អាជ្ញាធរ​សង្កាត់​ក្រាំងធ្នុងនឹង​ដាក់​កម្លាំង​ឃ្លាំ​មើល​អ្នក​ចោល​សំរាម​

សំរាមរាយប៉ាយតាមដងផ្លូវ ស្ថិតនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)

អាជ្ញាធរសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ អះអាងថា នឹងដាក់កម្លាំងឃ្លាំមើលបន្ថែម ដើម្បីហាមឃាត់អ្នកបោះចោលសំរាមនៅតាមដងផ្លូវមួយកន្លែង បន្ទាប់ពីមានប្លាស្ទិករាយប៉ាយតាមដងផ្លូវ បើទោះបីជាអាជ្ញាធរធ្លាប់បានសម្អាតជាច្រើនលើក។

ចៅសង្កាត់ក្រាំងធ្នុង លោក​ សឿន សួរ បានឱ្យដឹងថា មានប្រជាពលរដ្ឋមួយចំនួននៅតែបន្តយកសំរាមបោះចោលនៅតាមដងផ្លូវសាធារណៈក្នុងភូមិត្រពាំងជើងស្រុក និងភូមិក្រាំងអង្រ្កង បើទោះបីជាអាជ្ញាធរធ្លាប់បានអប់រំណែនាំពួកគេនាពេលកន្លងមក។

លោកបន្ថែមថា ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ក៏បានប្រមូលសំរាមនៅទីនោះជាប្រចាំផងដែរ ប៉ុន្តែសំរាមនៅតែកើតមាន។

លោក​ សឿន សួរ៖ «កន្លងមក យើងបានឱ្យឡាន ស៊ីនទ្រី [ទាល់តែ]បីបួន​ថ្ងៃ ឡាន ស៊ីនទ្រី មកយកម្តង។ តែយើងដាក់កម្លាំងចាំមើលពេលដែលយើងយកអស់ នៅពេលយើងលែងមើលគាត់មកដដែល។ ហើយសំរាមហ្នឹងច្រើនចេញមកពីគោករការ យកមកទម្លាក់ចោលហ្នឹង ពេលគាត់ទៅផ្សារ»។

ទោះយ៉ាងណាលោកបញ្ជាក់ថា អាជ្ញាធរនឹងសម្អាតទីតាំងគំនរសំរាមនោះជាថ្មីទៀត ហើយនិងដាក់កម្លាំងឃ្លាំមើលអ្នកចោលសំរាមបន្ថែម។

លោក​ សឿន សួរ៖ «យើងនឹងទាក់ទងទៅឡាន ស៊ីនទ្រី ឱ្យគេសម្អាតម្តង ហើយយើងនឹងដាក់កម្លាំងយាមកាម»។

កញ្ញា មាន ស្រីនុច ជាពលរដ្ឋរស់នៅភូមិត្រពាំងជើងស្រុក បានរៀបរាប់ថា សំរាមដែលកើតមាននៅអមសងខាងផ្លូវក្នុងសង្កាត់ក្រាំងធ្នុងនេះ មានរយៈពេលប្រមាណជាងមួយឆ្នាំមកហើយ។

កញ្ញាបន្តថា កញ្ញាធ្លាប់បានប្រមូលសំរាមទាំងនោះដុតចោលជាច្រើនលើក ប៉ុន្តែដោយសារមានអ្នកយកមកបោះចោលជាបន្តបន្ទាប់ ធ្វើឱ្យគំនរសំរាមមានការកើនឡើង ។

កញ្ញា មាន ស្រីនុច៖ «ឃើញអញ្ចឹងគគ្រិចណាស់។ ពេលខ្ញុំឃើញពួកបារាំងអីជិះមក គេងាកមើល [សំរាម] មានអារម្មណ៍ថាខ្មាសប្រទេសគេណាស់។ យើងត្រឹមប្រជាពលរដ្ឋ បើយើងណែនាំក៏មិនកើត ណែនាំទៅ គេថាអញ្ចេះអញ្ចុះ»។

ពលរដ្ឋរូបនេះបានស្នើឱ្យអាជ្ញាធរមានដំណោះស្រាយចំពោះគំនរសំរាមទាំងនោះ ដោយថា វាបានបង្កក្លិនស្អុយប៉ះពាល់ដល់សុខភាព។

កញ្ញា មាន ស្រីនុច៖ «ចង់ឱ្យឈប់បោះចោលកន្លែងហ្នឹង ព្រោះអីមើលទៅវាអាក្រក់មើលណាស់។ សូម្បីតែខ្ញុំអង្គុយនៅហ្នឹង ក្លិនស្អុយខ្លាំងណាស់ នៅពេលដែលបោះចោលទៅ ហើយខ្ញុំកើតអាជំងឺបេះដូងហ្នឹងទៅទៀត ហើយហិតរហូត ពិបាកដែរ បន់ឱ្យតែឡាន ស៊ីនទ្រី មកយក»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី​ នុច រីណា រស់នៅភូមិក្រាំងអង្ក្រង បានឱ្យដឹងថា អ្នកស្រីបានឃើញក្រុមហ៊ុនប្រមូលសំរាមមកប្រមូលជាប្រចាំផងដែរ ប៉ុន្តែអ្នកស្រីថា សំរាមទាំងនេះបានកើតមានជារៀងរាល់ថ្ងៃ ។

អ្នកស្រី ​នុច រីណា៖ «កន្លែងខ្ញុំលក់ យើងសម្អាតដុតរហូត តែគេបោះរហូត ដូចកន្លែងគេទម្លាប់បោះ។ ​ឃើញគេយកអស់ ព្រឹកឡើងពេញដដែល។ វាប៉ះពាល់ដល់បរិស្ថានហ្នឹង ហើយ មើលទៅសុទ្ធតែសំរាមឡើងសស្គុស តែមិនដឹងធ្វើម៉េច បើអ្នកបោះវាច្រើនជាងអ្នកសម្អាត»។

ចំណែកពលរដ្ឋម្នាក់ទៀត លោក សា មាន រស់នៅភូមិក្រាំងអង្ក្រង ក្នុងសង្កាត់ក្រាំងធ្នុង បានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនបានយកសំរាមច្រើនប្រភេទមកដាក់ចោលលើដងផ្លូវនេះ។

លោក សា មាន៖ «ខ្យល់កួចម្តងៗប៉ើងពេញហ្នឹង ហើរពេញហ្នឹង។ ជួនកាលគេយកគ្រឿងសមុទ្រ​ ដូចជាក្តាមស្អុយៗ មកចាក់ចោលនៅហ្នឹង ចាក់ហើយយកធុងទៅវិញ មិនចងថង់ចងអីមួយដុំ។ អ្នកមកយក មកប្រមូល គេជេរដែរ [ជេរអ្នកចាក់សំរាម] ស្អុយ! បើអត់ដាក់ថង់អីឱ្យត្រឹមត្រូវផង មកដល់ចាក់យកៗ យើងមិនដឹងធ្វើម៉េច បានត្រឹមអង្គុយមើល មិនហ៊ានថាអីឱ្យគេ»។

បើតាមលោក ​សឿន សួរ ចៅសង្កាត់ក្រាំងធ្នុង បានបញ្ជាក់ថា កន្លែងដែលមានប្រជាពលរដ្ឋយកសំរាមមកទម្លាក់ចោលនៅតាមដងផ្លូវក្នុងភូមិត្រពាំងជើងស្រុក និងភូមិក្រាំងអង្រ្កងនោះ គឺជាទីតាំងដែលត្រូវបានអាជ្ញាធរហាមឃាត់។

ទោះយ៉ាងណា ចៅសង្កាត់រូបនេះបានស្នើឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការយកសំរាមចោលពាសវាលពាសកាល។

យោងតាមរបាយការណ៍​របស់​ក្រសួង​បរិស្ថាន បានបង្ហាញថា ប្រទេស​កម្ពុជា​បាន​ផលិតសំរាម​ជាង​១​ម៉ឺន​តោនក្នុង​មួយ​ថ្ងៃ ​ហើយក្នុងរាជធានី​ភ្នំពេញ​ មាន​សំរាម​ជិត​៣​ពាន់​តោន ដោយការប្រើប្រាស់ថង់​ប្លាស្ទិក​ប្រមាណ​ជាង​១០​លាន​ថង់ក្នុងមួយថ្ងៃ។

របាយការណ៍ដដែលបញ្ជាក់ថា បរិមាណសំរាមនៅទូទាំងប្រទេសកម្ពុជាមានប្រមាណជិត៤លានតោនក្នុងមួយឆ្នាំ៕

អត្ថបទដោយ ទួក ពិសិដ្ឋ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ