ម្តាយ​តារា​ចម្រៀង​ វី​ ឌីណែត​ ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩

ម្ដាយអ្នកចម្រៀង វី ឌីណែត គឺអ្នកស្រី នួន សុផាន្នី។ (ហ្វេសប៊ុក៖ Vy Dyneth HM)

ម្ដាយកញ្ញា វី ឌីណែត តារាចម្រៀងនៅផលិតកម្មហង្សមាស បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលព្យាបាលជំងឺនេះ។

ភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត គឺអ្នកស្រី នួន សុផាន្នី បានទទួលមរណភាពនៅថ្ងៃនេះ អំឡុងពេលដែលអ្នកស្រីកំពុងសម្រាកព្យាបាល​ជំងឺកូវីដ-១៩។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់វីអូឌី​នៅថ្ងៃ​នេះថា ម្ដាយកញ្ញា វី ឌីណែត ពិតជាបានបាត់បង់ជីវិតមែន។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «ស្លាប់ដោយសារជំងឺកូវីដ-១៩! ចាំបន្តិចទៀតខ្ញុំចេញសេចក្ដីប្រកាសព័ត៌​មានលម្អិត»។

នេះជាករណីទី២ហើយ ដោយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក៏មានបុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំម្នាក់ រស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយសារ ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១ ០៦២នាក់ គិតត្រឹមរយៈពេលមួយខែនៃការឆ្លងជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលចំនួននេះត្រូវបានរដ្ឋាភិបាលបញ្ជាក់ថា កើនឡើងជាង២ដងក្នុងចំណោមអ្នកឆ្លងក្នុងឆ្នាំ២០២០កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ