អាជ្ញាធរ​ខេត្ត​កោះកុង​ កំពុង​ស៊ើប​ករណី​ឈ្មួញ​ម្នាក់​ចាក់​ដី​លុប​ព្រែកនិង​​ព្រៃ​កោងកាង​​

ទិដ្ឋភាពចាក់ដីលុបលើព្រែកនិងព្រៃកោងកាងពីសំណាក់ជនខិលចូល ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលត្រូវបានបង្ហោះតាមបណ្ដាញសង្គមឈ្មោះ Taing Sonny កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Taing Sonny)

អាជ្ញាធរ និងតុលាការ​ខេត្តកោះកុង​​នេះ កំពុងស៊ើបអង្កេត​លើ​ករណីឈ្មួញដីម្នាក់ចាក់ដីចូលព្រែក​រំលោភយកដីព្រៃកោងកាង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីយកធ្វើកម្មសិទ្ធិ។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយឈ្មោះ Taing Sonny បានផ្សព្វផ្សាយតាមរយៈឃ្លីបវីដេអូ​ជិត៣នាទី ដោយបានរៀបរាប់ថា ដីព្រៃកោងកាងរបស់រដ្ឋ និងដីចំណីមាត់ព្រែកជាច្រើនហិកតា ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ត្រូវជនខិលខូចចាក់ដីលុប​យ៉ាង​អនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានឡើយ។

លោក Taing Sonny និយាយថា៖ «ដើមកោងកាងស្រស់ៗរាប់រយហិកតា គេបម្រុងនឹងព័ទ្ធ​យកធ្វើជាកម្មសិទ្ធិ ដែលគួរឱ្យសោកស្តាយបំផុត អាជ្ញាធរមូលដ្ឋានដែលឈានដល់ដំណាក់កាលនេះហើយ នៅតែបណ្តែតបណ្តោយឱ្យឈ្មួញនៅតែបំពាន»

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ទទួលស្គាល់ថា ពិតជាមាន​ករណី​ចាក់​ដីលុប​ព្រែក និងការ​រំលោភយកដីព្រៃកោងកាងពិតមែន។ ករណីនេះ លោកស្រី​បានប្រាប់​ទៅ​អាជ្ញាធរ​ស្រុក​ចុះស្រាវជ្រាវ​ ហើយថា តុលាការខេត្តកោះកុង ក៏កំពុងស៊ើបអង្កេតករណីនេះដែរ ដើម្បីចាត់វិធានការផ្លូវច្បាប់លើជនល្មើស។

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ដែលធ្វើការលើកិច្ចការងារនេះ ឱ្យដឹងថា អ្នកដែលចាក់ដីលុបមាត់ព្រែកនិងព្រៃកោងកាងនោះ ឈ្មោះ លាង ហ៊ីម ភេទស្រី ជាឈ្មួញដីដ៏ល្បីម្នាក់នៅខេត្តកោះកុង។ លោកថា មាត់ព្រែកនិងព្រៃកោងកាងដែលឈ្មួញដីបានចាក់លុបនោះមានទំហំប្រហែល៣ ៣០២ម៉ែត្រការ៉េ។

លោកបន្តថា អាជ្ញាធរបានតម្រូវឱ្យអ្នកដែលចាក់រំលោភចូលដីរដ្ឋនោះ កាយអាចម៍ដី​ចេញ និងស្តារព្រៃកោងកាងឡើងវិញផងដែរ។

លោកបន្ថែមថា៖ «ក្រៅពីមានវិធានការរដ្ឋបាល យើងក៏ប្រគល់កិច្ចការនេះជូនទៅតុលាការផងដែរ ក្នុងគោលបំណងដាក់ទោសលើបុគ្គលដែលប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារធម្មជាតិ»

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក អ៊ីន សុវណ្ណធាន្នី ប្រាប់ វីអូឌី យ៉ាងខ្លីថា រឿងនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងចំណាត់ការនៃការស៊ើបអង្កេត។

មេឃុំទួលគគីរ អ្នកស្រី គឹម សុខេម ទទួលស្គាល់ថា អ្នកស្រីបានដឹងរឿងនេះ​យឺតពេលបន្តិចមែន ប៉ុន្តែក្រោយមក ​​អ្នកស្រីបាន​ចុះហាម​ឃាត់​ដែរ ហើយថា អ្នកចាក់ដីនោះ​ក៏បានទទួលកំហុសនិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តផងដែរ។

អ្នកស្រីបន្ថែមថា៖ «ពេលចាក់ហ្នឹង ខ្ញុំអត់បានទៅមើលទេ ពីព្រោះខ្ញុំជាប់រវល់ដែរ ហើយមួយទៀតមានភ្លៀងធ្លាក់ផង។ ប៉ុន្តែពេលយើងឃើញ មន្ត្រីភូមិឃុំយើងហ្នឹងក៏បានចុះធ្វើការហាមឃាត់ជាបន្ទាន់ ឱ្យគាត់បញ្ឈប់សកម្មភាព ឱ្យគាត់ធ្វើកិច្ចសន្យា ហើយគាត់ក៏បានព្រមព្រៀងប្រគល់ដីនោះឱ្យវិញអស់ហើយដែរ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកស្រី លាង ហ៊ីម ដែលរងការចោទប្រកាន់ថាបានចាក់ដីចូលមាត់ព្រែកនិងលុបដី​លើព្រៃកោងកាងបានទេ នៅថ្ងៃនេះ។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា បានដាក់ការសង្ស័យថា ករណីដែលជនខិលខូចលួចចាក់ដីរំលោភចូលឆ្នេរសមុទ្រ មាត់ព្រែក និងការទន្ទ្រានយកដីព្រៃកោងកាងរបស់រដ្ឋនោះ អាចមានការជាប់ពាក់ព័ន្ធអំពើពុករលួយរវាងអាជ្ញាធរ​មូលដ្ឋាន និងជនល្មើស។ លោកបន្តថា ករណីដែលអាជ្ញាធរមូលដ្ឋានឆ្លើយថាមិនបានដឹងថាមានជនល្មើសធ្វើសកម្មភាពនោះ ជាការឆ្លើយដោះសារគេចវេះពីការទទួលខុសត្រូវតែប៉ុណ្ណោះ។

មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង​ចំពោះអ្នកជាប់ពាក់ព័ន្ធ និងអ្នកប្រព្រឹត្តបទល្មើស ដើម្បីជាការព្រមានដល់​ជនខិលខូចផ្សេងទៀត។ លោក ប៉ែន វុទ្ធា លើកឡើងថា កន្លងមកមានតែអ្នកមានលុយមានអំណាចប៉ុណ្ណោះដែលហ៊ានរំលោភបំពានដីរដ្ឋឬដីតំបន់ការពារ ធ្វើជាកម្មសិទ្ធិ។

លោកបន្ថែមថា៖ «កន្លងមក អាជ្ញាធរតែងតែចាត់វិធានការដោយគ្រាន់តែធ្វើកំណត់ហេតុ ហើយដកហូតយកដីនោះមកវិញ ឬក៏តម្រូវឱ្យកាយអាចម៍ដីនោះឡើងវិញប៉ុណ្ណោះ ដែលធ្វើឱ្យជនខិលខូចមិនខ្លាច នៅតែធ្វើសកម្មភាពនេះដដែល អញ្ចឹងវិធានការហ្នឹងមិនមានប្រសិទ្ធភាពទេក្នុងការទប់ស្កាត់។ អញ្ចឹងអាជ្ញាធរមិនព្រមចាប់ជនខិលខូលទាំងអស់នោះបញ្ជូនទៅតុលាការ ក្នុងការព្រមាន ក្នុងការដាក់ពិន័យ ដាក់ទោសធ្ងន់ធ្ងរទេ។ អញ្ចឹងរឿងហ្នឹងមិនអាចបញ្ចប់បានឡើយ»

ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ នៅ​ខេត្តកំពត​ កាលពី​ខែធ្នូ ​ឆ្នាំ២០១៩​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវការ​ពារ​ឆ្នេរសមុទ្រ​ឱ្យ​បាន​គង់វង្ស​ ដោយ​មិន​ត្រូវ​ឱ្យ​មានការ​​ចាក់​ដី​ចូល​សមុទ្រ​ ឬការ​កាប់ព្រៃ​កោងកាង​ ដើម្បី​ទន្ទ្រាន​យក​ដី​នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ