតេស្តយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៣៥នា​ក់​​បន្ថែម​ទៀត ក្នុងនោះមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ ចំនួន៣៣នាក់ និង​អ្នកធ្វើដំណើរមកពីក្រៅប្រទេស២នាក់ ខណៈមានអ្នកជាសះស្បើយ៣២នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន៣៣​នាក់ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ និងសៀមរាប។

ចំណែកអ្នកឆ្លងជំងឺនេះ២នាក់ទៀត ក្រសួងថា ជាបុរសជនជាតិឥណ្ឌូនេស៊ី ធ្វើអ្នកដំណើរ​មកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។​

ក្រសួងសុខាភិបាលបាន​បន្តថា កាលពីថ្ងៃម្សិលមិញ ក៏មាន​​អ្នកជំងឺកូវីដ-១៩ ចំនួន៣២នាក់ដែរ ដែលជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងជនបរទេសដែលធ្វើដំណើរមកពីប្រទេសលីប៊ី។​

គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុប១ ២៦៦នាក់ ក្នុងនោះ អ្នកស្លាប់​ចំនួន៤នាក់ ខណៈអ្នកឆ្លងទូទាំងប្រទេសសរុបបានកើនដល់​១ ៧៨៨នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ៩៩៩នាក់ និងកំពុងសម្រាកព្យាបាល៧៨៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ