មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​គាំ​​ទ្រ​នគរ​បាល​ជា​ស្រ្តី​ដែល​បំបៅ​ដោះ​​​កូន​ក្នុង​ពេល​ធ្វើ​ការ

មន្ត្រីនគរបាលផ្នែក​ចរាចរណ៍ អ្នកស្រី ស៊ីថុង សុខា ទទួលបានថវិការនិងសម្ភារលើកទឹកចិត្តពីថ្នាក់លើ ចំពោះសកម្មភាពបំបៅដោះកូនពេលកំពុងបំពេញការងារ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង – Police Commissariat Of Stung Treng)

មន្ត្រីជាន់​ខ្ពស់​ក្រសួងមហាផ្ទៃ ជំរុញ​​ឱ្យ​អាជ្ញាធរខេត្តស្ទឹងត្រែង រិះរកវិធីលើកទឹកចិត្តស្ត្រីនគរ​បាល​ម្នាក់​ដែលបំបៅដោះកូន​នៅពេលបំពេញបេសកកម្មតាមដងផ្លូវ ជាជាង​កោះហៅស្ត្រីរូបនោះទៅធ្វើកិច្ចសន្យា ក្រោមហេតុផលថាប៉ះពាល់កិត្តិយស​នគរបាលនិងស្ត្រីខ្មែរ។

ការស្នើនេះបានធ្វើឡើង​តាមរយៈលិខិត​មួយច្បាប់របស់​​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ​​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្សនៃក្រសួង​​មហាផ្ទៃ ផ្ញើជូនអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃពុធនេះ។

លិខិតនោះបានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងអធិការស្រុក​សៀមប៉ាង បាន​កោះហៅស្ត្រីនគរបាលផ្នែក​ចរាចរណ៍ម្នាក់ អ្នកស្រី ស៊ីថុង សុខា ដែលបំបៅដោះកូន​នៅតុការងារតាមផ្លូវ ដើម្បីទៅព្រមាននិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបំបៅដោះកូនបែបនេះទៀត។

លិខិតរបស់លោកស្រី ជូ ប៊ុនអេង បាន​បង្ហាញនូវ​ការ​​សោកស្ដាយដែលអធិការស្រុកសៀមប៉ាង បានធ្វើបែបនេះ ដោយមិនបានវែកញែកច្បាស់ពីកំហុសនិងគុណសម្បត្តិ។

លោកស្រីបន្តថា ក្នុងស្ថានភាពជាស្ត្រីដែលមានភារកិច្ចទទួលសុខត្រូវទ្វេដង​លើសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាពស្ថាប័នផង និងត្រូវ​ចិញ្ចឹមបីបាច់កូនផង បើទោះជាបុរស​ជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលដល់រូបគាត់​​ក្នុងការថែទាំក៏ដោយ។

លោកស្រីបន្ថែម​ថា៖ «លោកអធិការគួរតែសម្ដែងនូវការកោតសរសើរ លើកទឹកចិត្ត និងរិះរកមធ្យោបាយ ឱ្យមន្ត្រីស្ត្រីបែបនេះទទួលបាននូវការយកចិត្តទុកដាក់ និងឱ្យគាត់មានឱកាសគ្រប់គ្រាន់ថែទាំកូន ដូចម្ដាយលោកថែទាំលោកកាលពីនៅទារក និងភរិយាលោកថែទាំកូន​លោក​ដូចគ្នាដែរ។ គាត់មិនបានសម្តែងការបញ្ចេញភាពសិចស៊ី ដើម្បីថតបង្ហាញសាធារណជន ដើម្បីទាក់ទាញដូចអ្នករកស៊ីលក់ភាពសិចស៊ីដែលលោកត្រូវមានចំណាត់ការនោះទេ»។ 

លោកស្រី ជូ ប៊ុនអេង ក៏​បានស្នើ​ដល់​អភិបាលខេត្ត ស្នងការ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ពិនិត្យ​ករណីនេះ និងរិះរកវិធីលើកទឹកចិត្តដល់​ស្ត្រីនគរបាល​មានឋានៈជាអនុសេនីយ៍ទោរូប​នោះតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យមានការបាក់ទឹកចិត្ត ស្របពេលកម្ពុជាប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិខួបទី១១០នេះផងដែរ។

ពាក់ព័ន្ធនឹងស្រ្តីនគរបាល​ដែលបំបៅកូន ហើយ​រងនូវការស្តីបន្ទោសពីថ្នាក់លើនេះដែរ អ្នក​ប្រើប្រាស់បណ្តាញសង្គមក៏ផ្ទុះការរិះគន់យ៉ាង​ច្រើនទៅលើចំណាត់ការរបស់អធិការស្រុកដែលតម្រូវឱ្យ​គាត់ធ្វើកិច្ចសន្យា។

អធិការនគរបាលស្រុកសៀមប៉ាង លោក ជឹម អេន មានប្រសាសន៍ថា​​ ការដែលអាជ្ញាធរស្រុកតម្រូវឱ្យ​ស្ត្រីនគរបាលរូបនោះធ្វើកិច្ច​សន្យា គឺធ្វើឡើងគ្រាន់តែក្នុងន័យអប់រំឱ្យ​បំពេញការងារ​ឱ្យ​បានល្អប៉ុណ្ណោះ និងមិនមានការដាក់ពិន័យណាមួយឡើយ។

លោកបន្ត​​ថា​ ការបំបៅដោះកូនជា​កាតព្វកិច្ចរបស់ម្ដាយ ប៉ុន្តែការយករូប​បង្ហោះ​ក្នុងបណ្ដាញសង្គមក្នុងពេល​បំពេញ​ការ​ងារគឺ​តម្រូវ​ឱ្យការ​អនុញ្ញាតពីអង្គភាព។

លោកថា៖ «វាមិនមែនជាទណ្ឌកម្ម មិន​មែនជាអីទេ វាគ្រាន់​តែជាកិច្ចសន្យាផ្ទៃក្នុង ដើម្បីអប់រំពង្រឹងឱ្យរឹតតែបំពេញការងារល្អទៅទៀតអញ្ចឹង មិនមែនទៅកាត់ទោសរឿងបំបៅកូននោះទេ»។

ចំណែកស្នងការរង​នៃស្នងការដ្ឋាន​នគរបាលខេត្តស្ទឹងត្រែង ទទួលបន្ទុកផ្នែក​​ចរាចរណ៍ផ្លូវគោក លោក ហុង យូ មានប្រសាសន៍ថា ថ្នាក់​លើគ្រាន់តែចង់​ណែនាំស្ត្រីនគរបាលរូបនោះអំពីការបំបៅដោះកូន ដោយ​​គួររកកន្លែងណាដែលសមរម្យ និង​មិនសូវ​មានមនុស្សច្រើន​។

លោកបន្តថា ការបង្ហោះរូបភាពនេះមិនបានបង្ក​ឱ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាល​នោះទេ គ្រាន់តែកន្លែងដែលបំបៅដោះនោះ អាជ្ញាធរកំពុងរឹងបន្តឹងច្បាប់ចរាចរណ៍ ហើយលោកក៏មិនចង់ឱ្យប្រជាពលរដ្ឋគិតថាយកស្រ្តីកូនខ្ចីមកធ្វើការប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំក៏ប្រាប់គាត់ [ស្ត្រីនគរបាលបំបៅដោះកូន] ទៅ អូនហ្អា! កុំធ្វើអញ្ចឹង វាមិនល្អមើលទេ។ គាត់ថា ខ្ញុំខឹងប្ដីខ្ញុំ។ គាត់ផុសក្នុងបំណងថាឱ្យប្ដីមើលឃើញថា វាលំបាកអញ្ចឹងស្រ្តី»។

ស្របពេលដែលមានការស្នើ​ឱ្យមានការលើកទឹកចិត្តដល់ស្ត្រីនគរបាលរូបនោះ​ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ក៏បាន​ឧបត្ថម្ភថវិកាចំនួន ៥០០ ០០០រៀល រួមនឹងភេសជ្ជៈមួយចំនួនទៀតដល់​ស្ត្រីនគរបាលដែលជាអធិការរងស្រុក​សៀមប៉ាង ដែលបំបៅដោះកូន​ពេលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ។

វីអូឌី ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី​អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ម៉ាន ចិន្តា បានទេនៅថ្ងៃពុធនេះ។

ប៉ុន្តែក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ ក្រសួងកិច្ចការនារី បានចែករំលែកសារពីសារៈសំខាន់នៃការបំបៅដោះកូន ហើយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមបង្កើតបរិយាកាសសម្រាប់ស្រ្តីធ្វើកិច្ចការនេះ ដោយសារទឹកដោះម្តាយមានប្រយោជន៍ចំពោះការអភិវឌ្ឍរាងកាយ និងខួរក្បាលកុមារ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការបំបៅដោះ​កូន​គួរត្រូវបានលើកទឹកចិត្ត​ ស្របពេលដែលក្រសួងនិងស្ថាប័ន​ជាច្រើនបានធ្វើការផ្សព្វ​ផ្សាយ​ចង់ឱ្យពលរដ្ឋបំបៅកូនដោយទឹកដោះម្តាយតែមួយគត់។

មួយវិញទៀត លោកស្រីថា តាមច្បាប់និងទំនួលខុសត្រូវរបស់ស្ថាប័ន អង្គភាពទាំងឡាយគួរបង្កបរិយាកាសអំណោយផលដល់សហការី ជាពិសេសសម្រាប់​ស្ត្រីជាម្តាយ និង​គួរពិចារណារកកន្លែងសម្រាប់កុមារនៅស្ថាប័ន និងការអនុញ្ញាតឱ្យក្រុមការងារអាចយកកូនតូចៗមកកន្លែងធ្វើការជាមួយបាន។

លោកស្រី ចក់ សុភាព មានប្រសាសន៍ថា៖ «សារៈសំខាន់នៃមាតាដែលគាត់ត្រូវចិញ្ចឹមកូន ហើយការចិញ្ចឹមកូន បំបៅកូនក្នុងម៉ោងការងារនេះ គឺត្រូវបានគាំពារនៅក្នុងច្បាប់ទៀត អញ្ចឹងខ្ញុំមិនដឹងថាគាត់យកច្បាប់អីមកក្នុងការអះអាង»។

លោកស្រីបន្ថែម​ថា៖ «នៅពេលដែលស្រ្តីបំបៅកូន ហើយត្រូវបានថ្នាក់លើរបស់គាត់ថាជាទង្វើមិនសមរម្យ ហើយត្រូវធ្វើ​កិច្ចសន្យា ដោយអះអាងថានឹងមិនធ្វើទង្វើបែបនេះទៀត ខ្ញុំអត់យល់ថាតើអង្គភាពនោះគាត់កំពុងតែគិតយ៉ាងមិច‍»។

មន្ត្រីសិទ្ធិមនុស្ស​រូបនេះក៏បាន​ជំរុញ​មន្ត្រីពាក់ព័ន្ធ​ដែលបានដាក់បន្ទុកឱ្យស្ត្រីនគរបាលដែលបំបៅដោះកូន​​ធ្វើការសុំទោសនិងចុះកិច្ចសន្យានោះ​​ ត្រូវតែសុំទោសស្ត្រីរូប​នោះ​ជាសាធារណៈវិញ​ និងបង្ហាញពីវិធានការ​គាំពារស្ត្រី ដេីម្បីឆ្លេីយតបគោលដៅសមភាពយេនឌ័រដែលរដ្ឋាភិបាលបានដាក់ចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ