រដ្ឋា​ភិបាល​ឱ្យ​បន្ត​ការពារ​សិទ្ធិ​ស្រ្តី​ដើម្បី​ឱ្យ​ពួក​គេ​បាន​សម្រេច​ចិត្ត​គ្រប់​កម្រិត​រួម​ទាំង​វិស័យ​នយោ​បាយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ចូលរួមក្នុងពិធីទទួលជំនួយវ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម របស់ចិន មកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ បន្តការពារសិទ្ធិស្ត្រី ដើម្បីឱ្យពួកគេអាចសម្រេចចិត្តនៅគ្រប់កម្រិត រួមទាំងក្នុងវិស័យនយោបាយ ខណៈលោក​លើកឡើងថា ស្រ្តីមានចំនួនកាន់តែច្រើនបានក្លាយជាអ្នកដឹកនាំ។

តាមរយៈសារលិខិតអបអរខួបទី១១០ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ថា ជានិច្ចកាល រដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបង្កើនសមាមាត្រស្ត្រីក្នុងស្ថាប័នសាធារណៈ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែច្រើនឡើងក្នុងការដឹកនាំនិងធ្វើសេចក្តីសម្រេចចិត្ត ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យចំនួនស្ត្រីនៅក្នុងស្ថាប័ននីតិបញ្ញត្តិ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយអាណត្តិទៅ​មួយអាណត្តិ។

លោកបន្ត​​ថា ក្នុងស្ថាប័ននីតិប្រតិបត្តិ ​ស្ត្រីដែល​មានមុខតំណែងជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មានការកើនឡើង និង​ក្នុងវិស័យសាធារណៈ ចំនួនមន្ត្រីរាជការជាស្ត្រី ក៏បាន​កើនឡើង ៣២ភាគរយ នៅឆ្នាំ២០០៧ ដល់ ៤១ភាគរយ នៅឆ្នាំ២០២០ផង​ដែរ។

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅថ្នាក់ក្រោមជាតិ មានស្ត្រីជាអភិបាល​ខេត្ត ២រូប ស្ត្រី​ជាអភិបាល​ក្រុង-ស្រុក-ខណ្ឌ ៦​រូប និងស្ត្រីជាមេឃុំ-ចៅ​សង្កាត់​ កើនឡើងពី ៤២រូប នៅឆ្នាំ២០០២ ទៅ ១៣០រូប នៅឆ្នាំ២០១៧ ហើយថា ចាប់ពីឆ្នាំ២០០៦ ស្ត្រីក្នុងកងកម្លាំងបេសកកម្មរក្សាសន្តិភាពសហប្រជាជាតិ មានចំនួន ៣៨៧នាក់ ក្នុងចំណោ​ម​កងកម្លាំងសរុប ៧ ០៤០នាក់។

ករណីនេះ លោកគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព និង​​មិនទុកនរណាម្នាក់ឱ្យនៅឯកា រដ្ឋាភិបាលបានស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍​ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប រួមគ្នាផ្តោតការយកចិត្តទុកដាក់ទៅលើចំណុចអាទិភាព៧ចំណុច។

ចំណុចអាទិភាពទាំង៧នោះ រួមមានទាំងការ​​បន្តពង្រឹងវិសាលភាពនៃប្រព័ន្ធ​គ្រប់គ្រង​គាំពារសង្គម អភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ស្ត្រី និងកុមារី «បន្តធានា​ការការពារសិទ្ធិ ដោយស្មើភាពដល់​ស្ត្រី ដើម្បីឱ្យ​ស្រ្តី​អាចធ្វើសេចក្តីសម្រេចចិត្ត​គ្រប់កម្រិត ជួយដោះស្រាយរាល់ឧបសគ្គនានា ដែល​រើសអើងចំពោះស្ត្រី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចនៅក្នុងស្ថាប័នសាធារណៈ នៅគ្រប់កម្រិត និងក្នុងវិស័យនយោបាយ» ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ