យុទ្ធនាការ​ចាក់​​វ៉ាក់​សាំង​​កូវីដ-១៩​​ជូន​មនុស្ស​​​ចាស់​ ​នឹង​​ចាប់​​​ផ្តើម​​នៅ​​ថ្ងៃ​​ស្អែក

ពលរដ្ឋជាច្រើននាក់នាំគ្នាមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

យុទ្ធនាការចាក់វ៉ាក់សាំង អាស្ត្រាហ្សេណិកា (Astra Zeneca) ជូនដល់ប្រជាពលរដ្ឋ​​វ័យចាប់​ពី​៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមធ្វើនៅថ្ងៃអង្គារស្អែកនេះ នៅមន្ទីរពេទ្យនិងមណ្ឌលសុខភាពចំនួន១៤ទីតាំង។

យោងតាម​សេចក្តីជូនព័ត៌មាន ចុះថ្ងៃទី២២ ខែមីនានេះ របស់​​គណៈ​កម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងកម្រិត​មនុស្សចំនួន៥៥ ៧០០នាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនាស្អែកនេះ នៅទីតាំងមន្ទីរពេទ្យនិងមណ្ឌលសុខភាពចំនួន១៤ទីតាំង ក្នុង​ខណ្ឌទាំង១៤។

សេចក្តីជូនព័ត៌មានបញ្ជាក់ថា៖ «ក្រុមមនុស្សវ័យចាស់ គឺជាក្រុមងាយរងគ្រោះខ្ពស់ បើមានការចម្លងជំងឺកូវីដ-១៩ វាងាយវិវត្តទៅជាធ្ងន់ធ្ងរ និងបណ្ដាលឱ្យមានអត្រាស្លាប់ខ្ពស់។ ការប្រើប្រាស់​​វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវាយលុកនៃជំងឺដ៏កាចសាហាវនេះ»។

បើតាមសេចក្តីជូនព័ត៌មាន បើទោះជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងហើយក្តី ក៏ត្រូវតែបន្តចូលរួម​អនុវត្តវិធានសុខាភិបាល និងការពារហានិភ័យ​នៃការចម្លងជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាក់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិ​ភាព) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ