អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៩​ ស្នើ​រដ្ឋា​ភិបាល​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​​នៅ​កន្លែង​ការងារ​

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៩ ស្នើរដ្ឋាភិបាលលើកកម្ពស់សិទ្ធិស្ត្រីនៅកន្លែងការងារ លុបបំបាត់ការរើសអើងលើស្ត្រីភេទ និងបញ្ឈប់ការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។

អង្គការសង្គមស៊ីវិលទាំងនោះរួមមាន អង្គការអាក់សិនអេតកម្ពុជា អង្គការជួយស្រ្តីមានវិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការម្លប់បៃតង អង្គការសីលការ និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម។​

សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលទាំង៣៩អង្គភាព ដែលបានផ្សព្វផ្សាយ​កាលពីល្ងាចថ្ងៃម្សិលមិញ បាន​លើកឡើងថា នៅកម្ពុជា ថ្វីបើកម្លាំងពលកម្មស្ត្រីមានចំនួន​ប្រហាក់ប្រហែល​បុរសក្តី ប៉ុន្តែចំនួនស្ត្រីក្នុងតំណែងជាអ្នកដឹកនាំនៅមានកម្រិតតិចតួចនៅឡើយ។

ម្យ៉ាងវិញ​ទៀត ក្រុមអង្គការសង្គម​ស៊ីវិលទាំងនោះរកឃើញថា ស្ថាប័នការងារជាច្រើនពុំបានផ្ដល់​ហេដ្ឋារចនា​សម្ព័ន្ធ ឬបរិក្ខារមើលថែទាំ​ទារកគ្រប់គ្រាន់សម្រាប់បុគ្គលិកឬកម្មករនិយោជិតជាម្តាយ ឬឆ្លើយ​តបនឹងតម្រូវការចាំបាច់​មួយចំនួនដល់ពួកគេនៅឡើយ ដែលទាំងនេះគឺជាឧបសគ្គធំមួយ ក្នុងចំណោមឧបសគ្គជាច្រើនដែលស្ត្រីជាម្តាយជួប​ប្រទះនៅកន្លែងការងារ​។

សេចក្តីថ្លែងការណ៍បន្ត​​ថា៖ «ស្រ្តីមិនគួរត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការ​ងារនិងការមើលថែទាំកូននោះទេ។ ប្រការដែលស្រ្តីជាម្ដាយ ហើយដែលទៅធ្វើការហ្នឹងត្រូវបានស្ដីបន្ទោស បើស្រ្តីនោះធ្វើទាំងការងារនិងភារកិច្ចមើលថែកូន ដែលនេះបង្ហាញឱ្យឃើញថា រដ្ឋាភិបាលខកខានក្នុងការការពារសិទ្ធិស្រ្តីនៅកន្លែងធ្វើការ»។

សេចក្តីថ្លែងការណ៍ដដែលបានស្នើ​ឱ្យ​រដ្ឋាភិបាល​​ចាត់វិធានការ​សមស្របដើម្បីធានាថា ឪពុកម្តាយគ្រប់រូប​ដែលបំពេញការងារ ​ទទួលបានការគាំទ្រ​នៅក្នុងកន្លែងធ្វើការ ហើយ​ស្ថាប័ន​ការ​ងារ​​ត្រូវ​ផ្តល់​បរិក្ខារនិងទីកន្លែងមើលថែទាំទារក​ដែលជាតម្រូវការចាំបាច់របស់បុគ្គលិក​ជាម្តាយ។

អង្គការទាំងនោះក៏បានស្នើ​ឱ្យចាត់វិធានការ​ដើម្បីធានាថា សិទ្ធិរបស់ស្ត្រីនៅកន្លែងការងារ​ត្រូវបានគោរពនិងលើកកម្ពស់ បង្កើនកិច្ចប្រឹងប្រែងឱ្យ​បានខ្លាំងក្នុងការលុបបំបាត់ការរើសអើង​លើស្ត្រីភេទ និង​បញ្ឈប់ការឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំង​អនុម័តកិច្ចគាំពារពាក់ព័ន្ធនឹងអំឡុងពេលមាតុភាព តាមអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិ។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីមានករណី​ស្ត្រីនគរបាលម្នាក់នៅខេត្តស្ទឹងត្រែង ត្រូវបាន​ថ្នាក់ដឹក​នាំរបស់គាត់ហៅទៅធ្វើកិច្ចសន្យា ដោយសារការបង្ហោះរូបភាពរបស់គាត់​ដែលបំបៅ​ដោះកូនក្នុងឯកសណ្ឋាននគរបាល នៅលើទំព័រហ្វេសប៊ុករបស់គាត់។

ពាក់ព័ន្ធនឹងករណីស្ត្រីនគរបាលបំបៅដោះកូនក្នុងអំឡុងពេលចុះរឹតបន្តឹងច្បាប់ចរាចរណ៍នេះដែរ ក្រុម​សង្គមស៊ីវិលក៏បានស្នើ​ដល់មន្ត្រីនគរបាលជាថ្នាក់ដឹកនាំស្ត្រីរូបនោះ គប្បីចេញមុខ​សុំ​ទោស​ជាសាធារណៈចំពោះឥរិយាបថដែលធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនគរបាល​រូប​នោះផងដែរ។

លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការ​កម្ពុជាដើម្បី​ជួយ​ស្ត្រីមាន​វិបត្តិ ដែលជាអង្គការមួយក្នុងចំណោមអង្គការទាំង៣៩នេះ មាន​ប្រសាសន៍ថា ស្រ្តីកម្ពុជា​មួយចំនួនប្រឈមនឹងបញ្ហាពិបាកក្នុងការឡើងតួនាទី បើទោះបីជាមានចំណេះដឹងក៏ដោយ ខណៈអង្គភាពមួយចំនួន មាន​ប្រភេទការងារផ្ដោតច្រើនតែលើបុរស បើទោះបីជាមិនមានការរើសអើងស្ត្រីក៏ដោយ។

លោក​ស្រីបន្ត​​ថា៖ «ចំណុច​រាំងស្ទះរបស់ស្រ្តីមួយទៀតគឺ ការងារបន្តពូជថែទាំផ្ទះសម្បែងរបស់គាត់ហ្នឹងហ្មង ដែលជាការទាញគាត់មិនឱ្យរីកចម្រើននៅក្នុងការងារ លុះត្រាតែនៅកន្លែងការ​ងារ​ហ្នឹងគាត់មានការយល់ដឹងច្បាស់អំពីថាតើធ្វើម៉េចឱ្យស្រ្តីអាចបំពេញការងារបាន ដោយគេទទួលស្គាល់នូវតួនាទីបន្តពូជរបស់គាត់ហ្នឹង»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានមានប្រសាសន៍ថា នៅក្នុងច្បាប់ គឺតម្រូវឱ្យក្រុមហ៊ុនឯកជន​ត្រូវមានកន្លែងទារកដ្ឋាន និង​ផ្ដល់ពេលវេលាសម្រាប់​ស្រ្តី អាចចេញទៅបំបៅដោះកូនបាន ខណៈបណ្ដាក្រុមហ៊ុនឯកជនមួយចំនួនដែលមិនមានកន្លែងសម្រាប់ទារក គឺត្រូវផ្ដល់ប្រាក់ឧបត្ថម្ភឱ្យស្រ្តីជាម្ដាយជំនួសវិញ។

លោកមានប្រសាសន៍ថា៖ «សម្រាប់ក្នុងវិស័យការងារ គឺគ្មានកន្លែងណាមួយដែលអត់ [ទារកដ្ឋាន] នោះទេ ហើយ​ប្រសិន​បើកន្លែងហ្នឹងអត់ គឺគាត់ត្រូវផ្តល់នូវប្រាក់​ឧបត្ថម្ភទៅដល់ស្ត្រីដែលមានទារកហ្នឹង [ច្បាប់​]យើងបើកចំហលើករណីនេះ»។

របាយការណ៍អង្កេត​មួយ​របស់​កម្មវិធីអភិវឌ្ឍន៍សហ​ប្រជាជាតិ (UNDP) ចេញផ្សាយកាលពីម្សិលមិញនេះ ក៏បានរកឃើញដែរ​ថា ប្រាក់ឈ្នួលរវាងស្ត្រីនិងបុរសនៅក្នុងប្រទេសកម្ពុជា នៅតែមានគម្លាត ទោះបីជាស្ថិតនៅក្នុងការងារដូចគ្នាក្តី។ របាយការណ៍នោះបញ្ជាក់ថា ស្ត្រីកម្ពុជា ជាមធ្យមទទួលបានប្រាក់ឈ្នួលតិចជាងបុរសចំនួន ១៩%​ សម្រាប់ការងារដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ