UPDATE៖ អាជ្ញាធរ​ខេត្ត​២​​ ចុះ​យក​សំណាក​អ្នក​ភូមិ​ ក្រោយ​អ្នក​មាន​កូវីដ-១៩​​ចូល​រួម​មង្គល​ការ​នៅ​ទី​នោះ​

អាជ្ញាធរស្រុកបាទី ចុះពិនិត្យ និងបិទទីតាំងមួយចំនួន ស្ថិតនៅឃុំចំបក់ ដែលមានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្តតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ)

អាជ្ញាធរខេត្តតាកែវ កំពុងយកសំណាក និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ក្រោយបុរសម្នាក់ដែលកើតកូវីដ-១៩ បានចូលរួមពិធីមង្គលការ​នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខណៈអាជ្ញាធរខេត្តកំពត ក៏កំពុងធ្វើកិច្ចការនេះដូចគ្នា ដោយសារតែបុរសម្នាក់ទៀតដែលមានជំងឺនេះក៏បានទៅចូលរួមមង្គលការនៅភូមិដំណាក់​​ទ្រព្យខាងជើង ​ឃុំក្រំាង​ស្នាយ​ ស្រុកឈូក។

អភិបាលរងខេត្តតាកែវ លោក លី សាវេត អះអាងប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ​ថា អាជ្ញាធរបានចុះបិទភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង តាំងពីយប់មិញ ក្រោយទទួលដំណឹងអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ទៅចូលរួមពិធីមង្គលការនៅក្នុងភូមិនោះ។​

កាលពីម្សិលមិញ បុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា វិជ្ជមានកូវីដ-១៩ ខណៈដែលកាលពីថ្ងៃទី១២ ខែមីនា បុគ្គលរូបនេះបានទៅចូលរួមពិធីមង្គលការមួយនៅភូមិឃុំខាងលើនេះ។

អភិបាលរងខេត្តតាកែវរូបនេះ ប្រាប់ វីអូឌី នៅព្រឹកថ្ងៃចន្ទ​នេះថា អាជ្ញាធរបានចុះបិទការចេញចូលក្នុងភូមិក្រាំងលាវទាំងស្រុង ហើយមន្ត្រីសុខាភិបាលកំពុងចុះទៅយកសំណាកអ្នកដែលបានចូលរួមក្នុងពិធីមង្គលការ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩។

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត មានប្រសាសន៍ថា មន្ត្រីសុខាភិបាល បានយកសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន៩៨​នាក់ ទៅ​ធ្វើតេស្តរក​មេរោគ​កូវីដ-១៩ និង​បានដាក់​ឱ្យអ្នកទាំងនោះធ្វើចត្តាឡីស័កនៅផ្ទះ ដោយមានការឃ្លាំមើលពីអាជ្ញាធរផងដែរ។

ចំណែកអ្នកប៉ះពាល់ប្រយោលវិញ លោកថា ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ និងស្ថិតនៅក្នុងការតាមដានសុខភាព។

លោកថា៖ «ព្រោះយើងមានបញ្ជីឈ្មោះ តាមដានបន្តបន្ទាប់ ព្រោះ[មង្គល]ការ[នៅទីតាំង]យើងមិនមានមនុស្សនៅកន្លែងមួយទេ វាមានមកពីបាទី មកពីដូនកែវ មកពីត្រាំកក់។ អាស្រ័យលើតេស្ត បើតេស្ត៩៨នាក់ យើងមើលទៅលទ្ធផលអវិជ្ជមាន យើងអាចបន្ធូរខ្លះ តែបើមានវិជ្ជមាន យើងកាន់តែបន្តឹង អាចបិទរយៈពេល១៤ថ្ងៃ ហើយត្រូវយកសំណាកបន្ថែមទៀត»។

បើតាមបញ្ជីរាយនាមអ្នកពាក់ព័ន្ធជាមួយ​អ្នកវិជ្ជមានវីរុសកូវីដ-១៩ របស់អភិបាលស្រុក​សំរោង លោក កេត ម៉ៅ អ្នកប៉ះពាល់​ផ្ទាល់​និងប្រយោលជាមួយអ្នកជំងឺមានចំនួន៣៨០នាក់ នៅភូមិចំនួន៥ ក្នុងឃុំរវៀង ស្រុកសំរោង ហើយ​ភូមិក្រាំងលាវ ដែលមានរៀបចំពិធីមង្គលការនោះមានពលរដ្ឋរស់នៅ២០២គ្រួសារ ស្មើនឹង៨៩៥នាក់។

មិនមែនមានតែនៅខេត្តតាកែវ ដែលអាជ្ញាធរបាននិងកំពុងបិទ ហើយធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩នោះទេ នៅឯខេត្តកំពតក៏បានរកឃើញអ្នកវិជ្ជមានវីរុស​កូវីដ-១៩ ទៅចូលរួមពិធីមង្គលការមួយដែរកាលពីម្សិលមិញ។

អភិបាលខេត្តកំពត លោក ជាវ តាយ មានប្រសាសន៍ថា ក្រោយពីបានទទួលព័ត៌មានអ្នកជំងឺកូវីដ-១៩ ទៅចូលរួមមង្គលការនោះ អាជ្ញាធរនិងមន្ត្រីសុខាភិបាលខេត្តបានចុះទៅ​យកសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន៥នាក់ទៅធ្វើតេស្តរួចហើយ។ ក្រៅពីមនុស្សទាំង៥នាក់នេះ លោកថា អាជ្ញាធរក៏កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធទៀតដែរ។

លោកថា៖ «វាមានអ្នកប្រយោលនិងអ្នកផ្ទាល់​។ អ្នកផ្ទាល់ដែលអង្គុយតុនិងជិះឡានរួមជាមួយគាត់​ហ្នឹង គឺយើងបានធ្វើកិច្ចការងារនេះចប់អស់ហើយ គេបានយកសំណាកគាត់ ហើយដាក់នៅក្នុងការ​ព្យាបាល។ ចំណែកប្រយោលហ្នឹង គឺ​យើងកំពុងស្រាវជ្រាវ គឺមិនមានអ្វីពាក់ព័ន្ធធំទេ»។

អភិបាលស្រុកឈូក លោក ខៀវ រិទ្ធិភ័ណ្ឌ មានប្រសាសន៍ថា មនុស្សចំនួន១០នាក់ដែលប៉ះពាល់ផ្ទាល់ ត្រូវយកសំណាកទៅធ្វើតេស្តរកមេរោគ។ លោកបន្តថា ក្នុងចំណោមមនុស្ស១០នាក់ ដែលយកសំណាក ក្នុងនោះអ្នកត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន៤នាក់ និង មនុស្ស៦នាក់ទៀតត្រូវបានយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្តកំពត។

ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីបុរសម្នាក់រស់នៅសង្កាត់បឹងកេងកង​៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវក្រសួងសុខាភិបាលកំពុង​យកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩នោះ បានទៅចូលរួមពិធីមង្គលការមួយនៅភូមិដំណាក់ទ្រព្យខាងជើង ​ឃុំក្រំាង​ស្នាយ ស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ខណៈដែលខ្លួនកំពុងរង់ចាំលទ្ធផលតេស្ត។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសរូបនោះមានវិជ្ជមានវីរុសកូវីដ-១៩។

ក្រោយពីមានករណីនេះ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងមួយដោយឱ្យផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជា​បណ្តោះអាសន្ន ចាប់​ពីថ្ងៃចន្ទនេះទៅ រហូត​ដល់មានការជូនដំណឹងជាថ្មី។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា អ្នកដែលបានយកសំណាកទៅធ្វើតេស្តទាំងអស់ គឺស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក ដោយមិនអាចដើរទៅណាបានឡើយ។

លោកថា៖ «អ្នកតម្រូវឱ្យធ្វើចត្តាឡីស័ក គឺត្រូវមានភាពស្មោះត្រង់ កន្លែងនេះជាចំណុចមួយទៀត។ ខ្លួនត្រូវធ្វើចត្តាឡីស័កយកសំណាកទៅមើលហើយ កំពុងរង់ចាំលទ្ធផល ស្រាប់តែទៅចូលរួមពិធីមង្គលការ ហើយឥលូវបុគ្គលនោះវិជ្ជមាន ហើយបើវិជ្ជមានសួរថា តើមួយរោងការហ្នឹងវាយ៉ាងម៉េច? រោងការមនុស្សមិនតិចទេ បើការធំ [មនុស្ស​] ពាន់នាក់ បើតូច [មនុស្ស​] រយនាក់ តើវានឹងទៅជាយ៉ាងណា? ត្រង់ហ្នឹងហើយដែលខ្ញុំតែងតែរំឭកថា កុំឱ្យរោងការនិងរោងបុណ្យរបស់យើង កុំឱ្យការជួបជុំរបស់យើង ឬហាងរបស់យើង ក្លាយជាទីតាំងផ្ទុះចេញនូវវីរុសកូវីដ-១៩ ខ្ញុំនិយាយរឿយៗត្រង់ចំណុចនេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ