អ្នក​ស្រឡាញ់​បរិស្ថាន​បារម្ភ​ពី​ការ​បាត់​បង់​​ព្រៃឈើ​ ​ខណៈ​អាជ្ញាធរ​នៅ​តែ​បន្ត​ហាម​ពួក​គេ​ចុះ​ល្បាត​ព្រៃ​

សកម្មជនព្រៃឈើម្នាក់បានលើកបដាសរសេរថា «បញ្ឈប់ការរឹតត្បិតអ្នកការពារព្រៃឈើ» ក្នុងយុទ្ធនាការការពារព្រៃឈើ។ (ហ្វេសប៊ុក៖ SAVE PREY PREAH ROKA)

ព្រះសង្ឃ​ យុវជន​ ​សកម្មជនព្រៃឈើ និង​ប្រជា​សហគមន៍ ដែលអះអាងថាជាអ្នកស្រឡាញ់បរិស្ថាន បាននាំគ្នាធ្វើយុទ្ធនាការបង្ហាញក្តីបារម្ភពីការបាត់បង់ព្រៃឈើ ខណៈអាជ្ញាធរនៅតែបន្តហាមឃាត់ពួកគេចុះល្បាតនៅតំបន់ការពារមួយចំនួន។

ពួកគេបានធ្វើយុទ្ធនាការតាមបណ្តាញ​សង្គមរយៈពេល៣សប្តាហ៍ហើយគិតមកដល់ថ្ងៃចន្ទនេះ។ ព្រះសង្ឃ​ យុវជន​ ​សកម្មជនព្រៃឈើ និង​ប្រជា​សហគមន៍ បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនដោយដាក់រូបឈរលើកបដាភ្ជាប់នឹងរូបភាពដើមឈើដែលត្រូវបានកាប់ និងសារ «ចូលល្បាតព្រៃដោយ​សេរី ចាប់ខ្លួន​អ្នកកាប់ឈើ និងមិនត្រូវចាប់អ្នកការពារព្រៃឈើ» ជាដើម។

បុគ្គលិកផ្នែកតស៊ូមតិ នៃគម្រោងការពារព្រៃឈើរបស់សមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា ដែលបានផ្សព្វផ្សាយជាច្រើនអំពីការទាមទារ និងការស្នើសុំចូលល្បាតព្រៃសហគមន៍ និងព្រៃនៅតំបន់ការពារ​វិញនោះ បាននិយាយថា មូលហេតុដែលពួកគេ​ទាមទារឱ្យមានការចុះល្បាតព្រៃ ដោយសារតែពួកគេបារម្ភពីការបាត់ព្រៃឈើនៅតំបន់ការពារ​។

លោក សាន់ ម៉ាឡា បន្តថា ក្រោយពេលក្រសួងបរិស្ថាន ហាមឃាត់​សកម្មជនព្រៃឈើ និងអង្គការសង្គមស៊ីវិលមួយចំនួនមិនឱ្យចុះល្បាតព្រៃក្នុងតំបន់ការពារនោះ លោកបានទទួលព័ត៌មាន​មួយចំនួនពីពលរដ្ឋនៅមូលដ្ឋានឬប្រជាសហគមន៍ថា សកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ តំបន់ព្រៃព្រះរការ និងតំបន់ផ្សេងទៀត បាន​បន្តកើតមានជារៀងរាល់ថ្ងៃ។

លោកបន្ថែមថា៖ «បើសិនជាក្រសួងបរិស្ថាន គិតថា សកម្មភាពរបស់ពួកយើងធ្វើឡើងក្នុងចេតនានយោបាយ តើគាត់អាចឱ្យធាតុផ្សំណាមួយដែលគាត់រកឃើញថាជាសកម្មភាពធ្វើឡើងក្នុងចេតនា​នយោបាយបានទេ។ ហើយបើសិនជាអ្វីដែលយើងធ្វើហ្នឹង ប្រាស​ចាកអំពីផ្លូវច្បាប់ គាត់អាចរៀបចំពាក្យ​បណ្តឹងចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់ទៅ។ ប៉ុន្តែត្រឡប់មកការងារព្រៃឈើវិញ ជំនួសឱ្យការមិនទទួលស្គាល់ការពិត ក្រសួងគួរតែយកពេលវេលាដ៏មានតម្លៃទាំងអស់ហ្នឹងធ្វើការស៊ើបអង្កេតរកឧក្រិដ្ឋ​ជនដែលនៅពីក្រោយវិញ»

បណ្តាញព្រៃឡង់ខេត្តកំពង់ធំ លោក សុខ ប្លោក មានប្រសាសន៍ថា ចាប់តាំងពីអាជ្ញាធរហៅឱ្យធ្វើកិច្ចសន្យាឈប់ឱ្យចូលធ្វើសកម្មភាពក្នុងតំបន់ព្រៃឡង់មក រូបលោកនិងបណ្តាញព្រៃឡង់ផ្សេងទៀតមិនបានចូលល្បាតព្រៃដូច​មុនទៀតឡើយ ប៉ុន្តែលោកថា តាមរយៈ​ប្រជាសហគមន៍ចូលទៅយកឃ្មុំ ឬរកអនុផលព្រៃឈើផ្សេងទៀតនោះ គឺបានរាយការណ៍ពីសកម្មភាពរុករានព្រៃធ្វើចម្ការ និងការកាប់ឈើក្នុងតំបន់ព្រៃឡង់ នៅតែបន្តកើតមានជាហូរហែ។

បណ្តាញសហគមន៍​ព្រៃឡង់រូបនេះ បន្តថា ប្រសិនបើឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ អនុញ្ញាតឱ្យបណ្តាញ​សហគមន៍ យុវជន និងអង្គការសង្គមស៊ីវិល បានចូលរួម​ចុះល្បាតដោយសេរីនោះ គឺបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ និងតំបន់ការពារផ្សេងទៀត នឹងកាត់បន្ថយ។

លោកបន្ថែមថា៖ «បទល្មើសនៅពេលដែលយើងចូលល្បាត ដាច់ខាតត្រូវតែដកថយហើយ។ ​​​នៅពេលដែលយើងចុះល្បាត៣យប់៤ថ្ងៃហ្នឹង​ បទល្មើសកាប់ឈើអត់ធ្វើសកម្មភាពយ៉ាងតិចក៏៥ថ្ងៃដែរ។ អញ្ចឹងបើ១ខែ យើងចូល២ដង អញ្ចឹងវា១០ថ្ងៃហើយ។ ចុះនៅខាងមន្ត្រីបរិស្ថាន ចុះល្បាតចូល១ខែ២ដងទៅ៣ដងទៀត អញ្ចឹងការការពារព្រៃឈើហ្នឹង វារឹតតែល្អប្រសើរថែមទៀត»

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​ប្រាប់វីអូឌីថា បច្ចុប្បន្ន បទល្មើសព្រៃឈើនៅមានតែលក្ខណៈទ្រង់​ទ្រាយ​តូចៗ​តែប៉ុណ្ណោះ។​ លោកថា ក្រសួងបរិស្ថាន ស្វាគមន៍គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមការពារព្រៃឈើ​ក្នុងតំបន់ការពារ ប៉ុន្តែសុំឱ្យស្ថាប័ន​ទាំងនោះជាស្ថាប័នដែលទទួលស្គាល់ដោយផ្លូវច្បាប់។

លោកបន្ថែមថា៖ «អង្គការសង្គម​ស៊ីវិល​មួយ​ចំនួនមាន​ជំងឺ​​តួឯក​ខាង​ធនធានធម្មជាតិ ​កុំ​ព្យាយាម​បំពានច្បាប់​ ​និង​លើកទឹកចិត្ត​ក្រុម​អ្នក​រំលោភច្បាប់​។​ ​ទង្វើ​របស់​​​ក្រសួង​បរិស្ថាន​ ​ពុំមែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជន​ណា​ម្នាក់​ឡើយ​»។

គិតមកទល់​ពេលនេះ មានរយៈពេល​​២​ឆ្នាំ​ហើយ​ដែល​អាជ្ញាធរ និងក្រសួងបរិស្ថាន ​​មិន​អនុញ្ញាត​ឱ្យ​បណ្តាញ​ព្រៃឡង់​ ​និង​អង្គការមួយចំនួន ​ចុះ​ល្បាត​ព្រៃ​ឡង់​ ក្រោមហេតុផលថា អង្គការ សហគមន៍ និងបណ្តាញ​ព្រៃឡង់ទាំងនោះ ពុំមានច្បាប់អនុញ្ញាត ខណៈដែលច្បាប់ស្តីពី​តំបន់​ការពារ​ធម្មជាតិ​ មាត្រា​២​៩​ ​ចែង​ថា​ ​ពលរដ្ឋ​មាន​សិទ្ធិ​និង​ករណី​កិច្ច​ក្នុង​ការចូលរួម​ស្តារ​ ​ការពារ​ ​និង​អភិ​រក្ស​ធនធានធម្មជាតិ​។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៤នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅតុលាការ ក្រោយពីសកម្មជនទាំងនោះបានចូលព្រៃឡង់​ ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ។ ប៉ុន្តែតុលាការសម្រេចដោះលែង​ពួកគេវិញ ក្រោយពីធ្វើកិច្ចសន្យាឈប់ចូលឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់ទាំងនោះដោយ​គ្មានការអនុញ្ញាតពីស្ថាប័នជំនាញ។

នៅក្នុងខែមីនា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងប្រធាននៃទីភ្នាក់ងារផ្តល់ជំនួយ USAID របស់ស្ថាន​​ទូតសហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការបាត់បង់ព្រៃឈើ និងការរឹតត្បិតមិនឱ្យប្រជាពលរដ្ឋកម្ពុជា​ចូលក្នុងតំបន់ការពារ។

សហរដ្ឋអាមេរិក បន្តថា ខ្លួននៅតែបន្តធ្វើការដោយផ្ទាល់ជាមួយ​បណ្តាញព្រៃឡង់ និងក្រសួងបរិស្ថាន ក្នុងការគាំទ្រ​កិច្ចពិភាក្សា ដើម្បីឱ្យពួកគេអាចធ្វើការជាមួយគ្នាក្នុងគោលដៅការពារព្រៃឡង់រួមគ្នា។

ប៉ុន្តែបើតាមលិខិតចំហមួយរបស់បណ្តាញព្រៃឡង់ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដែលផ្ញើទៅ USAID ប្រចាំកម្ពុជា បានលើកឡើងថា USAID មិនដែលគាំទ្រលើពួកគេនោះទេ ខណៈដែលក្រសួងបរិស្ថាន បានគំរាមចាប់ខ្លួនសមាជិកបណ្តាញព្រៃឡង់ ដោយសារតែពួកគេបន្តប្រើរូបភាពផ្កាយរណប ដើម្បីតាមដានការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ