អតីត​សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង លោកស្រី​ ថាក់ ឡានី​ ត្រូវ​បាន​លើក​លែង​ទោស​

អតីតសមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី

អតីតមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភា លោកស្រី​ ថាក់ ឡានី ត្រូវបានប្រមុខរដ្ឋស្តីទី លើកលែងទោសកាលពីដើមខែមីនានេះ។

លោកស្រី ថាក់ ឡានី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ៨ ០០០ ០០០ រៀល ព្រមទាំងបង់ប្រាក់ជំងឺចិត្តដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន១០០រៀល ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ«ញុះញង់ឱ្យ​ប្រព្រឹត្តអំពើបង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

បណ្តឹងបរិហារកេរ្តិ៍ ដែលប្តឹង​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពីលោកស្រី បានថ្លែងនៅក្នុងវេទិកាសាធារណៈមួយនៅក្នុងខេត្តរតនគិរី កាលពីខែកក្កដា ឆ្នាំ២០១៦ ដោយបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នករៀបចំការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ជុំវិញបណ្តឹងនេះ លោកស្រី ថាក់ ឡានី ដោយសម្អាងលើអភ័យឯកសិទ្ធសមាជិកព្រឹទ្ធសភា លោកស្រីបានបដិសេធមិនចូលខ្លួនទៅឆ្លើយបំភ្លឺចំនួនពីរលើក។ កាលណោះ លោកស្រី ​គឺជាសមាជិកព្រឹទ្ធសភាអតីតគណបក្ស សម រង្ស៊ី នៅក្នុងនីតិកាលទី៣។

យោងតាមព្រះរាជក្រឹត្យ​ដែលចុះហត្ថលេខា​ដោយ​​ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ បានត្រាស់បង្គាប់​លើកលែងទោសលោកស្រី ថាក់ ឡានី ​ដែលត្រូវបានតុលាការ​សម្រេចផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់​ចំនួន ៨ ០០០ ០០០រៀល តាមអំណាចសាលដីកា​ព្រហ្មទណ្ឌចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ របស់​តុលាការកំពូល។​

ព្រះរាជក្រឹត្យលើកលែងទោសនេះ បានធ្វើឡើង​បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

វីអូឌី មិនអាចសុំការបញ្ជាក់ពីមូលហេតុនៃការលើកលែងទោស​នេះពីអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន បានទេ។

លោកស្រី ថាក់ ឡានី មិនអាចសុំការបញ្ជាក់បន្ថែមបានទេ នៅថ្ងៃនេះ។

ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បាន​សាទរចំពោះការលើកលែងទោសនេះ។ លោកបានចាត់ទុកថា ការលើកលែងទោសនេះជាអំពើមនុស្សធម៌មួយ ខណៈលោកស្រី ថាក់ ឡានី ក៏មានវ័យចាស់ជរាទៅហើយនោះ។

លោកថា៖ «ខ្ញុំដឹងដំណឹងរហៀងៗដែរថា លោកជំទាវនឹងស្នើឱ្យមានការលើកលែងទោសនេះ ហើយខ្ញុំយល់ថា មិនមានរឿងអីធំដុំពេកទេ។ សម្រាប់លោកជំទាវ ថាក់ ឡានី ចាស់ហើយ ហើយរត់ភៀសខ្លួនទៅរស់នៅស្រុកគេ ខ្ចាត់ព្រាត់​ពីប្រទេស ពីភូមិកំណើត ពីគ្រួសារអ៊ីចឹង។ ហើយការលើកលែងទោសឱ្យលោកជំទាវត្រលប់មកវិញ គឺជារឿងត្រឹមត្រូវហើយ រឿងសីលធម៌ និងគុណធម៌សម្រាប់ស្រុកខ្មែរយើង»

ចំណែកលោក កន សាវាង្ស មន្ត្រីសម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​ នៃអង្គការ​ខុមហ្រ្វែល (Comfrel) បានចាត់ទុក​ការលើកលែងទោសដល់អតីតសមាជិកព្រឹទ្ធសភាអតីតគណបក្ស សម រង្ស៊ី នេះ គឺមានចំណុចខ្លះ​បានឆ្លើយតបទៅនឹងការទាមទាររបស់សហគមន៍អន្តរជាតិ ក៏ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំយល់ឃើញថា មិនមានត្រឹមប៉ុណ្ណឹងទេ នៅមានអ្នកនយោ​បាយ​ច្រើនទៀត​ ដែលមានការលើកឡើងដែលមានជាប់ពាក់ព័ន្ធជាមួយផ្នែកនយោបាយហ្នឹង គួរតែរដ្ឋាភិបាលគិតគូរ​ដូចគ្នា មើលលើការពិចារណា ហើយលើកលែងការចោទប្រកាន់ឬសម្របសម្រួលនយោបាយយ៉ាងម៉េច គឺធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបាន ឱ្យស្ថានភាពហ្នឹងដូចស្ថានភាពនៅមុនឆ្នាំ២០១៧នេះ គឺជាការមួយដ៏ប្រសើរ ហើយយើងសាទរនូវការដោះស្រាយបញ្ហាដោយសន្តិវិធី ការដោះស្រាយខាងសិទ្ធិនយោបាយនេះដែលអាចទទួលយកបាន»

បច្ចុប្បន្ន លោកស្រី ថាក់ ឡានី ត្រូវបានគេដឹងថា កំពុងស្នាក់នៅក្នុងប្រទេសស៊ុយអ៊ែត ចាប់តាំងពីលោកស្រីបានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ