ក្រសួង​ការងារ​បង្កើត​អនុ​​គណៈ​​កម្មការ​​ចំពោះ​​កិច្ច​​ ចាក់​​វ៉ាក់សាំង​​កូវីដ​-១៩​ជូន​កម្មករ​ ​

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតអនុគណៈកម្មការចំពោះកិច្ចមួយ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនៅតាមបណ្តារោងចក្រសហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈជំងឺមួយនេះកំពុងរាលដាលខ្លាំងនៅកម្ពុជា។

ក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងការងារ បានឱ្យដឹងថា​ អនុគណៈកម្មការនេះមានប្រធាន អនុប្រធាន និងសមាជិកចំនួន៦៧រូប ក្នុងនោះ ​លោក ហេង សួរ រដ្ឋលេខាធិការក្រសួង​ ជាប្រធាន។

បើតាម​សេចក្តីសម្រេចរបស់ក្រសួង​ អនុគណៈកម្មការនេះមានភារកិច្ចសហការជាមួយគណៈកម្មករចំពោះកិច្ច​ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្របខណ្ឌទូទាំងប្រទេស ដើម្បីសម្របសម្រួលចាក់វ៉ាក់សាំងជូនមន្ត្រីក្រសួងការងារ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិត​នៅតាមរោងចក្រសហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។

អនុគណៈកម្មការរបស់ក្រសួងនេះ ក៏មានតួនាទីរៀបចំផែនការពិនិត្យវាយតម្លៃកម្រិតហានិភ័យ និងកំណត់អាទិភាពនៅក្នុង​​ភូមិសាស្ត្ររាជធានី-ខេត្ត នៃទីតាំងរោងចក្រសហគ្រាស និងមុខសញ្ញាកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ​ដែលត្រូវចាក់វ៉ាក់សាំង រួម​ទាំងសហការជាមួយអាជ្ញាធរដែនដី និងរដ្ឋបាលរោងចក្រ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ គម្លាតសង្គម និងការងារសន្តិសុខនៅតាមបណ្តាទីតាំងចាក់វ៉ាក់សាំងនីមួយៗ និងបំពេញភារកិច្ចផ្សេងៗទៀត។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់បន្ថែមថា ការបង្កើតអនុគណៈកម្មការនេះធ្វើឡើង ដើម្បីត្រៀមធ្វើការជាមួយគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស។

អ្នកនាំពាក្យរូបនេះឱ្យដឹងថា នៅព្រឹកមិញនេះ ថ្នាក់ដឹកនាំក្រសួងការងារបានជួបប្រជុំជាមួយលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ច និងកំពុងរង់ចាំការណែនាំរបស់គណៈកម្មការនេះ ដើម្បីធ្វើការតាមមុខសញ្ញាដែលអនុគណៈកម្មការត្រូវទទួលបន្ទុក។

លោកបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញថា គ្មានអនុគណៈកម្មការចំពោះកិច្ចណាមួយធ្វើការដោយឯករាជ្យបានទេ។ អនុគណៈកម្មការចំពោះកិច្ច គឺជាយន្តការសម្របសម្រួលជួយទៅដល់គណៈកម្មការចំពោះកិច្ចរបស់រដ្ឋាភិបាល។ អ៊ីចឹងយើងបង្កើតនេះ គឺដើម្បីត្រៀមទទួលយកនូវផែនការមេដែលគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសនៅពេលខាងមុខនេះ»។

កម្មការិនីម្នាក់បម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌពោធិ៍​សែនជ័យ អ្នកស្រី ប្រាក់ ហ៊ន្នី និយាយថា អ្នកស្រីពេញចិត្តចំពោះការរៀបចំឱ្យមានការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនកម្មករនេះ ដោយថា កម្មករមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺមួយនេះ ខណៈពួកគេសព្វថ្ងៃធ្វើការនៅទីកន្លែងដែល​មាន​ស្ថានភាពចង្អៀតណែន។

អ្នកស្រីថា៖ «ខ្ញុំគិតថា មានការចាក់វ៉ាក់សាំងជូនកម្មករទាំងអស់​គ្នា វាជាការល្អ ព្រោះនៅក្នុងរោងចក្រ បើមានកម្មករណាម្នាក់កើតជំងឺនេះ វាងាយឆ្លងលឿនពីម្នាក់ទៅម្នាក់ ដោយសារយើងជុំគ្នាច្រើន ធ្វើការសព្វថ្ងៃ​​ ពួកយើងមានការបារម្ភខ្លាំងណាស់»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការដែលក្រសួងកាងារ បង្កើតអនុគណៈកម្មការ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករនេះ វាជាការល្អប្រសើរមួយសម្រាប់កម្មករ។ លោកបាន​ជំរុញឱ្យក្រសួងពន្លឿនអនុវត្តកម្មវិធីចាក់វ៉ាក់សាំងជូនកម្មករនេះឱ្យបានឆាប់។

មេសហជីពរូបនេះ ក៏ស្នើដល់ក្រសួងបញ្ចូល​សមភាពក្រុមសហជីពឯករាជ្យនៅក្នុង​​អនុគណៈកម្មការនេះដែរ ដើម្បីបង្ហាញពីតម្លាភាពនៃដំណើរការចាក់វ៉ាក់សាំងនោះ។

លោកបន្ថែមថា៖ «ឱ្យតែវ៉ាក់សាំងហ្នឹងពិតជាធានាថាល្អ វាមានប្រសិទ្ធភាព ហើយអត់មានអីដែលសង្ស័យ វាគួរតែត្រូវបានចាក់ចំពោះអ្នកងាយរងគ្រោះទាំងអស់ហ្នឹង ជាពិសេសកម្មករធ្វើការងារនៅក្នុងភោជនីយដ្ឋាន សេវាកម្ម ហើយកម្មករកាត់ដេរដែលធ្វើការងារកន្លែងប្រជុំជន ត្រូវតែចាក់ជាបន្តបន្ទាប់។ ហើយអ្នកពាក់ព័ន្ធផ្សេងទៀត ដូចជាអ្នកលក់ដូរម្ហូបអាហារ តំណាងសហជីព តំណាងផ្សេងទៀត ក៏ត្រូវចាក់ដែរ។ បើចាក់តែកម្មករ ហើយអ្នក​លក់បាយ និងលក់អ្វីផ្សេងៗនៅជិតរោងចក្រ មិនត្រូវបានចាក់នោះ វានៅតែមិនអាចទប់ស្កាត់បានដដែល»

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល​ចេញអនុក្រឹត្យមួយបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បី​រៀប​ចំផែ​នការមេក្នុងការ​បង្កើនប្រសិទ្ធភាពដំណើរ​ការ​​ចាក់វ៉ាក់​​សាំង​ប្រឆាំងកូវីដ-១៩ ដែលកំពុង​ឆ្លងរាលដាលខ្លាំង​នៅកម្ពុជា ខណៈ​​វ៉ាក់សាំងចំនួន១លាន៥សែនដូស​ទៀតនឹងមកដល់កម្ពុជានៅពេលឆាប់​ៗខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងក្នុងសារមួយដែលផ្សព្វផ្សាយ​តាមហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះដែរថា ការចាក់វ៉ាក់សាំងត្រូវផ្តល់អាទិភាពដល់ពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ និងតំបន់រោងចក្រនៅរាជធានីភ្នំពេញដែលងាយនឹងឆ្លង។

លោកថា៖ «ដំណើរការចាក់វ៉ាក់សាំង ត្រូវផ្តល់អាទិភាពចំពោះការចាក់ជូន​​ប្រជាជនដែលមានអាយុ៦០ឆ្នាំឡើងទៅ នៅទីក្រុងភ្នំពេញ ដែលជាតំបន់រាតត្បាត ហើយសម្រាប់រោងចក្រ គឺងាយនឹងការឆ្លង»

ក្រៅពីក្រសួងការងារ ក៏មានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងទេសចរណ៍, និង ក្រសួងរ៉ែ និងថាមពល ជាដើម ក៏បានបង្កើត​អនុគណៈកម្មការចំពោះកិច្ចនេះ សម្រាប់​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់​អ្នកពាក់ព័ន្ធក្នុងក្របខណ្ឌក្រសួងទាំងនោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ