អាមេរិក​បង្ហាញ​កង្វល់​ពី​ការ​បន្ត​បាត់​បង់​ព្រៃឈើ​នៅ​កម្ពុជា​ ស្រប​ពេល​​សកម្ម​ជន​ត្រូវ​បាន​ហាម​មិន​​ឱ្យ​​​ចុះ​​ល្បាត

ក្រុម​សហគមន៍​ការពារ​ព្រៃឈើ ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​បាន​អ្នក​កាប់​ឈើ​កាប់​បំផ្លាញ នៅ​ខេត្តមណ្ឌលគិរី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ (ហេង វិចិត្រ​)

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា​​ បានបង្ហាញកង្វល់ពីការបន្តបាត់បង់ព្រៃឈើនៅកម្ពុជា ស្របពេលមាន​អង្គការសង្គមស៊ីវិល និងសកម្មជនព្រៃឈើមួយចំនួនត្រូវបានហាមឃាត់មិនឱ្យចុះល្បាត និង​ការធ្វើសកម្ម​ភាព​​ក្នុងតំបន់ព្រៃឡង់។

ការ​បង្ហាញក្តី​កង្វល់របស់​សហរដ្ឋអាមេរិកនេះ ធ្វើឡើង​ក្រោយពីលោក​ អ៊ូច​ ឡេង​ និង​​​សកម្ម​ជន​​ព្រៃ​ឈើចំនួន៤​នាក់ទៀត ​ត្រូវ​​បានឃាត់ខ្លួន ហើយបណ្តាញព្រៃឡង់ទាំង៤ខេត្ត រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន ត្រូវបានក្រសួងបរិស្ថានហាមឃាត់មិនឱ្យចុះល្បាតនិងធ្វើសកម្មភាពផ្សេងៗក្នុងតំបន់ការពារព្រៃឡង់ ក្រោមហេតុ​​ផល​ថា ធ្វើសកម្មភាពគ្មានច្បាប់អនុញ្ញាត។

ក្នុងសេចក្តីថ្លែងការណ៍មួយ​របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ស្តីពី «ដែនជម្រកសត្វព្រៃព្រៃឡង់» ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារ USAID បានផ្តល់ព័ត៌មានជាច្រើនទៅដល់​ក្រសួងបរិស្ថាន នូវព័ត៌មានទាក់ទងនឹងសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃឡង់។

សហរដ្ឋអាមេរិកបានលើកឡើងថា ការបន្តបាត់បង់ព្រៃឈើក្នុងតំបន់ព្រៃឡង់និងព្រៃឈើនៅ​ទូទាំងប្រទេសកម្ពុជា មាន​ការទាក់ទងនឹងកត្តាមួយចំនួនដែលរួមមាន ការពង្រឹង​ការ​អនុវត្តច្បាប់នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចពុំមានភាពច្បាស់លាស់។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង​នេះ អ្នក​ពាក់ព័ន្ធនៅថ្នាក់​អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និង​​ជាតិ ទូទាំងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ​ត្រូវតែដើរស្របគ្នាក្នុងការងារអភិរក្សតំបន់​ការពារ ដូចជាព្រៃឡង់»។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក​ បន្តទៀត​​ថា ទីភ្នាក់ងារ​ផ្តល់ជំនួយសហរដ្ឋអាមេរិក USAID បានធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ដោយ​ជំរុញឱ្យមានតម្លាភាពនិងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្មរបស់សហគមន៍ រួមទាំង​ផ្តល់ជម្រើសផ្សេងក្នុងការប្រកបរបរផ្គត់ផ្គង់ជីវភាព​រស់នៅជាដើម​។

សហរដ្ឋអាមេរិកបន្តថា ខ្លួននៅតែបន្តធ្វើការដោយផ្ទាល់ជាមួយ​បណ្តាញព្រៃឡង់និងក្រសួងបរិស្ថាន ក្នុងការគាំទ្រ​កិច្ចពិភាក្សា ដើម្បីឱ្យពួកគេអាចធ្វើការជាមួយគ្នាក្នុងគោលដៅការពារព្រៃឡង់រួមគ្នា។

បើតាមសេចក្តីថ្លែងការណ៍ ថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងប្រធាននៃទីភ្នាក់ងារផ្តល់ជំនួយ USAID របស់ស្ថាន​​ទូតសហរដ្ឋអាមេរិក ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការបាត់បង់ព្រៃឈើនិងការរឹតត្បិតមិនឱ្យប្រជាពលរដ្ឋកម្ពុជា​ចូលក្នុងតំបន់ការពារនេះផងដែរ​។

តាមរយៈសេចក្តីថ្លែងការណ៍នេះ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យរដ្ឋាភិបាលមានចំណាត់ការ ដើម្បីបញ្ឈប់ការ​កាប់ឈើខុសច្បាប់ និងអភិរក្សជីវសាស្រ្តចម្រុះដ៏ល្អនៅព្រៃឡង់ រួមទាំងនៅដែនជម្រកសត្វព្រៃ​​ដទៃទៀត។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៤នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួននិងបានបញ្ជូនទៅតុលាការ ក្រោយពីសកម្មជនទាំងនោះបានចូលព្រៃឡង់​ ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ។ ប៉ុន្តែតុលាការសម្រេចដោះលែង​ពួកគេវិញ ក្រោយពីធ្វើកិច្ចសន្យាឈប់ចូលឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់ដែលគ្មានការអនុញ្ញាតពីស្ថាប័នជំនាញ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ស្វាគមន៍ចំពោះការលើកឡើងនូវកង្វល់​របស់​សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងព្រៃឈើនៅកម្ពុជានេះ។​ លោកថា ក្រសួងបានខិតខំធ្វើកិច្ចការងារជាច្រើនក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកំពុងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិ ជាពិសេសនៅ​តំបន់ព្រៃឡង់នេះ។

លោក​បានបញ្ជាក់ទៀត​​ថា ក្រសួងកំពុងតែធ្វើកំណែទម្រង់លើកិច្ច​ការពារនិងការអភិរក្សធនធានធម្មជាតិ តាម​រយៈ​ការបង្កើនសមត្ថភាពមន្ត្រី បំពាក់ឧបករណ៍នានាពេលចុះល្បាត ពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ និង​កិច្ចការផ្សេងៗទៀត។

លោក នេត្រ ភក្ត្រា ថ្លែង​​ថា៖ «ទោះបីជាយើងមានបញ្ហាប្រឈមមួយចំនួន​ចំពោះមុខក្តី ប៉ុន្តែដោយសារតែមានការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍ការពារធម្មជាតិ និងការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍នានា យើងខ្ញុំអាចវាយតម្លៃបានថា នៅក្នុងរយៈពេល១០ឆ្នាំមកនេះ ស្ថានភាព​នៃការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា មានភាពប្រសើរឡើង។ ដោយកត់សម្គាល់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅសល់តែបទល្មើសទ្រង់ទ្រាយតូចៗ ហើយសត្វព្រៃមួយចំនួន​ក៏មានថេរ និងមួយចំនួន​ក៏មានកើនឡើង»

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះនៅតែអះអាងថា ក្រសួង​ស្វាគមន៍គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមល្បាត​​ព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ប៉ុន្តែស្នើឱ្យស្ថាប័នទាំង​នោះត្រូវតែមាន​ការទទួលស្គាល់ដោយច្បាប់។ លោកថា ចំពោះបណ្តាញព្រៃឡង់ដែលត្រូវបានហាមឃាត់មិនឱ្យចូលល្បាតក្នុងតំបន់ព្រៃឡង់នោះ គឺពុំមាន​​ចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ឡើយ។

បុគ្គលិកផ្នែកតស៊ូមតិនៃគម្រោងការពារព្រៃឈើ​របស់សមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មាន​ប្រសាសន៍ថា ការហាមមិនឱ្យសកម្មជនព្រៃឈើ ក៏ដូចជាបណ្តាញព្រៃឡង់ និងអង្គការសង្គមស៊ីវិលមួយចំនួនចុះល្បាតក្នុងតំបន់ព្រៃឡង់ គឺជាការបិទបាំងបទល្មើសនៅក្នុងតំបន់ការពារមួយនេះ។ លោកថា ប្រសិន​បើ​​ក្រសួងបរិស្ថាននៅតែបន្តរឹតត្បិតទៀតនោះ ព្រៃឡង់នឹងបន្តបាត់បង់យ៉ាង​ឆាប់​​​រហ័ស។

លោកបន្ថែមថា៖ «ដើម្បីអភិរក្សព្រៃឈើ​ឱ្យមានប្រសិទ្ធភាពបាន វាទាល់តែក្រសួងបរិស្ថានបើកចំហឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមយ៉ាងសកម្មក្នុងការងារទាំងអស់ហ្នឹង។ ការបើកចំហនេះទៀត វាធ្វើឱ្យប្រសិទ្ធភាពមន្ត្រីថ្នាក់​មូលដ្ឋានអាចធ្វើទៅបាននិងចំគោលដៅ ដោយសារមានការ​ជំរុញពីអង្គការសង្គមស៊ីវិល ដែលធ្វើឱ្យមន្ត្រីទាំងនោះមិនហ៊ានប្រព្រឹត្តអំពើពុករលួយជាមួយ​ជនល្មើសព្រៃឈើទេ»

នាយកប្រតិបត្តិអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការជំរុញតម្លាភាពសង្គមនិងចូលរួមការពារធ​នធា​នធម្មជាតិរបស់ប្រជាពលរដ្ឋ ជាសិទ្ធិមួយ​ធានា​ដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លោកថា បើសិន​ច្បាប់ទាំងឡាយណា​ដែលប្រឆាំងនឹងសិទ្ធិនេះ រដ្ឋាភិបាលគួរកែ​លម្អ​ឡើង​​វិញ ដើ​ម្បីកុំឱ្យការអនុវត្តច្បាប់​រំ​លោ​ភ​​លើច្បាប់កំពូលរបស់ជាតិ។

កាលពីចុងឆ្នាំ២០១៩ អាជ្ញាធរមូលដ្ឋាននិងក្រសួងបរិស្ថានបានហាមបណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត រួមមាន ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង មិនឱ្យចូលល្បាតក្នុងតំបន់ព្រៃឡង់ ដោយលើកឡើងថា បណ្តាញ​មួយ​នេះមិនបាន​ចុះបញ្ជី​ទទួលស្គាល់ពីក្រសួងពាក់ព័ន្ធតាមផ្លូវច្បាប់​។ ហើយកាលពីខែកុម្ភៈ ឆ្នាំ២០២១​នេះ អាជ្ញាធរមូលដ្ឋាន​ក៏បានហៅតំណាងបណ្តាញព្រៃឡង់ធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពផ្សេងៗជា​មួយ​​ក្រុមអង្គការសង្គមស៊ីវិល​នៅព្រៃមួយនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ