មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ-១៩​ និង​មាន​អ្នក​ជា​៨៨​នាក់

បុគ្គលិកធ្វើការនៅណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមូលផ្ដុំគ្នាតម្រង់ជួររង់ចាំការធ្វើតេស្តយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១០៥ នាក់បន្ថែមទៀត​ ដែលជាចំនួនមួយច្រើនមិនធ្លាប់មានពីមុនមក ចាប់តាំងពីកម្ពុជាបានរកឃើញជំងឺឆ្លង​នៅក្នុងប្រទេសរបស់ខ្លួន​នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង១០៥នាក់នោះ រួមមាន ជនជាតិខ្មែរ ៣៥នាក់ ជនជាតិចិន ៥០នាក់ ជនជាតិវៀតណាម ១១នាក់ ជនជាតិថៃ ៨នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។

អ្នកឆ្លងជំងឺកូវីដ-១៩ខាងលើ ត្រូវបានក្រសួងសុខាភិបាលរកឃើញនៅរាជធានីភ្នំពេញ ចំនួន២៩នាក់ ក្នុងខេត្តកណ្ដាល ចំនួន​៦៤នាក់ ខេត្តព្រះសីហនុ ចំនួន​៨នាក់ ខេត្តកោះកុង​ចំនួន៣នាក់ និងខេត្តព្រៃវែងម្នាក់។

ក្រៅពីមានអ្នកឆ្លង ក្រសួងថាក៏មានអ្នកជាសះស្បើយចំនួន៨៨​នាក់ ដែលបច្ចុប្បន្នអ្នកទាំងនោះ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយ។

សម្រាប់ព្រឹត្តិការណ៍ឆ្លងក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈនេះ ក្រសួងថា បានកើនដល់៩១៥នាក់។

គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចំនួន១ ៤៣០នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន៨១៨នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន៦០៩នាក់ និងស្លាប់ម្នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ