ក្រសួង​អនុញ្ញាត​ឱ្យ​លោក​ អ៊ូ ច័ន្ទរ័ត្ន​ បង្កើត​បក្ស​ថ្មី​ តែ​ត្រូវ​ដក​ពាក្យ​«សង្គ្រោះ បំរើ ការពារ» ​

លោក អ៊ូ ច័ន្ទ​រ័ត្ន កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Chanrath Ou – អ៊ូ ច័ន្ទរ័ត្ន Page.)

ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអតីតតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប បង្កើតគណបក្ស «កែទម្រង់កម្ពុជា» ឬ (Cambodia Reform Party)  ​ ប៉ុន្តែតម្រូវឱ្យដកចេញនូវពាក្យ «សង្គ្រោះ បំរើ ការពារ» ​ពី​​​ក្នុង​សញ្ញាសម្គាល់របស់គណបក្ស​។

នៅក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានសម្រេចអនុញ្ញាតឱ្យ​លោក អ៊ូ ច័ន្ទរ័ត្ន បង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា «គណបក្សកែទម្រង់កម្ពុជា» ប៉ុន្តែក្រសួងបានតម្រូវឱ្យ​តំណាងស្ថានិកគណបក្ស​មួយ​នេះផ្លាស់ប្តូរពាក្យ «សង្គ្រោះ បំរើ ការពារ» ដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដោយសារពាក្យនេះដូចគ្នានឹងបាវចនារបស់គណបក្សនយោបាយមួយដែលត្រូវបានរំលាយដោយសាលដីការបស់តុលាការកំពូល។

ការតម្រូវឱ្យដូរពាក្យ​ទាំង​នេះ ក្រសួងបញ្ជាក់ពីមូលហេតុ​ថា ធ្វើឡើង​ដោយ​យោងតាមមាត្រា១១ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

យោងតាមមាត្រា១១ថ្មីនេះ ចែងថា៖ «គ្រប់គណបក្សនយោបាយត្រូវមានឈ្មោះ និងសញ្ញាសម្គាល់តាមការកំណត់ដូចជា ទី១ ឈ្មោះជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយ ត្រូវតែខុសគ្នាពីឈ្មោះជាអក្សរពេញ ឬអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនានា។ ទី២ ឈ្មោះរបស់គណបក្សនយោបាយដែលទើបបង្កើតថ្មី មិនត្រូវធ្វើឡើងដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចនៅលើឈ្មោះគណបក្សនយោបាយនានា និងចំណុចទី៣ សញ្ញាសម្គាល់របស់គណបក្សនយោបាយ មិនត្រូវចម្លង ឬយកតាមសញ្ញាជាតិរូបភាពតំណាងឱ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយា​ល័ក្ខណ៍ ឬ រូបសំណាករបស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ»។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មាន​ប្រសាសន៍ថា​ បើទោះបីជាពាក្យនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់រណសិរ្សសង្គ្រោះជាតិកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែការប្រើប្រាស់ពាក្យនេះគឺមិនត្រូវនឹងកាលៈទេសៈនោះទេ។

លោកបញ្ជាក់ថា៖ «មុនដំបូង យើងបង្កើតមកគឺថា “រណសិរ្ស សាមគ្គី សង្គ្រោះជាតិកម្ពុជា​” ការបង្កើតនោះ វាត្រឹមត្រូវតាមកាលៈទេសៈដែលកំពុងតែបង្កើត ហើយប្រជាពលរដ្ឋរបស់យើងកំពុងតែរងគ្រោះ វេទនា ក្រោមការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុត ពត អៀង សារី! ម្នាក់ៗនៅក្នុងស្រុកខ្មែរយើងទាំងមូល គ្មានអ្នកណាអាចប្រកែកបានទេ ឱ្យតែស្ថិតនៅក្រោមរបប ប៉ុល ពត តែងតែនិយាយថា “ឱ! លោកអើយ មានទេវតាណាមកជួយសង្គ្រោះ” ព្រោះវានៅក្នុងភាពមរណៈទាំងអស់គ្នាហ្នឹង»។

លោកបន្ថែមថា៖  «ដូច្នេះការប្រើពាក្យ”សង្គ្រោះជាតិ”ហ្នឹង វាមែនសង្គ្រោះអាយុជីវិត សង្គ្រោះឱ្យវារស់ឡើងវិញ សង្គ្រោះឱ្យវាមានហូបចុកឡើងវិញ អាហ្នឹងវាត្រឹមត្រូវនៅឆ្នាំ៧៩។ បន្ទាប់មក ស្រាប់តែមានគណបក្សនយោបាយមួយនោះ គេយកបាវចនា “សង្គ្រោះ បំរើ ការពារ” អី យកមកដាក់ជារបស់ខ្លួន អាហ្នឹងលួចពាក្យរបស់គេ ពាក្យសង្គ្រោះហ្នឹង ហើយវាមិនសមកាលៈទេសៈសង្គ្រោះហ្នឹង។ ឥលូវនេះ សង្គ្រោះអ្នកណា?»

គណបក្សនយោបាយថ្មីនេះមានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានឈ្មោះលោក ទិន សៃ តំណាងស្ថាបនិកគណបក្ស ហើយ​​លោក ទិន សៃ គឺជាអ្នកតំណាងឱ្យលោក អ៊ូ ច័ន្ទរ័ត្ន។

លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា លោកមិនដែលគិតដល់សោះថា រឿងបាវចនាគឺជារឿងធំដុំរហូតឱ្យមានការផ្លាស់ប្តូរបែបនេះទេ។

លោកបានមានប្រសាសន៍ដូច្នេះថា៖ «រឿងនេះ វាមិនគួរប៉ះពាល់ឬ​ធ្វើឱ្យមានបញ្ហាអ្វីទេ រឿងបាវចនានោះ! ប៉ុន្តែក្រសួងមហាផ្ទៃ លោកយកមូលហេតុថា ជាបាវចនារបស់គណបក្សដែលត្រូវបានរំលាយដោយសាលក្រមតុលាការអញ្ចឹងទៅ! ចំណែកយើង យើងគិតថា វាមិនគួរមានបញ្ហាទេ គ្រាន់តែពាក្យប៉ុណ្ណឹង។ ជាភាសាខ្មែរ ជាទូទៅ ពាក្យហ្នឹងមិនអាចទៅលុបបំបាត់បានទេ វាត្រូវតែមានការប្រើប្រាស់ជាធម្មតាហ្នឹងហើយ។ ប៉ុន្តែទោះយ៉ាងណា យើងមិនចង់ទៅប្រឈមអ្វីនឹងបញ្ហាប៉ុណ្ណឹងទេ យើងនឹងជជែកគ្នាឱ្យមានការដូរបាវចនាថ្មីនោះ តែមកដល់ថ្ងៃនេះ យើងមិនទាន់បានសម្រេចដាក់បាវចនាថ្មីយ៉ាងម៉េចនៅឡើយទេ»

គួរជម្រាបជូនថា រាប់ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មក មានគណបក្សនយោបាយចំនួន៤ហើយដែលត្រូវបានបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះមាន​ «គណបក្សឆន្ទៈខ្មែរ» របស់លោក គង់ ម៉ូនីកា កូនប្រុសរបស់លោក គង់ គាំ, «គណបក្សខ្មែរស្រឡាញ់ជាតិ» របស់លោក ជីវ កត្តា និងលោក កង គឹមហាក់, «គណបក្សខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ្រ និងចុងក្រោយនេះ គឺ«គណបក្សកែទម្រង់កម្ពុជា» របស់លោក អ៊ូ ច័ន្ទរ័ត្ន។

គិតត្រឹមថ្ងៃទី១៧ ខែមីនានេះដែរ មានអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ចំនួន១៣នាក់ ក្នុងចំណោម១១៨នាក់ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ