សហជីព​បារម្ភ​​សុវត្ថិ​ភាព​កម្មករ​ក្រោយ​រក​ឃើញ​ករណី​ឆ្លង​​ជំងឺ​កូវីដ-១៩​ក្នុង​ចំណោម​ពួកគេ​

បុគ្គលិកណាហ្គាវើលតវ៉ាស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលចំពោះបញ្ហាប្រាក់ប្រចាំខែ នៅមុខក្រសួងការងារ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

ក្រុមសហជីពបង្ហាញការព្រួយបារម្ភពីការរីករាលដាល​នៃការចម្លង​វីរុសកូវីដ-១៩ ក្នុងចំណោម​បុគ្គលិក​និងកម្មករនៅក្រុម​ហ៊ុន​និងរោង​ចក្រ​មួយចំនួន ក្រោយពីមន្ត្រី​​សុខាភិបាលរកឃើញបុគ្គលិកណាហ្គាវើលដ៍២នាក់ សន្តិសុខរោង​ចក្រដេរស្បែកជើងម្នាក់ និងកម្មករប្រមូលសំរាមនៅក្រុមហ៊ុនស៊ីនទ្រីម្នាក់ បានឆ្លងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ស្រ្តីសន្តិសុខម្នាក់ធ្វើការនៅរោងចក្រដេរស្បែកជើងមួយឈ្មោះ Trax Apparel ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា បានឆ្លងជំងឺកូវីដ-១៩ និងមាន​​​អ្នកពា​​​​ក់​​ព័ន្ធប្រមាណ៤០នាក់ត្រូវបានយកសំណាកទៅធ្វើតេស្ត។  

ប្រធាន​សម្ព័ន្ធ​សហជីពកម្ពុជា លោកស្រី យ៉ាង សោភ័ណ្ឌ លើកឡើងថា កម្មកររោងចក្រនៅតែប្រឈមមុខខ្លាំងក្នុងការចម្លងនៃជំងឺកូវីដ-១៩ នៅពេលមាននរណាម្នាក់ក្នុងចំណោមពួកគេមានវិជ្ជមានកូវីដ-១៩ ដូចជាករណីរកឃើញលើសន្តិសុខរោងច​ក្រ Trax Apparel ដោយសារតែ​ពួកគេនៅតែគ្មានជម្រើសអ្វីក្រៅពី​ធ្វើដំណើរទៅធ្វើការ និងសម្រាកញ៉ាំ​អាហារកៀកគ្នា​ក្នុងចំនួនច្រើនដដែល។

អ្នកស្រីមានប្រសាសន៍ថា៖ «ជាក្តីព្រួយបារម្ភដ៏ធំណាស់សម្រាប់ពួកគាត់ ហើយយើងមានការភ័យខ្លាចមែនទែន បើ​សិនវាដូចជាករណីកើតឡើងក្នុងរោងចក្រ Trax Apparel ហ្នឹងដែលសន្តិសុខ ហើយគាត់ជាអ្នកវាស់កម្តៅ គាត់ជាអ្នកបាញ់អាល់កុល ហើយគាត់ជាអ្នកប៉ះពាល់ខ្លួនកម្មករ អ៊ីចឹងវាអាចនឹង១០០ភាគរយ វាអាចឆ្លងទៅបងប្អូនកម្មករហើយ ព្រោះជំងឺនេះវាងាយនៅក្នុងការឆ្លងណាស់»

បើតាមប្រធានសហជីពរូបនេះ ខាងក្រុមហ៊ុនដែលមានករណីសន្តិសុខយាមរោងចក្រឬកម្មករ ឆ្លង គួរតែអនុញ្ញាតឱ្យកម្មករឈប់សម្រាកជាបណ្តោះ​អា​សន្ន ដោយមានការផ្តល់ប្រាក់ឧបត្ថម្ភ និងធ្វើតេស្តរកអ្នកដែល​បានឆ្លង ចៀសវាង​អ្នកទាំងនោះ​ចម្លងតទៅអ្នកដទៃផ្សេងទៀត ដែលនាំឱ្យការរីករាលដាលនៃជំងឺផ្លូវដ​ង្ហើមនេះកាន់តែធំនិងពិបាកក្នុងការទប់ស្កាត់។

ប្រធានសហភាពការងារកម្ពុជា លោក អាត់​ ធន់ មានប្រសាសន៍ថា កម្មកររោងចក្រកំពុងប្រឈមហានិភ័យនៃការរីករាលដាលនៃមេរោគក្នុងកម្រិតខ្ពស់ ដោយសារពួកគេមិនអាចរក្សាគម្លាតសុវត្ថិភាពទាំងពេលធ្វើដំ​ណើរនិងពេលញ៉ាំអាហារ។

កម្មករ-កម្មការិនីធ្វើដំណើរតាមឡានទ្រុងចេញ​ពី​ធ្វើការងារ​នៅ​រោងចក្រមួយ​ស្ថិតតាមបណ្ដោយផ្លូវ​ជាតិ​លេខ​៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២០។ (សូរ្យ ជ័យឧត្ដម)

លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាជាការប្រឈមខ្លាំង ព្រោះពួកគាត់ជិះឡានជា​មួយ​គ្នា ស្នាក់នៅជាមួយ​គ្នា ហូ​បបាយជាមួយ​គ្នា ចេញចូលមុខរោងចក្រជាមួយគ្នា ធ្វើការជាមួយគ្នា ដែលមិនមានគម្លាត​សង្គមសោះ ប៉ុន្តែយើងឃើញថា កន្លងមក មានការតឹងតែងក្នុងការពាក់ម៉ាស់​សម្អាតដៃបាន ប៉ុន្តែគម្លាតសុវត្ថិភាពគឺថាធ្វើអត់ទាន់បាន អញ្ចឹងយើងមានការបារម្ភមែន​ទែន»

វីអូឌី​ មិនអាចសុំការបញ្ជាក់ពីប្រធានគ្រប់គ្រងទូទៅនៅរោងចក្រ Trax Apparel លោក Boonkiat Jungsaisawangphan ដោយថា លោកជាប់រវល់ប្រជុំ មិនអាចផ្តល់បទសម្ភាសន៍តាមទូរសព្ទបាន។

ដោយឡែក កាលពីថ្ងៃទី១២ ខែមីនា បុគ្គលិកកាស៊ីណូ ណាហ្គាវើលដ៍ ប្រមាណ៣ពាន់នាក់ បានទៅផ្តល់សំណាក ដើម្បីធ្វើតេស្តរកវីរុស​កូវីដ-១៩ ជាលើកទី២ នៅមុខបរិវេណអាគារណាហ្គាវើលដ៍២ តាមការអំពាវនាវរបស់ក្រុមហ៊ុន ហើយ​ការផ្តល់សំណាកនេះ ត្រូវបានគេមើលឃើញថា មានការប្រមូលផ្តុំគ្នាច្រើន​ ដោយមិនមាន​ការ​​រក្សាគម្លាតសុវត្ថិភាព។

ការធ្វើតេស្តលើបុគ្គលិកណាហ្គានោះ ត្រូវបានមន្ត្រីសុខាភិបាលបញ្ជាក់ថា បាន​រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើមនុស្ស២នាក់ទៀត ខណៈការធ្វើតេស្តលើកទី១ កាលពីចុងខែកុម្ភៈ បាន​រកឃើញ​ថា មានអ្នកឆ្លងចំនួន១១នាក់រួចទៅហើយ។

អភិបាលខណ្ឌឫស្សីកែវ លោក ជា​ ពិសី ឱ្យដឹងនៅថ្ងៃទី១៨ ខែមីនានេះ​ថា បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ពីរនាក់ប្តីប្រពន្ធដែលស្នាក់នៅ​ផ្ទះជួ​លមួយកន្លែងក្នុងខណ្ឌឫស្សីកែវ ត្រូវបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ក្នុងការធ្វើតេស្តលើកទី២ និងត្រូវបានបញ្ជូនទៅសម្រាកព្យា​បាលនៅសណ្ឋាគារ The Great Duke (អតីតសណ្ឋា​​​គា​រ អ៊ីនធើខនទីណង់តាល់) នៅយប់ថ្ងៃទី១៧ ខែមីនា។

លោក​ថា៖ «ខ្ញុំអត់បានបញ្ជាក់ទេ គ្រាន់តែថា គាត់ធ្វើនៅណាហ្គាវើលដ៍ទាំង២នាក់ប្តីប្រពន្ធហ្នឹង។ គាត់ធ្វើតេស្តសំណាកលើកទី២ [ក្រោយមក] ១០ថ្ងៃហើយបានឃើញ Positive [វិ​ជ្ជមាន]»

ចាប់តាំងពីផ្ទុះករណីឆ្លងក្នុងចំណោមបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មក នៅថ្ងៃទី១ ខែមីនា ក្រុមហ៊ុនបានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការផ្អាកនេះបានបង្កើត​ឱ្យមានយុទ្ធនាការទា​មទារប្រាក់ឈ្នួលនិងប្រាក់ឧបត្ថម្ភផ្សេងៗពីថៅកែរោងចក្រតាមបណ្តាញសង្គមហ្វេស​ប៊ុក​ (Facebook) ពីបុគ្គលិកកម្មកររបស់ក្រុ​មហ៊ុនកាស៊ីណូដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង។

ប្រធានសហជីពតំណាងបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈីម ស៊ីថរ បាន​និយាយថា​ មានបុគ្គលិកប្រមាណ១ ០០០នាក់ បានបង្ហោះសារដោយ​ភ្ជាប់ជាមួយពាក្យថា “#គ្រួសារNaGa” ដើម្បីទាមទា​រ​ឱ្យក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួលដល់ពួកគេ អំឡុងពេលក្រុមហ៊ុនផ្អាកដំណើរការបណ្តោះអាសន្ន។

កញ្ញាបន្ថែមថា បើតាមស្ថានភាពឆ្លងរីករាលដាលបច្ចុប្បន្ន ប្រតិ​បត្តិការអាជីវកម្មកាស៊ីណូ ណាហ្គាវើលដ៍ អាចនឹងបន្តបិទក្នុងរយៈពេលយូរទៅមុខទៀត ដែលករណីនេះ ខាងក្រុមហ៊ុនគួរ​តែផ្តល់ប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភដល់បុគ្គលិកដែលកំពុងដាក់ខ្លួន​ឯង​នៅផ្ទះ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។

កញ្ញា ស៊ីថរ និយាយថា៖ «នៅក្នុងអំឡុងពេលនេះ គឺបុគ្គលិកត្រូវការប្រាក់ឧបត្ថម្ភ ត្រូវការប្រាក់ខែ ត្រូវការប្រាក់អតីតភាពពួកគាត់ ដើម្បីពួកគាត់អាចបន្តជីវភាពរស់នៅបាន ហើយបើសិនជាក្រុមហ៊ុននៅតែបន្តព្រងើយកន្តើយ មិនព្រមបើកប្រាក់អតីតការងារ បើកប្រាក់ឧបត្ថម្ភឱ្យបុគ្គលិក ប្រាក់ខែបុគ្គលិក នៅក្នុងអំឡុងពេលបិទទេ គឺពួកគាត់អត់អាចរស់បានទេ»

ចំណែកប្រធានសហជីពកម្មករក្រុមហ៊ុន ស៊ីនទ្រី លោក កៅ​ សាវ៉ាត ក៏បាន​ការព្រួយ​បារម្ភផង​ដែរ ពីការចម្លងវីរុស​កូវីដ-១៩ ក្នុងចំណោមកម្មករក្រុមហ៊ុនប្រមូលសំរាម​ ស៊ីនទ្រី បន្ទាប់ពីមានករណីកម្មករម្នាក់ត្រូវបានរកឃើញថាបាន​ឆ្លងជំ​ងឺនេះ នៅពេលរូបគេទៅលេងស្រុកកំណើតនៅខេត្តតាកែវ។ លោកថា លោកនិងក្រុមហ៊ុន ស៊ីនទ្រី កំពុងសហការគ្នាស្វែងរកអ្នកប៉ះផ្ទាល់និងប្រយោលជាមួយកម្មករដែលឆ្លង។

លោក កៅ សាវ៉ាត និយាយថា៖ «ប្រសិនមានកើតអ៊ីចឹង ពួកខ្ញុំអាចនឹងប្រឈមមុខនឹងការចម្លងច្រើន ដោយសារការជួបជុំរបស់ពួកគាត់ហ្នឹង។ មួយឡានៗ បងដឹងស្រាប់ហើយ ជិះក្នុងឡានហ្នឹង បើសិនកើតមួយ វាទៅតែទាំងអស់មួយឡាន។ វាឆ្លងគ្នាពេញហ្នឹង ព្រោះយើងអង្គុយជិតៗគ្នា ហើ​យធ្វើការក៏ជាមួយគ្នា»

តាមរបាយការណ៍ក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុប១ ៥៧៨នាក់ ដោយបន្ថែម​៣៩ករណីថ្មីនៅថ្ងៃម្សិលមិញ ក្នុងនោះ ព្យាបាលជាសះស្បើយ៩១៧នា​ក់ និង​កំពុងសម្រាកព្យាបាល៦៥៨នាក់ ព្រមទាំងមានករណីស្លាប់ម្នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ