UNDP៖​ ឆ្នាំ២០១៩ ប្រាក់​ឈ្នួល​រវាង​ស្រ្តី​និង​បុរស​ឃ្លាត​គ្នា​១៩%​ ទោះ​បី​ការងារ​ដូច​គ្នា​

កម្មការិនីពីរនាក់ពាក់ម៉ាស់ដើរចេញពីរោងចក្រ Y&W នៅពេលដល់ម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

របាយការណ៍អង្កេត​មួយ​របស់​កម្មវិធីអភិវឌ្ឍន៍សហ​ប្រជាជាតិ (UNDP) បានរកឃើញថា ប្រាក់ឈ្នួលរវាងស្ត្រីនិងបុរសនៅក្នុងប្រទេសកម្ពុជានៅតែមានគម្លាត ទោះបីជាស្ថិតនៅក្នុងការងារដូចគ្នាក្តី។

យោងតាមរបាយការណ៍អង្កេតរបស់​អង្គការ UNDP ដែលបាន​លើកឡើង​នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​​នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បាន​លើកឡើងថា តាមរយៈការប្រើប្រាស់ទិន្នន័យដែលបានមកពីការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា (CSES) ឆ្នាំ២០១៤ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ និងប្រើប្រាស់វិធីសាស្រ្តវិភាគ Oaxaca-Blinder បានរកឃើញថា ស្ត្រីកម្ពុជា ជាមធ្យមទទួលបានប្រាក់ឈ្នួលតិចជាងបុរសចំនួន ១៩%​ សម្រាប់ការងារដូចគ្នា។

បើតាមរបាយការណ៍នេះ មានកត្តាមួយចំនួនដែលមាន​ឥទ្ធិពលលើគម្លាតប្រាក់ឈ្នួលរវាងស្ត្រីនិងបុរសនៅកម្ពុជា ក្នុងនោះ គម្លាតនៃការអប់រំរវាងស្ត្រីនិងបុរសចំនួន ៦%  គម្លាតនៃបទពិសោធន៍ចំនួន ១៤% និង​ការធ្វើការងារដែលមានជំនាញទាបបានរួមចំណែកចំនួន ៤%។

របាយការណ៍ដដែលក៏បានរកឃើញដែរថា លក្ខណៈដែលមិនអាចអង្កេតវាស់វែងបាន បានរួមចំណែកដល់ទៅ ១០៥%។ លក្ខណៈទាំងនោះមានដូចជា ការរើសអើងក្នុងទីផ្សារការ​ងារ ប៉ុន្តែក៏អាចកើតឡើងដោយសារកត្តាផ្សេងទៀត ដូចជា កង្វះជំនាញទន់ ឬគុណភាពនៃការអប់រំ ជាដើម ដែលពុំត្រូវបានបញ្ចូលទៅក្នុងការអង្កេតនេះឡើយ។

ដោយឡែក សម្រាប់លក្ខណៈប្រជាសាស្រ្តវិញ របាយការណ៍នេះថា​ ស្ថានភាពអាពាហ៍​ពិពាហ៍ ត្រូវ​បានរកឃើញថា ជាកត្តាសំខាន់បំផុតដែលកំណត់ពីការងារទទួលបានប្រាក់កម្រៃ​របស់ស្រ្តី ដែលវាធ្វើឱ្យ​លទ្ធភាពទទួលបានការងារធ្វើសម្រាប់ស្រ្តីដែលរៀបការហើយ ថយចុះ ៣៨%។ ដោយឡែក ការកើនឡើងនូវទំហំគ្រួសារ និងកម្រិតនៃការអប់រំរបស់មេគ្រួសារ បង្កើនលទ្ធភាពរបស់ស្រ្តីក្នុងការក្លាយជាអ្នកធ្វើការដែលទទួលបានប្រាក់កម្រៃទាប។

តំណាង UNDP ប្រចាំកម្ពុជា លោក Nick Beresford មានប្រសាសន៍ក្នុងរបាយការណ៍នោះថា នៅកម្ពុជា ស្ត្រីជាមធ្យម​ទទួល​​បាន​ប្រាក់​ឈ្នួលតិច​ជាងបុរសចំនួន ១៩% សម្រាប់​ការងារដូចគ្នា ដែលបញ្ហានេះ ពាក់ព័ន្ធទៅនឹង​សិទ្ធិរបស់​ស្ត្រីក្នុងការ​ទទួលបាន​ភាពស្មើ​គ្នាជាមួយបុរស ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងឱកាស​ក្នុងការបង្កើតនូវទីផ្សារការងារ​ដែលកាន់តែមាន​ប្រសិទ្ធភាពនិងប្រសិទ្ធផល។

លោកថា៖ «ប្រសិនបើយើងអាចធ្វើបាន យើងនឹងអាចបង្កើនភាពរុងរឿងសម្រាប់គ្រប់គ្នា ទាំងស្ត្រីនិងបុរស ទាំងកុមារីនិងកុមារា»

បើ​តាមសេចក្តីប្រកាសព័ត៌មាន​នេះ UNDP បានអះអាងថា អង្គការនេះនឹងបន្តគាំទ្រដល់ការ​លើកកម្ពស់ស្រ្តីនៅកម្ពុជា ដូចជា តាមរយៈការគាំទ្រដល់ក្រសួងកិច្ចការនារី ក្នុងការពិនិត្យនិងរៀបចំផែនការយុទ្ធសាស្រ្តនារីរតនៈ និងគោលនយោបាយយេនឌ័ររបស់កម្ពុជា ជាដើម។ កម្មវិធីជាច្រើនរបស់ UNDP ក៏ផ្ដោតការយកចិត្តទុកដាក់លើការពង្រីកការចូលរួមរបស់ស្រ្តី ក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច និងនយោបាយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ