តុលាការ​ឃុំ​ខ្លួន​ស្រ្តី​ម្នាក់​ក្រោយ​​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩

ពលរដ្ឋជាច្រើននាក់នាំគ្នាមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្រ្តីម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ «ញុះញង់បង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» ក្រោយស្ត្រីរូប​នោះ​​បង្ហោះសារមិនពិតពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។

យោងតាមដីកាបង្គាប់​ឱ្យឃុំខ្លួនរបស់​ចៅក្រម​ស៊ើបសួរ លោក វ៉ាន់ សែនវិសុទ្ធ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានសម្រេចឱ្យ​ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវ​ចោទឈ្មោះ ថត គឹមសាន ភេទស្រី អាយុ៥១ឆ្នាំ ទៅដាក់ឃុំនៅមជ្ឈមណ្ឌលអប់រំកែប្រែទី២ (ម២) ជាបណ្តោះអាសន្ន រហូតដល់​មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

ដីកាដដែលបានឱ្យដឹងទៀតថា ការសម្រេចឃុំខ្លួនស្រ្តីរូវនោះធ្វើឡើងក្រោមបទចោទ «ញុះញង់​បង្ក​ឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម» ប្រព្រឹត្តនៅកម្ពុជា កាលពីអំឡុងខែមីនា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានទេនៅថ្ងៃនេះ។

អ្នកនាំពាក្យស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី នៅថ្ងៃនេះថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនស្ត្រីឈ្មោះ ថត គឹមសាន មានមុខរបរជាចុង​ភៅនៅភោជនីយដ្ឋានមួយ​នៅខណ្ឌទួលគោក​ កាលពីថ្ងៃអាទិត្យ និង​បានបញ្ជូនទៅតុលាការកាលពីថ្ងៃម្សិលមិញ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតអំពីការចាក់វ៉ាក់សាំងប្រឆាំង​កូវីដ-១៩ របស់ចិន។

កាលពីដើមខែមីនានេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានចាប់បញ្ជូន​ខ្លួនមនុស្ស២នាក់​ដែលជាអ្នកគាំទ្រ និងសកម្មជនអតីតគណបក្សប្រឆាំង​ បញ្ជូនទៅសា​លា​ដំបូងរាជធានីភ្នំពេញផងដែរ។ ចៅក្រម​ស៊ើបសួរសាលាដំបូង បានសម្រេចចោទប្រកាន់ពួកគេទាំងពីរនាក់ពីបទ «​ញុះ​ញង់​​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ជេរ​ប្រមាថ​» ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានអំពីវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសចិន នៅលើបណ្តាញសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ