យុវជន​២​នាក់​ដែល​វាយ​ក្បាល​ជន​បរទេស​នៅ​តាម​ដង​ផ្លូវ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្មេងទំនើងពីរនាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ក្រោយពេលពួកគេបានជិះម៉ូតូទៅវាយក្បាលជនបរទេសម្នាក់តាមដងផ្លូវ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

យុវជន២នាក់ដែលវាយក្បាលជនបរទេសម្នាក់តាមដងផ្លូវ ហើយត្រូវបានចែកចាយ​ក្នុងបណ្តាញសង្គម Tik Tok ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី នៅថ្ងៃនេះថា កាលពីថ្ងៃទី៧ ខែមីនា វេលាម៉ោងជាង៥ល្ងាច ក្មេងទំនើង២នាក់ ឈ្មោះ រិន ចាន់តារ៉ា និងឈ្មោះ លឹម ហុងឡេង បានជិះម៉ូតូម៉ាក Mio តាមបណ្តោយផ្លូវទន្លេសាប ស្របនឹងជនបរទេសម្នាក់ដែលកំពុងជិះកង់ រួចធ្វើសកម្មភាពវាយក្បាលជនរងគ្រោះ និងបើកម៉ូតូរត់គេចខ្លួនបាត់។

ប៉ុន្តែលោក សុខសីហា អះអាងថា ក្រោយពីមានការចែករំលែកព័ត៌មានតាមបណ្តាញសង្គម ដោយឃើញសកម្មភាពជនសង្ស័យទាំងពីរនាក់ជិះម៉ូតូជាមួយគ្នា ដោយម្នាក់ឌុបនិងម្នាក់ទៀតជិះពីក្រោយវាយជនបរទេសបែបនេះ សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវតាមស្លាក​លេខម៉ូតូ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានកាលពីម្សិលមិញ។​

លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងបានបញ្ជូននិងអនុវត្តតាមបទបញ្ជារបស់ស្នងការ ដើម្បីព្រមានដល់ក្រុមក្មេងទំនើងមួយចំនួនទៀតដែលតែងតែបង្កបញ្ហាផ្សេងៗ ពេលខ្លះគ្រាន់តែជាការសុំទោសហើយរួចខ្លួន។ ករណីនេះ យើងធ្វើគ្រាន់តែជាការព្រមានមួយ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ដើម្បីឱ្យក្មេងមួយចំនួនឱ្យគាត់មើលទៅ ឬឱ្យមនុស្សមួយចំនួនគាត់ចូលរួមគោរពច្បាប់ផង កុំឱ្យគាត់ធ្វើអ្វីតាមការលេងសើច តាមការនឹកឃើញរបស់គាត់»។

ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនោះបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនបរទេសនោះនៅឡើយទេ។

ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី​ភ្នំពេញ លោក គុជ គឹមឡុង សុំមិនបំភ្លឺជុំវិញករណីនេះ ដោយលោកថាជាប់រវល់ប្រជុំ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ លោក ប៉ា ចាន់រឿន អះអាងថា តាមវីដេអូឃ្លីបដែលលោកទទួលបានតាមបណ្តាញសង្គម ក្មេងទាំងពីរនាក់នោះធ្វើឱ្យខុសផ្នែកសីលធម៌ច្រើនជាងចេតនាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

ករណីនេះ​ លោកជំរុញទៅអាជ្ញាធរធ្វើការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ និងយកទៅអប់រំ ជាជាងធ្វើការចោទប្រកាន់លើបទល្មើសព្រហ្មទណ្ឌ ខ្លាចប៉ះពាល់ដល់កិត្តិយសពួកគេ។

លោកមានប្រសាសន៍ដូច្នេះថា៖ «បើសិនជាគាត់មិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌពីមុនមកទេ កាលណាយើងដាក់ទោសគាត់ធ្ងន់ពេក ធ្វើឱ្យក្មេងខូចកេរ្តិ៍ឈ្មោះ ខូចអនាគត។ ជាទូទៅ នៅស្រុកគេ ក្មេងដែលប្រព្រឹត្តបទល្មើសអញ្ចឹង ច្រើនគេយកទៅអប់រំ ដាក់ទោសពិន័យតាមបែបសីលធម៌ ឱ្យធ្វើសកម្មភាពអ្វីមួយដើម្បីលុបលាងទោស ក្នុងន័យជាទណ្ឌកម្មផ្នែកសីលធម៌ ក្មេងហ្នឹងអាចដឹងខ្លួន អាចកែប្រែវិញ ជាជាងដាក់គុក ដោយសារតែរឿងប៉ុណ្ណឹង ខ្ញុំថាវាធ្ងន់ធ្ងរពេកសម្រាប់ពួកគាត់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ