បទ​យក​ការណ៍​៖​ កូនៗ​កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត​ខ្វះ​អាហារ​ហូប​ចុក បន្ទាប់​ពី​ឪពុក​ម្ដាយ​បាត់​បង់​ការងារ​​

កូនស្រីលោក ស៊ុន ទូច អង្គុយលេងនៅក្រោមផ្ទះ ដែលពួកគេត្រូវបានគ្រួសារតម្រូវឱ្យចេញដើររើសអេតចាយនិងសុំលុយគេ ដើម្បីយកមកជួយផ្គត់ផ្គង់ក្នុងគ្រួសារ ក្រោយសេដ្ឋកិច្ចពើបប្រទះនឹងវិបត្តិដោយសារតែការរីករាលដាលកូវីដ-១៩ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (វណ្ណ វិចារ)

រសៀលថ្ងៃមួយកាលពីដើមខែមីនា ក្មេងៗជា​ច្រើននាក់កំពុងរត់ប្រលែងជាប្រញាយនៅ​ខាង​មុខផ្ទះ​​ ក្នុងសហគមន៍ក្រីក្រមួយនា​សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ ខេត្ត​បន្ទាយ​​មាន​ជ័យ។ កុមារីម្នាក់អាយុ៧ឆ្នាំ ពាក់អាវពណ៌ផ្កាឈូកដៃខ្លី ខោខ្លីលើក្បាលជង្គង់ ញើសហូរជោកសក់ក្បាល​ក្រញាស​ពណ៌ទង់ដែង ទឹកមុខស្លេកស្លាំងផងនោះ​ ក៏កំពុងរត់លេងជាមួយក្មេងដទៃទៀតដែរ។

ក្នុងវ័យនេះ កុមារ​ភាគច្រើន​កំពុងតែសិក្សារៀនសូត្រ ប៉ុន្តែសម្រាប់​ក្មេងស្រីម្នាក់​នេះ កូនកម្មករអូសរទេះនិងកម្មករលីសែង ដែលចេញចូលទៅធ្វើការនៅទឹកដីថៃតាមច្រកទ្វារប៉ោយប៉ែតមួយចំនួនទៀត មិនបានទៅរៀនទេ ដោយសារត្រូវ​ទៅដើររើសអេតចាយនិងដើរសុំទាន ដើម្បីបានប្រាក់ជួយទិញម្ហូបផ្គត់ផ្គង់ដល់សមាជិកដទៃទៀតក្នុងគ្រួសារ។ ឪពុកម្តាយរបស់ក្មេងៗទាំងនោះភាគច្រើនបានបាត់បង់ការងាររបស់ខ្លួន ក្រោយពីមានការបិទព្រំដែនមិនឱ្យកម្មករចេញចូលដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

កុមារីវ័យ៧រូបនោះ ប្រាប់អ្នកសារព័ត៌មាន វីអូឌី ថា៖ «ខ្ញុំឈប់រៀនហើយ! ព្រឹកឡើងខ្ញុំរើសអេតចាយ ល្ងាចខ្ញុំទៅសុំម្ហូបខ្លះ សុំលុយគេ​ខ្លះ នៅម្ដុំ​ផ្សារ​អគ្គ»។

នាងប្រាប់ថា នាងធ្លាប់ចូលរៀនថ្នាក់ទី១ កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែត្រូវឈប់រៀនវិញចាប់ពីចុង​ខែមីនា ឆ្នាំ២០២០ ពេលដែលផ្ទុះជំងឺកូវីដ-១៩។

​​ឪពុក​របស់ក្មេង​ស្រីម្នាក់​នេះ​ឈ្មោះ ស៊ុន ទូច អាយុ៤៦ឆ្នាំ ជាអតីត​កម្មករ​លីសែង ធ្វើការឱ្យ​ថៅកែ​ជួញត្រីឆ្លង​ប្រទេស​កម្ពុជា​-ថៃតាមច្រកអន្តរជាតិប៉ោយប៉ែត។ លោកមិនមានការងារអ្វីធ្វើទៀតនោះឡើយ ចាប់ពីពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ថៃបិទច្រកព្រំដែនលែងឱ្យមនុស្សឆ្លងកាត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីចុងខែមីនាឆ្នាំមុន។

លោក ស៊ុន ទូច អះអាងថា មុនផ្ទុះជំងឺកូវីដ-១៩ លោកធ្លាប់រកចំណូលបានពីការលើកដាក់ត្រីក្នុងមួយថ្ងៃចំនួន៣​រយបាត ឬប្រមាណជាជិត៤ម៉ឺនរៀល និងប្រាក់ចំណូលផ្សេងៗ​ទៀត​ពីការលើកអីវ៉ាន់ឱ្យភ្ញៀវឆ្លងដែន ដែលចំណូលទាំង​នេះ​​គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ម្ហូបចំណីឱ្យកូនៗបរិភោគ។ ប៉ុន្តែចំណូលលែងមានដូចមុននៅពេលលោកគ្មានការងារធ្វើ ទើបលោកដាច់ចិត្តបណ្ដោយកូនរបស់លោក២នាក់ចេញទៅសុំទាន ដើម្បីចិញ្ចឹមគ្រួសារបែបនេះ។

លោក ស៊ុន ទូច ត្អូញត្អែរថា៖ «តាំងពីមានកូវីដមក ថ្ងៃខ្លះ ពួកខ្ញុំដាច់ពេល[បាយ] បេះត្រកួនមកបបរហូប។ អត់​មែន​ទែន! ទើប​ដាច់ចិត្ត​ឱ្យកូនចេញ​រក ​[សុំទាន​] មកចិញ្ចឹម​បងប្អូនវាទៅ»។

លោក ស៊ុន ទូច និងភរិយា មានកូនចំនួន៦នាក់នៅក្នុងបន្ទុក ដោយកូនច្បង អាយុ១៤ឆ្នាំ កូនទី២​ អាយុ​​៩ឆ្នាំ កូនទី៣ អាយុ៧ឆ្នាំ កូនទី៤ អាយុ៥ឆ្នាំ និងកូនភ្លោះ២នាក់ អាយុជិត២ឆ្នាំ។​

លោក ស៊ុន ទូច ប្រាប់ថា កូនគាត់២នាក់ ដែលម្នាក់អាយុ៧ឆ្នាំ និងម្នាក់ទៀតអាយុ៤ឆ្នាំ ជាអ្នកដែលដើររើសអេតចាយនិងសុំប្រាក់គេ។

ភរិយារបស់លោក ស៊ុន ទូច គឺអ្នកស្រី វ៉ាន សុខា កំពុងអង្គុយលើ​អង្រឹង​ក្រោម​ផ្ទះ​បំបៅ​កូន​ភ្លោះទាំងពីររបស់គាត់។ កូនភ្លោះមួយគូនេះដណ្ដើមគ្នាបៅ ស្រែកយំលាន់ទ្រហឹង។​

អ្នកស្រី វ៉ាន សុខា កំពុងអង្គុយលើ​អង្រឹង​ក្រោម​ផ្ទះ​បំបៅ​កូន​ភ្លោះទាំងពីររបស់គាត់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (វណ្ណ វិចារ)

លោក ស៊ុន ទូច ប្រាប់ថា ទឹកដោះរបស់ភរិយា​គាត់​ចេញ​តែម្ខាង​ប៉ុណ្ណោះ ទើបធ្វើឱ្យកូនបៅ​មិនឆ្អែត ជាហេតុបណ្ដាលឱ្យពួកគេស្រែកយំដណ្ដើមគ្នាជារៀងរាល់ថ្ងៃ។

លោក ស៊ុន​ ទូច ប្រាប់ថា៖ «ពួកវាទាំងពីរបៅអត់ដែលឆ្អែតទេ ព្រោះម៉ែមានទឹកដោះតែម្ខាង។ ពួកវាយំអត់ឈប់ យើងអត់លុយទិញទឹកដោះគោឱ្យវាបៅ មានតែ​ទិញស្ករកូរទឹកឱ្យវាបៅ រួចមួយគ្រាៗសិន»។

អ្នកស្រី វ៉ាន សុខា ដៃម្ខាងបីកូន ដៃម្ខាងបណ្ដើរកូនដែលជា​កូន​ភ្លោះរបស់គាត់ ធ្វើដំណើរចេញទៅក្រៅផ្ទះ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (វណ្ណ វិចារ)

ក្រឡេកមើលគ្រួសារមួយទៀត ជាគ្រួសាររបស់ស្ត្រីវ័យ២៧ឆ្នាំ ឈ្មោះ មាស ស្រី មានផ្ទះចម្ងាយប្រហែល៣០ម៉ែត្រពីផ្ទះលោក ស៊ុន ទូច​។ អ្នកស្រីប្រាប់ថា​ ស្វាមីរបស់គាត់ជាកម្មករលីសែងទំនិញឆ្លងព្រំដែនដែរ ហើយតាំង​ពីស្វាមីបាត់បង់មុខ​របរមក គ្រួសារនេះខ្វះខាតគ្រប់បែបយ៉ាងពិសេសគឺអាហារហូបចុកប្រចាំ​ថ្ងៃតែម្ដង។

អ្នកស្រី​ មាស ស្រី មានប្រសាសន៍ថា ៖ «អត់ពេកទៅ កូនខ្ញុំវាចេញទៅរករើស​អេតចាយនិងសុំ​លុយ​គេ ប៉ុន្តែថ្ងៃមួយនោះ វាដើរឆ្លងថ្នល់ប៊ិះណាឡានបុក ​ខ្ញុំក៏ហាមវាលែងឱ្យ​ទៅទៀត។​​ ឥលូវ​ខ្ញុំ​ស្នើតែអង្ករទេ ​បើមានអ្នកណាជួយអង្ករហូប ខ្ញុំអរណាស់ រឿងម្ហូបចាំគិតទៀត»។ 

អ្នកសារព័ត៌មាន វីអូឌី បានជួបសម្ភាសជាមួយអ្នកធ្វើការងារជាកម្មករ​អូសរទេះនិង​លីសែងរស់នៅក្នុងក្រុងប៉ោយប៉ែត ជាង១០នាក់។ ក្រុមកម្មករទាំងនោះអះអាងថា ពួកគាត់រងការលំបាកខ្លាំង​បន្ទាប់ពីបាត់បង់ការងារធ្វើ។ ភាគច្រើននៃកម្មករទាំងនោះមានកូនតូចៗនៅក្នុងបន្ទុក ហើយ​កូនៗរបស់ពួកគេមិនមានចំណីអាហារបរិភោគគ្រប់គ្រាន់ឡើយ។

ទោះជាយ៉ាងណាក្ដី អភិបាលក្រុងប៉ោយប៉ែត លោក គៀត​ ហ៊ុល មានប្រសាសន៍ថា ​អាជ្ញាធរ​បានផ្ដល់ជំនួយជាហូរហែជួយដល់ប្រជាពលរដ្ឋដែលខ្វះខាត ប៉ុន្ដែការឧបត្ថម្ភ​ទាំង​នោះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាននៅ​តែ​ស្វះស្វែងរកជំនួយពីប្រភពផ្សេងៗទៀត ដើម្បីផ្ដល់ជូនពលរដ្ឋ​ដែលខ្វះអាហារ​ហូបចុក​ ពិសេស​គឺអង្ករតែម្ដង។

លោក គៀត ហ៊ុល មានប្រសាសន៍ថា៖ «កម្មករអូសរទេះដែលខ្វះខាតនោះ គ្រួសារខ្លះទទួលបាន​អំណោយ​​៣ដងក៏មាន។ យើងទទួលស្គាល់ថា ជំនួយប៉ុណ្ណឹងមិនគ្រប់ទេ ប៉ុន្តែយើង​តែងបន្ត​ចែក​ជូនពួកគាត់ ចែកឱ្យអ្នកណាខ្វះ​ពិត​ប្រាកដ អ្នកដែលអត់ខ្លាំងអីអញ្ចឹងទៅ។យើងប្ដេជ្ញា​ជួយគ្នាក្នុងពេលដ៏លំបាកនេះ»។

នាយករងអង្គការដំណក់ទឹក លោក ឡុង សានរិទ្ធី មានប្រសាសន៍ថា នៅឆ្នាំមុន អ្នកប៉ោយប៉ែត​រងគ្រោះ​២​លើក​ រួមមាន ផលប៉ះពាល់ដោយសារកូវីដ-១៩ និងរងគ្រោះដោយ​ទឹក​ជំនន់។ លោកបន្ត​ថា ឥទ្ធិពលកូវីដ-១៩ បានបង្ខំឱ្យកុមារត្រូវចូលរួមក្នុងពលកម្មនានា ដើម្បី​ជួយសម្រាលបន្ទុក គ្រួសាររាប់តាំងពីរកចំណូលនិងស្វែងរកអាហារហូបចុក។

ប្រសាសន៍​លោក ឡុង សានរិទ្ធី៖ «គ្រួសារកុមារងាយរងគ្រោះហ្នឹងផ្អែកខ្លាំង​លើការងារខាង​ផ្សារ​ថៃ ដល់​ពេលបិទដោយសារកូវីដអញ្ចឹង គាត់ជួបបញ្ហា​ធ្ងន់ធ្ងរណាស់។ ដល់ពេលដែល​គ្រួសារគាត់​[កុមារ]អត់អីហូប គាត់[កុមារ]ចូលមកជួយរកគ្នា ហើយស្អីក៏ធ្វើដែរ​»។

ការសិក្សាមួយរបស់អង្គការដំណក់ទឹក ដែលធ្វើការងារជួយដល់កុមារនិងយុវជនងាយរងគ្រោះ​​នៅក្រុងប៉ោយប៉ែត បង្ហាញថា បន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩ ក្រុមគ្រួសារកម្មករអូសរទេះចំនួន១០% បានចាកចេញពីប៉ោយប៉ែត, ៣០% ដើរបេះបន្លែតាមព្រៃ តាមចម្ការ ទុកលក់, ៣០% រើសអេតចាយទាំងថ្ងៃទាំងយប់ និង ៣០%ទៀតធ្វើការងារបត់បែនតាមកាលៈទេសៈ [គេជួលធ្វើអីធ្វើហ្នឹង]។

មិនមែនតែអ្នកបាត់បង់ការងារទេដែលខ្វះអាហារបរិភោគ ក្រុមអ្នកងាយរងគ្រោះក៏ជាក្រុម​ដែលខ្វះអាហារហូបចុកដែរ។ អ្នកងាយរងគ្រោះនៅប៉ោយប៉ែត រួមមាន ជនរងគ្រោះពីការជួញដូរ កុមារ​ធ្វើ​ការ​ងារ​ឬរស់នៅតាមចិញ្ចើមផ្លូវ មនុស្សវ័យក្មេងដែលមាន​ពិការភាពខាងរាងកាយឬបញ្ញានិងជនរងគ្រោះនៃការកេងប្រវ័ញ្ចឬការរំលោភបំពាន។ មន្ត្រីសង្គមស៊ីវិលប៉ាន់ស្មានថា​ នៅប៉ោយប៉ែត មាន​អ្នក​ងាយរងគ្រោះប្រមាណជិត១ពាន់នាក់ ដែលពាក់កណ្ដាល​គឺជា​កុមារ។

នាយករងអង្គការដំណក់ទឹក លោក ឡុង សានរិទ្ធី បញ្ជាក់ថា បញ្ហាធំគឺសេដ្ឋកិច្ចតំបន់ទាំងមូលស្ទើរជាប់គាំង ដូច្នេះអ្វីៗអាចនឹងបានប្រសើរនៅពេលដែលសេដ្ឋកិច្ចដំណើរការល្អវិញ។

ប្រសាសន៍លោក ឡុង សានរិទ្ធី៖ «ឥលូវនេះ គ្រប់ស្ថាប័ន ទាំងរដ្ឋាភិបាល ទាំងដៃគូពាក់ព័ន្ធអាចជួយបាន គឺធ្វើម៉េចកុំឱ្យពួកដាច់ពេល[ដាច់ពោះ]ប៉ុណ្ណឹង »។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ អង្គការយូនីសែហ្វ បានចេញរបាយការណ៍មួយដោយព្រមានពីផលវិបាកកាន់តែធ្ងន់ធ្ងរចំពោះកុមារ ខណៈដែលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នៅតែបន្តអូសបន្លាយ។

 របាយការណ៍នេះបង្ហាញថា៖ «អត្រាអ្នកឆ្លងជំងឺនេះជាទូទៅកាន់តែកើនឡើង ហើយផលប៉ះពាល់រយៈពេលវែងរបស់វាមកលើការអប់រំ អាហារូបត្ថម្ភ និងសុខុមាលភាពរបស់កុមារនិងយុវជនមួយជំនាន់តែម្ដង»។

ការិយាល័យ យូនីសែហ្វ ប្រចាំនៅកម្ពុជា កត់សម្គាល់ថា នៅកម្ពុជាកុមារប្រមាណ២៨ម៉ឺននាក់ ដែលរៀននៅសាលាចំនួន១ ១១៣កន្លែង នៅក្នុងខេត្តចំនួន១០ ខកខាន​ពុំបានទទួលអាហារប្រកបដោយអាហារូបត្ថម្ភដែលផ្ដល់ដោយមិនគិតថ្លៃឱ្យពួកគេនៅសាលារៀន ក្នុងអំឡុងពេលមានការបិទសាលានៅទូទាំងប្រទេស។

ទិន្នន័យបានពីការវាយតម្លៃរួមគ្នាលើតម្រូវការអប់រំ អំឡុងពេលមានកូវីដ​-១៩ ដែលរៀបចំដោយក្រសួងអប់រំ និងក្រុមការងារវិស័យអប់រំ បានបង្ហាញ​ថា បច្ចុប្បន្ននេះ កុមារ ៤០% ញ៉ាំអាហារប្រចាំថ្ងៃក្នុងបរិមាណតិចជាងមុន។ ​ក្នុងចំណោម​កុមារទាំងនោះ មានជាង ៥០% មកពីគ្រួសារមានជីវភាពក្រីក្រនិងជាអ្នកពឹងផ្អែកលើប្រព័ន្ធគាំពារសង្គម។

ការសិក្សាវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១-៩នៅកម្ពុជា របស់អង្គការសហប្រជាជាតិ បង្ហាញដែរថា បើទោះជាអាចមានឬរកបានស្បៀងក៏ដោយ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវកាលៈទេសៈសេដ្ឋកិច្ចបង្ខំឱ្យប្រើយុទ្ធសាស្រ្តទប់ទល់ផ្សេងៗ ដូចជា ខ្ចីអាហារពីអ្នកដទៃ កាត់បន្ថយបរិមាណអាហារបរិភោគ និងពឹងអាស្រ័យខ្លាំងជាងមុនលើជម្រើសអាហារមានតម្លៃថោកនិងមិនសូវមានអាហារូបត្ថម្ភ។

ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅក្បែរនឹងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (វណ្ណ វិចារ)

ក្រឡេក​ទៅ​មើល​​ក្មេងៗជាកូនរបស់កម្មករអូសរទេះវិញ ពួកគេមិនដឹងថា អ្វីជាបញ្ហាសេដ្ឋកិច្ច​ឬអ្វីជាផលប៉ះពាល់ដោយសារកូវីដ-១៩ឡើយ។ អាហារណា​ឆ្ងាញ់​ឬមាន​ជី​វជាតិ​ ទំនង​ជាមិន​សំខាន់​​ប៉ុន្មាន​​សម្រាប់​ពួកគេ​ដែរទេ អ្វីដែលពួកគេត្រូវធ្វើរាល់ថ្ងៃគឺដើរសុំទានដើម្បីបានចំណីហូបចម្អែត​ក្រពះមួយពេលៗប៉ុណ្ណោះ​។

កូនស្រីវ័យ៧ឆ្នាំ របស់លោក ស៊ុន ទូច ក្រៅពីរើសអេតចាយ នាងនិងមិត្តភក្តិ៥នាក់ទៀតក៏នាំគ្នាឆ្លងថ្នល់ពីភូមិទៅសុំទាន​នៅម្ដុំផ្សារធំក្រុងប៉ោយប៉ែត​ជារៀងរាល់​ល្ងាចផងដែរ ដើម្បីបានប្រាក់មកទិញម្ហូប។

កុមារីម្នាក់ដែលជាមិត្តភក្តិរបស់កូនស្រីលោក ស៊ុន ទូច ប្រាប់ថា៖ «ខ្ញុំសុំលុយអ្នកគេមកផ្សារដល់យប់ទៅសុំម្ហូបកន្លែងគេលក់បាយ។ គេឱ្យ​បាន​ម្ហូបហូបរាល់ថ្ងៃ តែខ្ញុំខ្លាច​តែ​ប៉ូលិស ខ្លាចប៉ូលិសដេញ»។

កូនស្រីលោក ស៊ុន ទូច បន្ថែមថា នាងមិ​នខ្លាចទៅសុំទានទេ ប៉ុន្តែនាងបា​រម្ភថាមិនបា​នទៅ​សាលា​រៀនដូចក្មេ​ងឯទៀត។

កុមារីរូបនោះនិយាយថា៖ «ពេលទៅសុំលុយគេ ខ្ញុំអត់ខ្លាចអីផង! ខ្ញុំខ្លាចអត់បានរៀនរហូត ខ្ញុំនៅចង់ទៅរៀន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ