គ្រូពេទ្យ​ឯកទេស​ផ្នែក​កុមារ​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ឱ្យដឹងថា បុរសវ័យចំណាស់ដែលជា​គ្រូពេទ្យជំនាញជំងឺកុមារម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះបានកើនដល់៤នាក់​។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃនេះ ឱ្យ​ដឹងថា បុរសដែលស្លាប់ដោយសារជំងឺកូវីដ-១៩នោះ មានវ័យ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រកីឡា​ នៃ​គណៈកម្មកា​រ​ជាតិ​អូឡាំពិក​កម្ពុជា រស់​នៅ​ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រសួងបន្តថា បុរសរូបនោះបានស្លាប់​នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោង៨ព្រឹក ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ដោយមានអាការខ្សោយសួត និងរលាកសួតធ្ងន់ធ្ងរ​ខ្លាំង ដោយសារជំងឺកូវីដ-១៩។

ក្រសួងបញ្ជាក់ថា មុនពេលស្លាប់ បុរសវ័យចំណាស់រូបនេះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២១ ដោយក្នុងសភាពហត់ខ្លាំង។ ក្រោយពីមានអាការបែបនេះ ក្រុមគ្រូពេទ្យបានពិនិត្យ ដោយរកឃើញថា បុរសរូបនេះមានសភាពធ្ងន់ធ្ងរខ្លាំង៣ទៅ៤ថ្ងៃ​មុន​ចូល​សម្រាកមន្ទីរពេទ្យម៉្លេះ ស្របពេល​ដែលគាត់ក៏មានជំងឺលើសឈាមផងដែរ។

នេះគឺជាករណីស្លាប់​ទី៤ហើយក្នុងរយៈពេលជាង១ខែនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅកម្ពុជា ខណៈអ្នកឆ្លងក្នុងព្រឹត្តិការណ៍នេះបានកើន​ដល់ចំនួន១ ២៣៣នាក់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតាមរយៈសារជា​សំឡេង​នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ បើទោះបីជារដ្ឋាភិបាល​គ្រប់គ្រងស្ថានការណ៍នៅខេត្តព្រះសីហនុបាន ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅតែបន្តកើតមាននៅឡើយ។

ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល លោកបញ្ជាក់ថា នៅក្នុងខេត្តព្រៃវែង កោះកុង ​ក៏ស្ថិតនៅក្នុងស្ថានភាពត្រូវ​ទប់ស្កាត់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ