មន្ត្រី​សុខា​ភិបាល​ស្នើ​ឱ្យ​​ពលរដ្ឋ​​ដែល​ទៅ​ចាក់​វ៉ាក់សាំង​​កូវីដ-១៩​ រក្សា​គម្លាត​សុវត្ថិភាព​

ពលរដ្ឋជាច្រើននាក់នាំគ្នាមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលស្នើដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងកូវីដ-១៩ រក្សាគម្លាតសុវត្ថិភាព ដោយចៀសវាងទៅឈរប្រជ្រៀតគ្នានៅពេលរង់ចាំចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសការចម្លងកាន់តែធ្ងន់ធ្ងរចូលទៅក្នុងសហគមន៍។

ការស្នើនេះបានធ្វើឡើង​ក្រោយ​ពីមាន​ការចែករំលែកនូវរូបថតមួយចំនួនពីទិដ្ឋភាពដែលមាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាននាំគ្នាទៅឈរ​ប្រជ្រៀតគ្នារង់​ចាំចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃម្សិលមិញមកដល់​ថ្ងៃព្រហស្បតិ៍នេះ។

ការសម្រុកទៅចាក់វ៉ាក់សាំងប្រជ្រៀតគ្នានេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់ វីអូឌី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​នេះ​ថា ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនេះនៅ​តាមមន្ទីរពេទ្យនីមួយៗ បានរៀបចំ​រក្សា​គម្លាតសុវត្ថិភាពដែរ ប៉ុន្តែគ្រូពេទ្យនិងសមត្ថកិច្ចនៅតែពិបាកគ្រប់គ្រង ដោយសារ​តែអ្នកទៅចាក់មានចំនួនច្រើន។   

ករណីនេះ លោកស្រីបាន​បង្ហាញក្ដីបារម្ភខ្លាចមានការឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោម​ប្រជាពល​រដ្ឋ​ទាំងនោះ ខណៈកម្ពុជាកំពុងផ្ទុះការឆ្លងរាលដាលនៃជំងឺនេះ​កាន់តែខ្លាំង។

លោកថា៖ «សុំអធ្យាស្រ័យ ដោយសារវ៉ាក់សាំងមានកម្រិត អ្នកដែលមិនស្ថិតនៅក្រុមមនុស្សដែលក្រសួងបានប្រកាស​អញ្ជីញ​ហ្នឹង សូមកុំមកមន្ទីរពេទ្យអី ពីព្រោះចៀសវាងការឆ្លងរោគ ​បើអត់កូវីដ ក៏វាឆ្លងរោគអីផ្សេងទៀតដែរ។ មន្ទីរពេទ្យ​ជាកន្លែងមើលជំងឺ មិនមែនជាកន្លែងកម្សាន្តណា! ​អ៊ីចឹងខ្លាចមានការឆ្លងរោគ​ ជាពិសេសខ្លាចផ្ទុះការឆ្លងជំងឺកូវីដ-១៩​។ អ៊ីចឹងបានសុំអង្វរដ៏ទទូច​ដល់បងប្អូនយើងទាំងអស់​ សូមឱ្យគោរពមានសណ្ដាប់ធ្នាប់ ហើយគោរពតាមវិធានការ​សុខាភិបាលតាមការចាត់ចែងរបស់មន្ទីរពេទ្យ»។

លោកស្រីបន្តថា នៅរាជធានីភ្នំពេញបច្ចុប្បន្ន នៅសល់តែវ៉ាក់សាំងប្រភេទ​ អាស្ត្រាហ្ស៊ីណិកា (AstraZeneca) ដែលចាក់​សម្រាប់មនុស្ស​​អាយុ៦០​ឆ្នាំឡើងតែប៉ុណ្ណោះ ដែល​ករណីនេះ លោកស្រីបាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ​ក្រោម៦០ឆ្នាំ កុំអាល​ទៅចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ ដោយ​សម្រេចផ្អាកការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ «ស៊ីណូហ្វាម» របស់ចិន ជាបណ្ដោះអាសន្នសិន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារ​វ៉ាក់សាំង ស៊ីណូហ្វាម ដែលនៅសេសសល់ ទុកសម្រាប់ចាក់​ឱ្យ​អ្នកធ្លាប់ចាក់លើកទី១រួចហើយប៉ុណ្ណោះ។ 

ជាមួយគ្នានេះដែរ ក្រសួងក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋឱ្យឈប់ទៅឈរប្រជ្រៀតគ្នានៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ ចិនព្រះកុសមៈ រួមទាំងនៅតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីកុំឱ្យមានការកកស្ទះមនុស្សច្រើន​នៅកន្លែងចាក់ និងការពារការចម្លងវីរុសកូវីដ-១៩ផងដែរ។

ប្រធានមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ លោក ញឹម អង្គារបុស្ស ប្រាប់វីអូឌីថា ពលរដ្ឋជា​ច្រើនបាននាំគ្នាមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងប្រភេទ​ ស៊ីណូហ្វាម (Sinopharm) និងអាស្ត្រាហ្ស៊ីណិកា (AstraZeneca) ដែលធ្វើឱ្យមន្ទីរពេទ្យនេះ​មានភាពចង្អៀតណែន ពិបាកក្នុងការគ្រប់គ្រង។

លោកថា៖​ «គ្រូពេទ្យក៏រវល់ចាក់ផង និងរវល់រៀបចំ។​ យើងសហការ​ជាមួយរដ្ឋអំណាចជួយហើយ ​ប៉ុន្តែពេលខ្លះនៅមានការលំបាក ដូចខ្ញុំជម្រាបជូនអ៊ីចឹង ដូចវែកចកអ៊ីចឹង មានតែសំណូមពរឱ្យបងប្អូនយើងសហការ​ ព្រោះយើងមកចាក់វ៉ាក់សាំងការពារ តែ[ខ្លាច]វាមិនបានការពារ [បែរជា]វាបានជំងឺទៅវិញ ពេលយើងមក[ប្រជ្រៀត​គ្នា​]ហ្នឹង»។  

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធរគ្រប់គ្រងតែនៅតាមមន្ទីរពេទ្យបង្អែកតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់មន្ទីរពេទ្យជាតិ ក្រសួងជាអ្នករៀបចំនិងចាត់ចែង។

លោកថា៖ «ប៉ុន្តែខាងខ្ញុំធ្វើបានល្អណាស់ ​ខ្ញុំមានទាំងរោង ​មានទាំងកៅអី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងដែលទៅចាក់ហ្នឹង អាចឈប់ ឬចាក់ហើយ អាចមក​សម្រាក​តាមការណែនាំរបស់ក្រសួងសុខាភិបាល​»។

គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦៥២នាក់ ខណៈចំនួនអ្នកឆ្លងនៅទូទាំងប្រទេសសរុប១ ១៦៣នាក់ ក្នុងនោះមាន​​អ្នកជាសះស្បើយ៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ