អាជ្ញាធរ​សង្កាត់​ចោមចៅ​២ អះអាង​ថា​សំរាម​រាយ​ប៉ាយ​កើន​ឡើង​ដោយ​ឡាន​ដឹក​យឺត​

គំនរសំរាមដែលចោលនៅម្ខាងផ្លូវមួយកន្លែងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ (ប៉ា តុងចិន)

ប្រធានភូមិមួយក្នុងសង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ អះអាងថា សំរាមនៅតាមទីសាធារណៈក្នុងសហគមន៍របស់លោកកើនឡើងជារៀងរាល់ថ្ងៃ ដោយសារក្រុមហ៊ុនឡានដឹកជញ្ជូនសំរាមមកប្រមូលមិនបានញឹកញាប់ និងបញ្ហាកូវីដ១៩ ធ្វើឱ្យអាជ្ញាធរភូមិមិនអាចដើរប្រមូលបាន។

លោក ហង់​​​​ សំអឿន​ ប្រធានភូមិជ្រៃកោង សង្កាត់ចោមចៅ២ បានឱ្យដឹងថា សំរាមគឺជាបញ្ហាចោទដ៏ចម្បងនៅក្នុងភូមិរបស់លោក ដោយវាចាប់ផ្តើមកើនកាន់តែច្រើនឡើងៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ​លើសពីពេលកន្លងទៅ ដោយសារមួយរយៈនេះក្រុមហ៊ុនឡានដឹកសំរាមប្រមូលយឺត។

លោកមានប្រសាសន៍ថា៖ «ឥលូវហ្នឹង វាកើនប្រហែលជា៧០%ហើយ មិនថយទេ កាលពីមុន វាកើនត្រឹម៥០% ចុះមកនៅត្រឹម៤០% តាមដែលខ្ញុំសម្គាល់មើល ក្រោយមក រហូតឥលូវអាចកើនទៅដល់៧០ហើយ។​​ កើនច្រើន! ប្អូន! កើនឡើងហ្មង ព្រោះឥលូវនេះខ្ទង់មួយអាទិត្យអីតាមផ្លូវបំបែកដែលធ្លាប់ចូលយក គាត់អត់ចូលទេ​ ហើយអញ្ចឹងអត់ចូលយកមួយអាទិត្យ ឬក៏១០ថ្ងៃឡើង […] អញ្ចឹងសំរាមគរហ្មង។ បើមិនយកថ្ងៃ ក៏អាចចូលយកយប់អញ្ចឹងទៅណា៎! ព្រោះឡានសំរាមវាមានវេនយប់វេនថ្ងៃ ហើយដល់ឥលូវវាអត់មាន យប់ក៏អត់ ថ្ងៃក៏អត់ អញ្ចឹងហើយប្រជាពលរដ្ឋមិនកក[សំរាម]។​ ដល់សំរាមដែលអត់យកអញ្ចឹងរយៈពេលមួយអាទិត្យអី ជួនវា[ត្រូវអ្នករើស]អេតចាយយប់ គាត់រើ ហើយដូចជាសត្វពាហនៈ ឆ្កែអី វាហែករាយប៉ាយពេញទាំងអស់»។

មេភូមិជ្រៃកោងខាងលើ បញ្ជាក់ថា លោកធ្លាប់បានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋរៀបចំទុកដាក់សំរាមតាមធុង និងតាមមុខផ្ទះរៀងៗខ្លួន ហើយប្រជាពលរដ្ឋមួយចំនួនបានរៀបចំវេចខ្ចប់បានត្រឹមត្រូវផងដែរ​ ប៉ុន្តែឡានដឹកសំរាមមិនបានមកញឹកញាប់ ជាកត្តាមួយធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបន្តបោះចោលកាកសំណល់នៅតាមទីសាធារណៈ ធ្វើឱ្យសំរាមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវមួយកន្លែង ដែលម្ខាងនៃផ្លូវនោះក្លាយជាគំនរសំរាមដោយពលរដ្ឋយកមកទម្លាក់ចោល ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ (ប៉ា តុងចិន)

លោកបន្តថា អាជ្ញាធរភូមិពិតជាចង់ចូលរួមជួយសម្អាត ប៉ុន្តែដោយកង្វះថវិកាដើម្បីជួលកម្លាំងបន្ថែម ខណៈមន្ត្រីពាក់ព័ន្ធក្នុងភូមិភាគច្រើនសុទ្ធតែមានវ័យចំណាស់ ជាពិសេសដោយសារស្ថានភាពកូវីដ១៩កំពុងតែរីករាលដាលខ្លាំងផងនោះ ដូច្នេះលោកមិនទាន់មានជាវិធានការអ្វីនោះទេ មានតែទុកភារកិច្ចនោះឱ្យទៅក្រុមហ៊ុនដឹកជញ្ជូនសំរាមសិន។

លោកថា៖ «ឥលូវប្រឹងប្រែងទៅលែងរួចហើយ អាចកាត់បន្ថយអារឿងប្រឹងប្រែង ព្រោះទប់អត់ឈ្នះ បញ្ហាទី១ ថវិកា បញ្ហាទី២ កូវីដ បញ្ហាទី៣ កម្លាំង បានន័យថា កម្លាំងមួយចំនួនគាត់ទ្រុឌទ្រោមអស់ហើយ»

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិជ្រៃកោង អ្នកស្រី ណែត សារ៉ន លើកឡើងថា សំរាមនៅតាមទីសាធារណៈមានការកើនឡើងច្រើននៅក្នុងភូមិអ្នកស្រី ស្របពេលដែលឡានប្រមូលសំរាមមកទទួលពុំសូវបានញឹកញាប់ អាចពន្យារពេលដល់មួយសប្តាហ៍ឬលើសពីនេះផងនោះ ធ្វើឱ្យសំរាមគរបន្តបន្ទាប់គ្នាជាជួរ។

អ្នកស្រីថា៖ «បើសិនឡានសំរាមមកទាន់ វាអត់សូវក្លិនស្អុយអសោចអីចូលដល់ក្នុងផ្ទះក្នុងភូមិអញ្ចឹងហ៎ា! ដល់ពេលខានយកអញ្ចឹង វាច្រើន ប៉ះពាល់សុខភាពនៅជិតៗហ្នឹងដែរ ពេលប្រមូលអស់ទៅ វាធូរតាមហ្នឹងទៅ។ ខាងក្រុមហ៊ុន ស៊ីនទ្រី បើគាត់បានជួយដឹកសំរាមពីរថ្ងៃឬបីថ្ងៃម្តងអស់ៗទៅ សុខភាពក្មេងតូចៗអីក៏គ្នាមានសុខភាពល្អទៅតាមហ្នឹងដែរ»។

ចំណែកពលរដ្ឋម្នាក់ទៀត អ្នកស្រី សួន កន្និកា លើកឡើងថា នៅពេលដែលឡានប្រមូលសំរាមមកយឺត ធ្វើឱ្យសំរាមដែលប្រជាពលរដ្ឋច្រកថង់ដាក់មុខផ្ទះទៅជារលួយ និងបង្កជាមេរោគផងដែរ។

អ្នកស្រីប្រាប់ថា៖ «កាលណាគេក្រមកយក យើងដាក់សំរាមមុខផ្ទះ វាមានរុយមានអីមានដង្កូវមានអីអញ្ចឹងវារចេញមក»។​

អ្នកស្រី កន្និកា បន្ថែមថា បញ្ហាសំរាមនៅតាមទីសាធារណៈនៅតែបន្តមានវត្តមានច្រើន ជាពិសេសនៅចិញ្ចើមផ្លូវទល់មុខផ្ទះអ្នកស្រី ដែលប្រជាពលរដ្ឋមួយចំនួនតែងយកកាកសំណល់មកបោះចោលនៅទៅនោះ ដែលធ្វើឱ្យអ្នករស់នៅក្បែរនោះត្អូញត្អែរពីផលប៉ះពាល់ជាញឹកញាប់។

អ្នកស្រីថា៖ «វាមានក្លិនអត់ល្អអញ្ចឹងហ៎ាសអូន! វាមានក្លិន មានមូសច្រើន កើតមូសកើតអីច្រើន»

ភ្នាក់ងារផ្នែកគ្រប់គ្រងបញ្ហាសំរាមនៅក្នុងសង្កាត់ចោមចៅ២​ លោក លឹម​ សារុន អះអាងថា លោកយល់ស្របនឹងការលើកឡើងរបស់អាជ្ញាធរក្នុងសង្កាត់ចោមចៅ ដែលលើកឡើងពីបញ្ហាយឺតយ៉ាវនៃការប្រមូលសំរាមនេះ ប៉ុន្តែលោកបញ្ជាក់ថា បញ្ហាពន្យារពេលនេះដោយសារមូលហេតុនៅក្នុងសង្កាត់មានឡានប្រមូលសំរាមចំនួនតិច ត្រូវបែងចែកច្រើនគោលដៅ ហើយពេលខ្លះត្រូវបំពេញភារកិច្ចប្រមូលតាមទីតាំងដែលចាំបាច់មុន។ លោកបន្ថែមថា បញ្ហានេះបូកផ្សំជាមួយនឹងបញ្ហារីករាលដាលកូវីដ១៩ទៀតនោះ ធ្វើឱ្យបុគ្គលិកប្រមូលសំរាមព្រួយបារម្ភពីបញ្ហាសុខភាព ដោយប្រមូលតែសំរាមដែលវេចខ្ចប់បានត្រឹមត្រូវ។

លោកថា៖ «វារាងយូរបន្តិចមែន ជឿថារាងយូរបន្តិច ព្រោះមួយសង្កាត់ហ្នឹងមានតែឡាន៣ទេ ឡាន៣ហ្នឹងបែងចែកទៅគ្រប់កន្លែង ផ្លូវជាតិលេខ៣ផង។​ បញ្ហាយឺត វាយឺតអញ្ចេះទេ ជួនកាលចៅហ្វាយខណ្ឌទៅប្រជុំកន្លែងនេះនោះ គេត្រូវប្រមូលឡានអស់ហ្នឹងទៅយកសំរាមកន្លែងអស់ហ្នឹង អញ្ចឹងវាត្រូវសម្អាតកន្លែងចៅហ្វាយខណ្ឌ ឬមួយសម្តេចអីត្រូវមកប្រជុំមកអញ្ចឹង គេផ្អាកកន្លែងផ្សេងៗសិន ហើយកន្លែងណាស្ទះខ្លាំង គេទៅកន្លែងហ្នឹងសិន​ កន្លែងណាមិនសំខាន់ គេទុកម្ខាងសិន»

ចំណែកប្រធានគ្រប់គ្រងផ្នែកប្រមូលសំរាមក្នុងសង្កាត់ចោមចៅ១ និងចោមចៅ២ លោក ហួន វណ្ណ​ អះអាងថា ភ្នាក់ងាររបស់លោកជាធម្មតាតែងចុះប្រមូលតាមគោលដៅយ៉ាងតិចមួយសប្តាហ៍២ដង មិនដែលពន្យារពេលយូរលើសពីមួយសប្តាហ៍ឡើយ។ លោកបញ្ជាក់ថា ដោយចំណុចខ្លះក្នុងសង្កាត់ចោមចៅ២ មានសំរាមរាយប៉ាយគ្មានសណ្តាប់ធ្នាប់ពាសពេញចិញ្ចើមផ្លូវដូច្នេះឡានប្រមូលពិបាកក្នុងការកើបយក។

លោក ហួន វណ្ណ និយាយថា៖ «ខ្ញុំចុះទៅផ្ទាល់ ដើរមើលគ្រប់កន្លែងរាល់ថ្ងៃដែរ ពួកខ្ញុំទៀងទាត់ដែរហ្នឹង។​ ពីមុនមកមានមួយអាទិត្យ ពីរដង ឥលូវដល់ពេលបានឡានបានអីច្រើនមកជួនកាលឡើងដល់បីដង យ៉ាងយូរមួយអាទិត្យ ពីរដង។​ ហើយកន្លែងខ្លះ [ពលរដ្ឋ]លេងដាក់រប៉ាត់រប៉ាយពេញហ្នឹង អញ្ចឹងហើយឡានឱ្យគ្នាប្រមូលម៉េច? បើតាមដុំៗ ចេះតែជួយចូកឡើងអស់ៗទៅ ដល់ពេលពង្រាយពេញមួយចំហៀងផ្លូវអញ្ចឹងយ៉ាប់ដែរ»។

យោងតាមក្រសួងបរិស្ថាន កម្ពុជាបង្កើតសំរាមជាង១០ ០០០តោនជារៀងរាល់ថ្ងៃ ហើយមានតែសំរាមប្រមាណ៥០ភាគរយប៉ុណ្ណោះដែលត្រូវបានប្រមូលទៅដាក់កន្លែងចាក់សំរាម ខណៈសំរាមដែលសេសសល់ទាំងប៉ុន្មានត្រូវបានបោះចាលតាមដងផ្លូវ ក្នុងទឹក ឬដុតចោល ជាដើម។

លោក ហង់ សំអឿន ប្រធានភូមិជ្រៃកោង​ សង្កាត់ចោមចៅ២ បញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិរបស់លោកមានប្រមាណជា៩០០គ្រួសារ ដែលមានប្រជាជនសរុបប្រមាណជាង១៥ ០០០នាក់។ លោកបន្ថែមថា អាជ្ញាធរភូមិធ្លាប់បានចូលរួមសម្អាតតាមទីតាំងគរសំរាមកន្លងមកជាច្រើនដងមកហើយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបន្តបោះចោលដដែល ទោះបីជាអាជ្ញាធរផ្សព្វផ្សាយពីបញ្ហានេះក៏ដោយ៕

អត្ថបទដោយ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ