យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​​កូវីដ-១៩​ជូន​មនុស្ស​ចាស់​នៅ​ភ្នំពេញ នឹង​ចាប់​ផ្តើម​ក្នុង​សប្តាហ៍​នេះ​

ពលរដ្ឋជាច្រើននាក់នាំគ្នាមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឱ្យដឹងថា យុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់មនុស្សចាស់​អា​យុចាប់ពី៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ នឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍​​នេះ ដើម្បីទប់ស្កាត់ការឆ្លង​រីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។

អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ដែលទទួសខុសត្រូវ​លើការ​ចាក់វ៉ាក់សាំង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រាប់វីអូឌី​នៅថ្ងៃចន្ទនេះថា យុទ្ធនាការនេះអាចចាប់ផ្តើមបានយ៉ាងយូរត្រឹម២ថ្ងៃទៀត។

លោកស្រីថា៖ «ថ្ងៃនេះយើងកំពុងតែធ្វើការបណ្តុះបណ្តាល [ពេល]បណ្តុះបណ្តាលចប់ហើយ ស្អែកយើងនឹងរៀបចំកន្លែងចាក់ ហើយអាចស្អែកនិងខានស្អែក យើងនឹងចាប់ផ្តើម»។

លោកស្រីបន្ត​ថា គ្រូពេទ្យដែលត្រូវចុះបំពេញភារកិច្ចក្នុងយុទ្ធនាការនេះបានរៀបចំរួច​ហើយ និងថាយុទ្ធនាការនេះនឹង​​​ត្រូវធ្វើឡើងពេញមួយសប្តាហ៍ ដោយមិនមានការឈប់សម្រាកនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ឱ្យ​រៀប​​ចំ​ធ្វើយុទ្ធនា​ការ​១៥​ថ្ងៃ ចាក់​វ៉ាក់​សាំងប្រភេទ អាស្ត្រាហ្សេណិកា​ (Astra Zeneca) ជូនមនុស្សចាស់ជាង៥ម៉ឺន​នាក់ ដើម្បីការពារ​ជំងឺកូវីដ-១៩។

លោក​ក៏បានក្រើនរំឭកផងដែរថា ដោយសារចំនួនវ៉ាក់សាំងប្រភេទនេះ​មានកំណត់ យុទ្ធនាការនេះ អាជ្ញាធរត្រូវផ្តល់​អាទិភាពឬភាពចាំបាច់ដល់មនុ​​​ស្សចាស់ដែលរស់នៅតំបន់ក្រីក្រ និងមិនត្រូវរើសអើងនិន្នាការនយោបាយឡើយ ។

លោកថា៖ «ព្រោះ​វ៉ាក់​សាំងយើ​ងក៏​មិន​គ្រប់សម្រាប់មនុស្សវ័យ៦០ឆ្នាំឡើង ដូច្នេះខ្ញុំសុំស្នើឱ្យផ្តល់អាទិភាពទៅតាមសម្រាប់ទីកន្ល​​ងតំបន់ក្រីក្រ ប្រជាជនក្រីក្រដែលត្រូវទទួលបានវ៉ាក់សាំង»។

រដ្ឋបាល​រាជធានីភ្នំពេញ នៅថ្ងៃនេះ ក៏បានចង្អុលបង្ហាញពី​ទីតាំង​សម្រាប់ចាក់វ៉ាក់សាំងដល់​មនុស្ស​វ័យ​ចំណាស់​ផងដែរ នោះគឺ​នៅតាម​មណ្ឌល​សុខភាពប្រចាំខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ​ មនុស្ស​ប្រមាណជាង៣ពាន់នាក់ (៣ ៣៨០នាក់​) ក្នុងមួយថ្ងៃ ត្រូវ​បាន​ផ្តល់​អាទិភាពសម្រាប់​ការទទួលបាន​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅមណ្ឌលសុខភាពក្នុងខណ្ឌទាំង១៤នោះ។

អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប និយាយថា លោកស្រីបានជូនដំណឹង​ទៅប្រជាពលរដ្ឋដែលត្រូវទទួលបានវ៉ាក់សាំងនេះរួចរាល់ហើយ តាមការណែនាំ​របស់រដ្ឋបាល​រាជធានីភ្នំពេញ។

លោកស្រីថា៖ «យុទ្ធនាការ១៥ថ្ងៃណា! អ៊ីចឹងខ្ញុំធ្វើជូនគាត់១៥ថ្ងៃ ប៉ុន្តែបើគាត់មកអត់អស់ក្នុងរយៈពេល១៥ថ្ងៃ ក៏យើងនៅបន្តចាក់ជូនពួកគាត់ដែរ។ យើងមិនបោះបង់ពួកគាត់ទេ»។

ដូចគ្នានេះដែរ អភិបាលខណ្ឌ៧មករា លោក លីម សុភា អះអាងដោយខ្លីថា អាជ្ញាធរខណ្ឌបានជូនដំណឹងដល់ពលរដ្ឋ​វ័យចំណាស់រួចហើយ។

តំណាងសហគមន៍នៅបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា និងជាតំណាងអ្នកតវ៉ាដីធ្លី អ្នកស្រី ស ស៊ន អា​យុ៦២ឆ្នាំ បាននិយាយថា គាត់និងអ្នកភូមិមួយចំនួនទៀតនៅសហគមន៍ក្រីក្រនេះ ដែលមានអាយុលើស៦០ឆ្នាំ មិនទាន់ទទួលបានការជូនដំណឹងឱ្យ​ទៅ​​​ទទួលវ៉ាក់សាំងនេះនៅឡើយទេ គិតត្រឹមថ្ងៃចន្ទនេះ។

អ្នកស្រីថា៖ «អត់រលីង! ស្ងាត់ទាំងអស់គ្នាហ្នឹង គ្មាននរណាប្រាប់ស្អីទេ […] អ្នកមាន​អា​យុ៦០ជាង ច្រើនណាស់»។

ប្រធានផ្នែកសិទ្ធិមនុស្សនៅសមាគមអាដហុក លោក នី សុខា និយាយថា ការផ្តល់សេវាគាំពារសង្គម ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល មានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

លោកគូសបញ្ជាក់ថា បើសិនជា​អនុសាសន៍របស់ថ្នាក់ដឹកនាំ​ ជំរុញដល់ការគាំពារសង្គមនិងសុខភាពសាធារណៈ ប៉ុន្តែបែរ​ជាមន្ត្រីក្រោមឱវាទអនុវត្តឱ្យ​មិនបានត្រឹមត្រូវឬរើសអើងក្រុមណាមួយ វានឹងប៉ះពាល់ដល់មុខមាត់ថ្នាក់ដឹកនាំ ដែលអាជ្ញាធរគួរពិនិត្យឡើងវិញ។

លោកថា៖ «ខ្ញុំគិតថា ការដែលមិនបានអនុវត្តទៅតាមអនុសាសន៍មួយដែលយើងគិតថាត្រឹមត្រូវ ហើយអាជ្ញាធរនៅតាមមូលដ្ឋានឬក៏មន្ត្រីនៅក្រោមឱវាទ អនុវត្តមិនបានត្រឹមត្រូវ […] អានេះវាជារឿងមួយធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់ថ្នាក់ដឹកនាំ»។

កម្ពុជាបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១​មក ទាំងការ​ចាក់វ៉ាក់សាំងប្រភេទ«ស៊ីណូហ្វាម»របស់ចិន និង «អាស្រ្តាហ្សេណិកា» របស់ចក្រភពអង់គ្លេស ផលិតនៅប្រទេសឥណ្ឌា។

បើតាមក្រសួងសុខាភិបាល សម្រាប់រាជធានី​ភ្នំពេញ យុទ្ធនាការវគ្គទី១ មានមនុស្សជាង១ម៉ឺននាក់ទទួល​បាន​វ៉ាក់សាំង​នេះ និង ៥៥ ​៧​០០នាក់ទៀត ត្រូវធ្វើយុទ្ធនាការចាក់បន្ថែមទៀតរយៈពេល១៥ថ្ងៃ ដែលណែនាំដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺជាសកលនេះ​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ជាង១ខែមកនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានសម្លាប់មនុស្ស៤នាក់ និងធ្វើឱ្យអ្នក​ឆ្លងកើន​ដល់ចំនួន១ ២៣៣​នាក់ ខណៈចំនួន​អ្នកឆ្លង​សរុបនៅកម្ពុជារយៈពេលជាង១ឆ្នាំនេះ បានកើនដល់១ ៧៥៣នាក់ ក្នុង​នោះបានព្យាបាលជាសះស្បើយ​ចំនួន៩៦៧នាក់ និងកំពុងសម្រាកព្យាបាល៧៨១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ